ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាអនុញ្ញាតឱ្យលោកស្រី ម៉ារៀ សាហ្គ្រេនឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពស៊ុយអែតចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០នាទី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ម៉ារៀ សាហ្គ្រេន (HE. Ms. Maria Sargren) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស ស៊ុយអែត ទើបតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ។

កម្ពុជា និងស៊ុយអ៊ែត មានទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរមានចាប់តាំងពីដើមទសវត្ស ឆ្នាំ១៩៦០មកម្ល៉េះ ហើយទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។

ជាការពិតណាស់ ស៊ុយអែត ជាប្រទេសមួយដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងជួយគាំទ្រយ៉ាងខ្លាំងដល់កម្ពុជា ជាពិសេសបន្ទាប់ពីការដួលរំលំ របបប្រល័យពូជសាសន៍ខ្មែរក្រហមនាថ្ងៃ ៧ មករា ១៩៧៩ ក្នុងការរួមចំណែកស្វែងរកសន្តិភាព និងជួយអភិវឌ្ឍកម្ពុជា រហូតដល់បច្ចុប្បន្ន។

ជំនួយគាំទ្រនិងការរួមវិភាគទានដ៏មានតម្លៃ របស់ប្រទេសស៊ុយអែត បានចូល រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស លើវិស័យ អប់រំ ការលើកកម្ពស់សិទ្ធិ ការការពារបរិស្ថាន និងប្រែប្រួលអាកាសធាតុ គាំទ្រដំណើរការសាលាក្តីខ្មែរក្រហម និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ។

រដ្ឋសភាកម្ពុជា សូមគាំទ្រនិងផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីអោយ បេសកកម្មការទូតរបស់ លោកជំទាវឯកអគ្គរដ្ឋទូត នៅកម្ពុជាទទួលបានជោគជ័យ ព្រមទាំងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ កម្ពុជា-ស៊ុយអ៊ែត ឲ្យកាន់តែរឹងមាំទ្វេដងថែមទៀត ៕

3 1 2


ចែករំលែក៖