ព័ត៌មានទាន់ហេតុការណ៍៖

ចាប់អ្នកទាក់លលកយកទៅអប់រំផ្អើលពេញហ្វេសប៊ុក

ចែករំលែក៖

ខេត្តតាកែវ៖ រូបភាពបុរសម្នាក់ជាអ្នកទាក់លលក ត្រូវបានចែកចាយបន្តគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមានការរិះគន់ជាច្រើនទៅលើអាជ្ញាធរមានសមត្ថកិច្ច ដោយលើកឡើងថា បទល្មើសទ្រង់ទ្រាយធំជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសត្វ មិនត្រូវបានបង្ក្រាប ឬផ្តន្ទាទោសនោះឡើយ ។ ប៉ុន្តែគ្រាន់តែគ្នាទាក់លលកក៏ត្រូវចាប់យកមកអប់រំណែនាំដែរ ។ គេចាត់ទុកថា ទង្វើនៃការ«ចាប់» អ្នកទាក់លលករូបនេះ ជារឿងដែលហួសហេតុបំផុត ។

ហេតុការណ៍ចាប់អ្នកទាក់លលកបានកើតឡើងនៅឃុំចំបី ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបុរសម្នាក់ ឈ្មោះ រស់ សិលា អាយុ២៤ឆ្នាំ ។ ប្រភពបានឲ្យដឹងថា យុវជនខាងលើនេះត្រូវបាននគរបាលប៉ុស្តិ៍ចំបី ចាប់ខ្លួនតាមសំណើរបស់មន្ត្រីរដ្ឋបាលព្រៃឈើដែលប្រចាំការនៅតំបន់ភ្នំតាម៉ៅនោះ ។ យ៉ាងណាក៏ដោយ បុរសអ្នកទាក់លលក ត្រូវបានអប់រំ ហើយបានដោះលែងឲ្យត្រឡប់ទៅគេហដ្ឋានវិញហើយ ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឯណេះវិញ លោក ហេង សូរិយា បាននិយាយថា រឿងទាក់លលកមិនមែនទើបតែកើតឡើងនៅសម័យនេះទេ ។ អក្សរសិល្ប៍ប្រជាប្រិយខ្មែរ ក៏មានរឿងចៅសង្គមបាញ់លលក ដូចគ្នានឹងយុវជនខាងលើនេះដែរ ។ ជីវភាពអ្នកទាក់លលក មិនមានឡានទំនើបជិះដូចអ្នករកស៊ីជួញដូរសត្វព្រៃ ឬកាប់បំផ្លាញព្រៃឈើនោះឡើយ ។ អ្នកឯទៀតនៅក្នុងបណ្តាញសង្គមបានចោទជាសំណួរថា តើបញ្ជូនទៅសាលាដំបូងដើម្បីកាត់ទោសដែរឬទេ? បើបញ្ជូនទៅ ដាក់គុកឲ្យយូរ កុំឲ្យចេញមកទាក់លលកទៀត? អ្នកខ្លះបានលើកឡើងចំៗថា បទល្មើសធំៗ មិនបង្ក្រាបនោះទេ ប៉ុន្តែបែរជាបង្ក្រាបអ្នករកស៊ីតូចតាចសូម្បីតែទាក់លលក ។

ក្នុងរឿងស្រដៀងគ្នានេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះរូបលោកតាលក់ចម្ពាមកៅស៊ូ ដែលត្រូវសមត្ថកិច្ចឃាត់អប់រំក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុកកន្លងមក ។ អ្នកលេងហ្វេសប៊ុកចំអកថា កាំភ្លើង ឬក៏ដៅសាំម៉ូរ៉ៃ កំពុងលក់ ចរាចរណ៍ពេញផ្ទៃប្រទេស ប៉ុន្តែមិនឃើញមានការបង្ក្រាបឲ្យបានម៉ត់ចត់នោះទេ ។

ករណីទាំងពីរនេះ វាជារឿងតូចតាច ប៉ុន្តែវាស្តែងឲ្យឃើញនូវផលរមាស់ ធ្វើឲ្យប្រជាពលរដ្ឋរកាំចិត្ត ។ រកាំចិត្ត ក៏ព្រោះតែគេនាំគ្នានិយាយថា «ពុទ្ធោ! គ្រាន់តែទាក់លលក ក៏ចាប់ដែរ» ៕ ហេង នរិន្ទ្រន៍

ewq

as-1 as


ចែករំលែក៖