ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ីលឡារី គ្លីនតុនត្រូវ«ហែកឃើរ»លួចសន្លឹកឆ្នោតនៅរដ្ឋសំខាន់ៗ៣ទើបចាញ់ដូណាល់ ត្រាំ?

ចែករំលែក៖

ទស្សនាវដ្តី New York កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានផ្សាយថា ក្រុមអ្នក វិទ្យាសាស្ត្រកុំព្យូទ័រ និងមេធាវីស្តីពីការបោះ ឆ្នោតដ៏ល្បីល្បាញបានជំរុញឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ស្នើឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋចំនួន៣ដែលជារដ្ឋយុទ្ធ សាស្ត្រដែល លោកត្រាំ ទទួលជ័យជម្នះ។

ក្រុមអ្នកឯកទេសល្បីល្បាញដែលមាន មេធាវីស្តីពីសិទ្ធិបោះឆ្នោតលោក John Bonifaz និងអគ្គនាយកមជ្ឈមណ្ឌលមហាវិទ្យាល័យ Michigan ទទួលបន្ទុកសន្តិសុខលើបណ្តាញកុំព្យូទ័រ និងសង្គមបានបញ្ជាក់ ថា បានរកឃើញភស្តុតាងដែលគួរឲ្យទុក ចិត្តពីលទ្ធផលបោះឆ្នោតនៅរដ្ឋ Wisconsin , Michigan និង Pennsylvania មានភាព មិនប្រក្រតីអាចត្រូវហែកឃើរវាយប្រហារលួចសន្លឹកឆ្នោតឈ្មោះលោកស្រី គ្លីនតុន។

មកទល់ពេលនេះ ក្រុមខាងលើមិន ទាន់បានលាតត្រដាងជាសាធារណៈពីការរកឃើញរបស់ខ្លួននៅឡើយទេ។ កាលពីសប្តាហ៍កន្លងមកក្រុមអ្នកឯកទេសបានស្នើដល់លោក John Podesta ប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី គ្លីនតុន ឲ្យសើរើឡើងវិញនៅរដ្ឋទាំង៣ ខាងលើ។

តាមប្រភពព័ត៌មានក្រុមស្រាវជ្រាវខាង លើបានរកឃើញថា នៅក្នុងរដ្ឋWisconsin លោកស្រី គ្លីនតុន ទទួលសំឡេងគាំទ្រ តិចជាង ៧ភាគរយ នៅតាមការិយាល័យដែលបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។ នៅក្នុងរដ្ឋនេះមាន ១០អាសនៈដោយ លទ្ធផលលោកត្រាំទទួលបាន ៤៧,៩ ភាគរយស្មើ ១.៤០៩.៤៦៧ សន្លឹកឆ្នោត។ ចំណែកលោកស្រី ហ៊ីលឡារី គ្លីនតុន វិញទទួលបាន ៤៦,៩ភាគរយស្មើ ១.៣៨២.២១០សន្លឹកឆ្នោត។ ដូច្នេះ ប្រសិនបើសន្លឹកឆ្នោតរបស់លោកស្រី ទទួលបានគ្រប់គ្រាន់បន្ថែម ៧ភាគរយ ទៀតគឺឈ្នះដាច់ លោកត្រាំ បាន១០ អាសនៈក្នុងរដ្ឋនេះ។

ចំណែកនៅក្នុងរដ្ឋ Michigan មាន១៦ អាសនៈក្នុងនោះលោក ដូណាល់ ត្រាំ ទទួល បាន ៤៧,៦ភាគរយស្មើ ២.២៧៩.៨០៥ សន្លឹក ចំណែកលោកស្រី គ្លីនតុន ទទួល បាន ៤៧,៣ ភាគរយ ស្មើ ២.២៦៨.១៩៣ សន្លឹក។ ដោយឡែកនៅក្នុងរដ្ឋ Pennsylvania មាន ២០អាសនៈ ក្នុងនោះលោកត្រាំ ទទួលបាន ៤៨,៨ភាគរយ ស្មើ ២.៩១២.៩៤១ សន្លឹកឆ្នោត។ ចំណែក លោកស្រី គ្លីនតុន វិញទទួលបាន ៤៧,៦ភាគរយ ស្មើ ២.៨៤៤.៧០៥សន្លឹកឆ្នោតគាំទ្រ។

ក្រុមសកម្មជនខាងលើបានលើក ឡើងពឹងផ្អែកទៅលើភស្តុតាងនៃការវាយ ប្រហារតាមបណ្តាញហែកឃើរ។ ដូច្នេះចាំបាច់ត្រូវតែមានការស្រាវជ្រាវដោយឯក រាជ្យក្នុងពេលដែលសេតវិមានបានចោទប្រកាន់ដោយបើកចំហទៅលើរដ្ឋាភិបាល រុស្ស៊ីវាយប្រហារលើប្រព័ន្ធគណៈកម្មាធិការ ប្រជាធិបតេយ្យជាតិ។

តាមលទ្ធផលបោះឆ្នោតមកទល់ពេល នេះលោក ដូណាល់ ត្រាំ ទទួលបាន ២៩០ អាសនៈ។ ចំណែកលោកស្រី គ្លីនតុន វិញ ទទួលបាន ២៣២អាសនៈ ហើយនៅ សល់រដ្ឋមួយទៀតគឺMichigan មាន១៦ អាសនៈមិនទាន់បែងចែកចាញ់ឈ្នះដោយលទ្ធផលប្រកៀកប្រកិតគ្នា ។

នៅពេលនេះយុទ្ធនាការរបស់លោកស្រីគ្លីនតុនជិតអស់ពេលវេលាហើយក្នុងការតវ៉ាពីលទ្ធផលបោះឆ្នោតតាមអ្នកឯក ទេសពេលចុងក្រោយសម្រាប់រដ្ឋ Wisconsin ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា។ នៅរដ្ឋPennsylvania គឺថ្ងៃទី២៨ ខែវិច្ឆិកា និងនៅរដ្ឋMichigan គឺថ្ងៃទី១ ខែធ្នូ។ ប្រសិន បើមិនមានការតវ៉ាឲ្យទាន់ពេលកំណត់នោះទេ លទ្ធផលខាងលើនឹងក្លាយជា លទ្ធផលផ្លូវការ។

ប្រសិនបើលោកស្រី គ្លីនតុន រកឃើញ ថា ពិតជាមានហែកឃើរលួចពិតមែននៅ ក្នុងរដ្ឋទាំង៣ខាងលើរួមទាំងរដ្ឋ Michigan មិនទាន់បែងចែកអាសនៈនោះ លោកស្រី គ្លីន តុននឹងឈ្នះ លោកត្រាំវិញជាមិនខាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នាពេលនេះ គឺតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ៦រូបហើយដែលបានប្រកាសមិនបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេ រិកចុងក្រោយបង្អស់នៅក្នុងសភា។ នៅ ពេលនោះ ប្រសិនបើតំណាងរាស្ត្រមកពី គណបក្សសាធារណរដ្ឋច្រើនរូប«ក្បត់»នោះ លោកត្រាំ នឹងមិនអាចក្លាយជាប្រធា នាធិបតីនោះឡើយ។

កន្លងមកគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ លោក ដូណាល់ ត្រាំថា បានអនុញ្ញាតឲ្យក្រុមហែកឃើររបស់រុស្ស៊ីចូលលុកលុយនៅអាមេរិកក្នុងការស្វែងរកអុីម៉ែលរបស់លោកស្រី គ្លីនតុន។ ក្រៅពីនេះគណបក្សប្រជាធិតេយ្យក៏ធ្លាប់បាន ចោទប្រកាន់ថា រុស្ស៊ីអាចនឹងវាយប្រហារនៅក្នុងការបោះឆ្នោតរបស់អាមេរិក ដោយ រុស្ស៊ីចង់ឲ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតធ្វើឲ្យទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ប្រសើរឡើងវិញ។

ក្រុមអ្នកឯកទេសវិភាគបានលើក ឡើងថា ប្រសិនបើរុស្ស៊ីពិតជាបានលូកដៃចូលក្នុងការបោះឆ្នោតអាមេរិកហើយ កែប្រែលទ្ធផលបោះឆ្នោតបានដោយ អាមេរិកមិនដឹងខ្លួននោះអាមេរិកនឹង ប្រឈមនូវមហន្តរាយជាមិនខាន ដោយ មេដឹកនាំអាមេរិកក្រោយៗទៀតត្រូវតែ យកចិត្តរុស្ស៊ីបើចង់ឈ្នះទាំងនោះហើយ ដែលរុស្ស៊ីអាចគ្រប់គ្រងអាមេរិកបាន៕ ម៉ែវ សាធី

clinton-rigged-election-russian-hackers


ចែករំលែក៖