ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃសុក្រ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មានករណីគ្រោះអគ្គិភ័យមួយកើត ឡើងនៅចំណុចរោងចក្រផលិតកាបូប ហ៊ុង ហុីង មេធល មេនូហ្វេកធើរី ក្នុងភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរោងចក្រ ហ៊ុង ហ៊ីង មេធល មេនូហ្វេកធើរី (ខេមបូឌា) ឯ.ក ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះនៅវេលាម៉ោង ២ រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
តាមព័ត៌មានបឋម ហេតុការណ៍នេះមិនបណ្តាលឱ្យកម្មករនិយោជិតណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្ន ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងក្រុម សង្គ្រោះ កំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យ។
ក្នុងហេតុការណ៍អគ្គិភ័យនេះ បានការដឹកនាំបញ្ជាពីកងកម្លាំងនគរបាល ចូលរួមផ្ទាល់ដោយលោកឧត្ដម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងបានការជួយអន្ដរាគមន៍រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដ អធិការដ្ឋាននគរបាលក្រុងច្បារមន និងរថយន្ដរបស់កងរាជអាវុធហត្ថ ។
មូលហេតុនៃការឆាបឆេះក្លាយជាអគ្គិភ័យនេះ និងទំហំនៃការខូចខាតមិនទាន់អាចបញ្ជាក់បាននៅឡើយ កងកម្លាំងនគរបាលកំពុងតែជួយធ្វើអន្ដរាគមន៍នៅទីតាំងផ្ទាល់
ហេតុការណ៍ករណីឆេះរោងចក្រអគាររោងចក្រ ១ អគារ ក្នុងចំណោម ៣ អគារ ដែលមានទំហំ ៤០m x ៦០m របស់រោងចក្រ ហ៊ុង ហ៊ីង មេធល មេនូហ្វេកធើរី (ខេមបូឌា) ឯ.ក ស្ថិតនៅផ្លូវលេខ៤៤ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចជួយអន្ដរាគមន៍និងគ្រប់គ្រងស្ថានការណ៍ធានាសន្តិសុខបានល្អ មិនមានកម្មកររងរបួសទេ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច