ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីមចុះជួបសំណេះសំណាល សួរសុខទុក្ខអតីតយុទ្ធជនលើតំបន់អតីតសមរភូមិប្រយុទ្ធ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានថ្លែងថា តំបន់អតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាវ រវាងខ្មែរ និងខ្មែរនាទស្សវត្សរ៍ឆ្នាំ៨០ រហូតដល់ចុងទស្សវត្សរ៍ឆ្នាំ៩០ ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ បាននិងកំពុងប្រែមុខមាត់ថ្មី និងមានការអភិវឌ្ឍរីកចម្រើនគួរសម្គាល់។

ក្នុងដំណើរចុះជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនលើតំបន់អតីតសមរភូមិប្រយុទ្ធខាងលើនេះ នាពេលថ្មីៗនេះ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ការបញ្ចប់សង្រ្គាម និងនាំមកនូវការអភិវឌ្ឍរីកចម្រើននាពេលបច្ចុប្បន្ន គឺមានការចូលរួមចំណែកយ៉ាងធំធេងពីអតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ គន់ គីម បានបន្តថា ដើម្បីទប់ទល់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ដែលជារបបដ៏ឃោរឃៅនោះអតីតយុទ្ធជន បានប្រឹងប្រែងតស៊ូអស់កម្លាំងកាយចិត្ត លូនក្រាបគ្រប់សមរភូមិ និងឆ្លងកាត់ការលំបាកសព្វបែបយ៉ាងប្រយុទ្ធរារាំងចលនា របស់កងកម្លាំងខ្មែរក្រហមតស៊ូនៅក្នុងព្រៃ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះ «បច្ចុប្បន្នអតីតសមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងខ្មែរ និងខ្មែរគ្នាឯង តំបន់ដែលហ៊ុមព័ទ្ធទៅដោយព្រៃស្រោង តំបន់គ្មានផ្លូវដើរនេះ បាននិងកំពុងអភិវឌ្ឍន៍រីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបរបរចិញ្ចឹមជីវិតយ៉ាងកកកុញ។ ភាពរីកចម្រើន និងសម្បូរសប្បាយទាំងនេះ ដោយសារតែការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយក៏មានការចូលរួមចំណែកយ៉ាងធំធេងផងដែរ ពីបងប្អូនអតីតយុទ្ធជនរបស់យើង។ បងប្អូនអតីតយុទ្ធជនបានឈរជើងការពារនៅតំបន់នេះ យ៉ាងរឹងម៉ំាជាទីបំផុត ទប់ទុលមិនឲ្យកងទ័ពខ្មែរក្រហមត្រឡប់មកវិញ បើមិនដូច្នោះទេ យើងមិនរស់នៅបានសុខស្រួល និងមានឱកាសអភិវឌ្ឍន៍ដូចបច្ចុប្បន្ននេះឡើយ»។

នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ដើម្បីតបស្នងគុណបំណាច់ និងពលីកម្មរបស់អតីតយុទ្ធជននេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងបាននឹករលឹក និងគិតគូរជានិច្ចទៅលើសុខទុក្ខ និង ការរស់នៅរបស់អតីតយុទ្ធជន ហើយចាត់រូបលោកឲ្យចុះជាប់ជាប្រចាំ និងទៅដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន។

នាយឧត្តមសេនីយ៍ថា ការចុះជាប់ជាប្រចាំធ្វើឲ្យរូបលោកក្តាប់បាននូវស្ថានភាពពិត នៃការរស់នៅរបស់អតីតយុទ្ធជន ក៏ដូចជាបញ្ហាកំពុង ជួបប្រទះ និងប្រឈម ហើយក៏បានឆ្លើយតបដោះស្រាយ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

រាល់ពេលចុះជួបជាមួយអតីតយុទ្ធជននេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏តែងបានដាស់តឿន ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ឲ្យបានខ្ពស់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ហើយក៏ត្រូវដោះស្រាយបញ្ហាជូនពួកគាត់ ឲ្យបានទាន់ពេលវេលាផងដែរ ៕

as-3 as as-1 as-2


ចែករំលែក៖