អាជ្ញាធរអយ្យការបារាំងបានបើកការស៊ើបអង្កេតចំនួនពីរករណី ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងការប្រកួតពានរង្វាន់ UEFA Europa League កាលពីថ្ងៃព្រហស្បតិ៍ រវាងក្រុម Marseille របស់បារាំង និង Levski Sofia របស់ប៊ុលហ្គារី បន្ទាប់ពីអ្នកគាំទ្រប៊ុលហ្គារីចំនួន ៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
យោងតាមការិយាល័យអយ្យការក្រុង Marseille កាលពីថ្ងៃសុក្រ ការស៊ើបអង្កេតមួយផ្តោតលើបទល្មើសហិង្សាដែលមានស្ថានទម្ងន់ទោស ដោយសង្ស័យថាបង្កឡើងដោយអ្នកគាំទ្រ Marseille ខណៈការស៊ើបអង្កេតមួយទៀតពាក់ព័ន្ធនឹងការញុះញង់ឱ្យមានការស្អប់ខ្ពើម តាមរយៈការធ្វើកាយវិការលើកដៃបែបណាស៊ី និងសកម្មភាពបង្កហេតុផ្សេងៗរបស់អ្នកគាំទ្រប៊ុលហ្គារី។
អំពើហិង្សានេះ រួមទាំងការប៉ះទង្គិចគ្នានៅការប្រកួត Europa League មួយផ្សេងទៀតក្នុងប្រទេសហ្សកហ្ស៊ី បានទទួលការថ្កោលទោសពីប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev។
រូបថតរបស់អ្នកសារព័ត៌មាន Reuters ពីកីឡដ្ឋាន Stade Velodrome បានបង្ហាញពីអ្នកគាំទ្រមួយចំនួនពាក់ម៉ាស់ និងប្រឡាក់ឈាម ដោយកាន់អាវុធកែច្នៃ និងបំពង់ដែកក្នុងពេលប្រយុទ្ធគ្នា។
អ្នកថតរូបរបស់ Reuters បានឱ្យដឹងថា ការប៉ះទង្គិចបានចាប់ផ្តើម បន្ទាប់ពីអ្នកគាំទ្រក្រុមភ្ញៀវម្នាក់ធ្វើកាយវិការលើកដៃបែបណាស៊ី។ ប៉ុន្តែ ក្លិប Levski Sofia បានអះអាងថា អ្នកគាំទ្ររបស់ខ្លួនត្រូវបានអ្នកគាំទ្រ Marseille វាយប្រហារមុនទៅវិញ។
ការិយាល័យអយ្យការក្រុង Marseille បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា៖ «បច្ចុប្បន្ន រូបភាពពីកាមេរ៉ាសុវត្ថិភាព (CCTV) កំពុងត្រូវបានវិភាគ»។
ជាមួយគ្នានេះ ការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅការប្រកួត Europa League មួយផ្សេងទៀត ក្នុងទីក្រុង Batumi ប្រទេសហ្សកហ្ស៊ី រវាងក្រុម Besiktas របស់តួកគី និង Hapoel Be’er Sheva របស់អ៊ីស្រាអែល ដែលបង្ខំឱ្យអាជ្ញាកណ្តាលផ្អាកការប្រកួតរយៈពេល ៣០នាទី។
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនបានតែងតាំងអធិការផ្នែកក្រមសីលធម៌ និងវិន័យ ដើម្បីស៊ើបអង្កេតហេតុការណ៍ទាំងនេះ និងពិនិត្យមើលភស្តុតាងដែលមាន។
លោក Rumen Radev បានឱ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយលោក Macron ហើយមេដឹកនាំទាំងពីរបានថ្កោលទោសអំពើហិង្សាក្នុងការប្រកួតរវាង Marseille និង Levski Sofia ដែលតាមការបញ្ជាក់របស់ប៉ូលិស Marseille អ្នកគាំទ្រប៊ុលហ្គារីចំនួន ១១នាក់បានរងរបួស។
លោក Radev បានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «យើងមានជំហររួមថា ការឈ្លានពាន និងអំពើហិង្សា មិនគួរមានកន្លែងនៅក្នុងទ្វីបអឺរ៉ុបដែលមានអរិយធម៌នោះទេ»។
លោកក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតី Macron ចំពោះការយកចិត្តទុកដាក់ផ្ទាល់ខ្លួនលើករណីនេះ ការផ្តល់សេវាព្យាបាលដល់អ្នករងរបួសដោយអាជ្ញាធរបារាំង ការចាត់វិធានការធានាសុវត្ថិភាពដល់ពលរដ្ឋប៊ុលហ្គារី និងការធានាឱ្យជនប្រព្រឹត្តបទល្មើសទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។
ចំណែកលោក Macron បានមានប្រសាសន៍ថា លោកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលសំដៅលើអ្នកគាំទ្រប៊ុលហ្គារី ដោយបញ្ជាក់ថា អំពើទាំងនេះមិនគួរមានកន្លែងនៅក្នុងវិស័យកីឡា ឬទីសាធារណៈឡើយ។ លោកបានប្រាប់លោក Radev ថា ជនប្រព្រឹត្តនឹងមិនអាចគេចផុតពីការទទួលខុសត្រូវបានទេ។
ទន្ទឹមនឹងនេះ ការធ្វើបាតុកម្មមួយត្រូវបានគ្រោងរៀបចំឡើងនៅមុខស្ថានទូតបារាំងក្នុងទីក្រុង Sofia នៅល្ងាចថ្ងៃសុក្រ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Laurent Nunez បានថ្លែងថា៖ «អំពើហិង្សា ការស្អប់ខ្ពើមជាតិសាសន៍ និងការបង្កហេតុ មិនគួរមានកន្លែងនៅក្នុងកីឡដ្ឋានរបស់យើងឡើយ»។
ដំបង និងគ្រាប់ភ្លើងបង្កការប៉ះទង្គិចក្នុងកីឡដ្ឋាន
ក្លិប Levski Sofia ដែលបានចាញ់ការប្រកួតក្នុងលទ្ធផល ០-១ បានឱ្យដឹងថា អ្នកគាំទ្រដែលពាក់ម៉ាស់បានប្រើដំបង និងគ្រាប់ភ្លើងបាញ់ (Flares) វាយប្រហារអ្នកគាំទ្ររបស់ខ្លួន។ អ្នកគាំទ្រមួយចំនួនបានបាញ់គ្រាប់ភ្លើង និងព្យាយាមឆ្លងកាត់របាំងការពារ ខណៈបុគ្គលិកសន្តិសុខកំពុងព្យាយាមទប់ស្កាត់។
រូបថតរបស់ Reuters បានបង្ហាញអ្នកគាំទ្រទាំងសងខាងវាយប្រហារគ្នាតាមរយៈរបងសំណាញ់ ដែលបែងចែកតំបន់អង្គុយរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន។
មុនការប្រកួត អាជ្ញាធរបារាំងបានកាត់បន្ថយយ៉ាងខ្លាំងនូវចំនួនសំបុត្រដែលអនុញ្ញាតឱ្យអ្នកគាំទ្រ Levski Sofia ទិញ ព្រមទាំងរឹតត្បិតចលនារបស់ពួកគេនៅជុំវិញកីឡដ្ឋាន ដើម្បីពង្រឹងវិធានការសន្តិសុខ។
ក្រសួងការបរទេសប៊ុលហ្គារីបានប្រកាសថា ខ្លួននឹងស្នើឱ្យមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើហេតុការណ៍នេះ។ ចំណែកក្លិប Marseille បានបញ្ជាក់ថា ខ្លួននឹងធ្វើការវិភាគផ្ទាល់ខ្លួន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរអនុវត្តច្បាប់។
ចំពោះការប្រកួតរវាង Besiktas និង Hapoel Be’er Sheva វិញ ត្រូវបានផ្លាស់ប្តូរទីតាំងពីទីក្រុង Istanbul ទៅកាន់ប្រទេសហ្សកហ្ស៊ី ដោយ UEFA បានបញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយសារហេតុផលសុវត្ថិភាព និងសន្តិសុខ។
ការប៉ះទង្គិចគ្នានៅតំបន់អង្គុយរបស់អ្នកគាំទ្រ បានបង្ខំឱ្យអាជ្ញាកណ្តាល Morten Krogh ផ្អាកការប្រកួតនៅនាទីទី២៦ ហើយការប្រកួតត្រូវបានបន្តឡើងវិញ បន្ទាប់ពីពន្យារពេលអស់ ៣០នាទី។
ប៉ូលិសបានចូលទៅក្នុងតំបន់អង្គុយរបស់អ្នកគាំទ្រ ខណៈរូបភាពតាមទូរទស្សន៍បានបង្ហាញពីអ្នកគាំទ្រម្នាក់ត្រូវបានដឹកចេញពីកីឡដ្ឋានដោយប្រើរទេះសង្គ្រោះបន្ទាន់។
សារព័ត៌មាន NTV របស់តួកគីបានរាយការណ៍ថា ប៉ូលិសបានប្រើប្រាស់សារធាតុបាញ់បង្ហូរទឹកភ្នែក (Pepper Spray)។ ក្លិប Besiktas បានថ្កោលទោសអ្វីដែលខ្លួនហៅថា «ការប្រើប្រាស់កម្លាំងហួសហេតុ» របស់ក្រុមសន្តិសុខ ព្រមទាំងអះអាងថា អ្នកគាំទ្រមួយចំនួនត្រូវបានរារាំងមិនឱ្យចូលកីឡដ្ឋាន។
ទោះជាយ៉ាងណា Besiktas នៅតែអាចយកឈ្នះក្នុងការប្រកួតនេះ ដោយលទ្ធផល ២-១។
ជាចុងក្រោយ ប្រធានសហព័ន្ធបាល់ទាត់តួកគី លោក Ibrahim Haciosmanoglu បានការពារគោលនយោបាយរបស់ប្រទេសតួកគី ដែលមិនអនុញ្ញាតឱ្យក្លិបបាល់ទាត់អ៊ីស្រាអែលធ្វើជាម្ចាស់ផ្ទះប្រកួតក្នុងប្រទេសខ្លួន។ គោលនយោបាយនេះត្រូវបានដាក់ចេញ បន្ទាប់ពីអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ដោយ៖ ភារៈ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច