ភ្នំពេញ៖ នៅរសៀលផថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Nellie Ghusayni ប្រធានបេសកកម្ម នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបពិភាក្សា លោក ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានថ្លែងអំណរគុណអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) សម្រាប់កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីអន្តោប្រវេសន៍ចំនួន ០៨ វគ្គ នាពេលកន្លងមកក្នុងឆ្នាំ២០២៦ ក្នុងនោះវគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់លើការត្រួតពិនិត្យឯកសារធ្វើដំណើរ ការគ្រប់គ្រងច្រកទ្វារអន្តោប្រវេសន៍ផ្អែកលើសិទ្ធិមនុស្ស និងយេនឌ័រ បច្ចេកទេសសម្ភាសន៍បែបស៊ើបអង្កេត និងការការពារពលករទេសន្តរប្រវេសន៍កម្ពុជាក្នុងពេលមានវិបត្តិនៅបរទេស ដោយទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោកស្រី ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ក៏បានថ្លែងអំណរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាផងដែរ ចំពោះការផ្តល់កិច្ចសហការល្អដោយផ្អែកលើគោលការណ៍មនុស្សធម៌ លើការពន្លឿនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសទេសន្តរប្រវេសន៍មិនប្រក្រតីមួយចំនួន ដែលខ្វះលទ្ធភាពវិលត្រឡប់ទៅប្រទេសខ្លួនវិញ។
លើសពីនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈម និងនិន្នាការថ្មីៗពាក់ព័ន្ធនឹងការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតីរបស់ពលរដ្ឋខ្មែរទៅបរទេស ដែលអាចប្រឈមនឹងការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់សាមីខ្លួន។
ជាលទ្ធផលនៃជំនួបពិភាក្សានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នឹងបន្តកិច្ចសហការលើការរៀបចំវគ្គបណ្តុះបណ្តាល និងការសម្របសម្រួលលើការធ្វើមាតុភូមិនិវត្តន៍ទាំងជនទេសន្តរប្រវេសន៍មិនប្រក្រតីនៅកម្ពុជា និងពលរដ្ឋខ្មែរនៅបរទេស៕

ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច