ភ្នំពេញ៖ កុមារប្រុសស្រី២នាក់ ដែលជាបងប្អូនបង្កើត បានលង់ទឹកស្រះបណ្តាលឱ្យបាត់បង់ជីវិតទាំង២នាក់ បន្ទាប់ពីនាំគ្នាទៅលេងទឹកជាមួយក្មេងៗប្រមាណ៤ទៅ៥នាក់ផ្សេងទៀត នៅក្នុងស្រះទឹកមួយកន្លែងខាងក្រោយផ្ទះ ខណៈក្មេងៗដទៃទៀតបានរួចផុតពីគ្រោះថ្នាក់។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅភូមិអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបុរសម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញក្មេងៗមួយក្រុមមានគ្នាប្រមាណ៤ទៅ៥នាក់ ទាំងប្រុសទាំងស្រី នាំគ្នាទៅហែលទឹកលេងនៅក្នុងស្រះទឹកខាងក្រោយផ្ទះ តាំងពីវេលាម៉ោង២រសៀល។
ក្រោយមក មានក្មេងប្រុសម្នាក់ដែលបានទៅលេងទឹកជាមួយគ្នា បានរត់មកប្រាប់ថា មានកុមារប្រុសស្រី២នាក់ ដែលជាបងប្អូនបង្កើត បានលង់ទឹកស្រះ និងលិចបាត់ទៅក្រោម។ ភ្លាមៗនោះ អ្នកដែលនៅក្បែរកន្លែងកើតហេតុ រួមទាំងអ្នកភូមិ បានទាក់ទងទៅម្តាយកុមាររងគ្រោះ និងនាំគ្នាចុះរាវរកអស់រយៈពេលជាច្រើនម៉ោង ទើបរកឃើញកុមារទាំង២នាក់ និងស្រង់យកមកលើគោក ប៉ុន្តែជាអកុសល ពួកគេបានបាត់បង់ជីវិតទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសាកសព។ បន្ទាប់ពីពិនិត្យរួច មន្ត្រីជំនាញបានធ្វើកំណត់ហេតុប្រគល់សាកសពកុមាររងគ្រោះទាំង២នាក់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច