ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ ដែលបាញ់សម្លាប់ប្រពន្ធ និងមិត្ដភក្ដិប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ នៅស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ ពីបទ៖ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនដៃដល់ ដែលបាញ់ប្រហារសម្លាប់ប្រពន្ធរបស់ខ្លួន និងមិត្ដភក្ដិរបស់ប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌ ត្រូវបានតំណាងអយ្យការអមសាលាដំបូង ខេត្ដបាត់ដំបង ចោទប្រកាន់ ពីបទ៖ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ថា ជនដៃដល់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ៖ «ឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត»។

យោងតាមរបាយការណ៍របស់ស្នងការខេត្ដបាត់ដំបង បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានបញ្ជូនជនដៃដល់ក្នុងករណីឃាតកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយបន្ទាប់ពីបានឃាត់ខ្លួនធ្វើការសាកសួរ និងរៀបចំសំណុំរឿងរួចរាល់។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៥៖០០ នាទីរសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ ដំបង មានករណីឃាត់កម្មបាញ់សម្លាប់បណ្ដាលឱ្យស្ត្រី ០២នាក់ បាត់បង់ជីវិតនៅនឹងកន្លែង រួមមាន ឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ (ត្រូវជាប្រពន្ធជនបង្ក) និងឈ្មោះ នេត ដានី ភេទ ស្រី អាយុ៣៥ឆ្នាំ (ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក) ពេលធ្វើសកម្មភាពរួចជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។

ទទួលបានព័ត៌មាននេះ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការន គរបាលជាតិ និងដឹកនាំបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអន្តរាគមន៍បង្ការ-បង្ក្រាបមាន នាយការិយាល័យក្នុងផែន ព្រមទាំងកម្លាំងនគរបាលទាំង១៤ក្រុង ស្រុក ចេញធ្វើសកម្មភាពភ្លាមៗរហូតឃាត់ខ្លួនជនបង្កបាននៅស្រុកកំរៀងខេត្តបាត់ដំបង នាវេលាម៉ោង ១៦និង ៤០ នាទីថ្ងៃដែល នោះគឺឈ្មោះ ឈុន ពៅ ហៅ អូន ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនគេពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរង គ្រោះទាំង០២នាក់ប្រាកដមែន ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌ រវាងប្រពន្ធខ្លួននិងបុរសម្នាក់ និងមានកំហឹង ជាមួយស្រ្តីជាមិត្តភក្តិប្រពន្ធផងក៏ (បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះរូបនេះ តែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែក បំបាក់គ្រួសារបន្ទាប់មកទើបបាញ់ប្រពន្ធខ្លួនជាក្រោយ) មុនពេលបើករថយន្តគេចខ្លួន ហើយចំពោះអាវុធខ្លីដែលធ្វើសកម្មភាពនេះ គេប្រាប់ថា បានទិញពីប្រទេសថៃយូរដែរហើយ ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន៖ អាវុធធខ្លី០១ដើម ម៉ាក SIG SAU ER P365 ពណ៌ខ្មៅ បង់ ០២ និងគ្រា ប់ ១៥គ្រាប់ ព្រមទាំងរថយន្ត ០១គ្រឿ ង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 2K-4545។

ការគិតខ្លីឈានដល់ការសម្លាប់ប្រពន្ធ និងអ្នកដទៃ គឺជាទង្វើដ៏សាហាវឃោរឃៅ និងជាការបំផ្លាញអ្វីៗគ្រប់យ៉ាងទាំងអស់ ដោយគ្មានផ្លូវត្រឡប់ក្រោយឡើយ។ ទង្វើនេះមិនត្រឹមតែបំផ្លាញជីវិតមនុស្សម្នាក់ ដែលធ្លាប់ជាដៃគូជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំផ្លាញអនាគតរបស់ខ្លួនឯង កូនចៅ គ្រួសារទាំងសងខាង និងសង្គមទាំងមូលផងដែរ។ ម្យ៉ាងទៀតអ្នកដទៃក៏រងគ្រោះដោយសារការគិតខ្លីនេះ៕

ដោយ ៖ សិលា


ចែករំលែក៖