ភ្នំពេញ៖ បញ្ហាគ្រឿងស្រវឹង ពិតជានាំមកនូវផលវិបាកជាអវិជ្ជមាន ច្រើនណាស់ ដល់ផលប្រយោជន៍បុគ្គល សាធារណជន និងសង្គមជាតិ ជាពិសេសគ្រោះថ្នាក់ចរាចរ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស ខូតខាតទ្រព្យសម្បត្តិ អំពើហិង្សានានា លើស្រ្តីនិងកុមារផងដែរ ។
ស្ថិតនៅក្នុងសិក្ខាសាលាស្តីពីស្រ្តីនិងគ្រឿងស្រវឹង កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារអ៊ីនធើកុងទីណង់តាល់ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា គ្រឿងស្រវឹងភាគច្រើនត្រូវបានប្រើប្រាស់នៅពេលជួបមិត្តភក្តិ ជួបជុំគ្នា ពេលជប់លៀង ពេលចូលរួមក្នុងកម្មវិធីអបអរសាទរ និងក្នុងបរិយាកាសសប្បាយរីករាយនានា ភាគច្រើនគឺបុរសៗតែងតែហូបគ្រឿងស្រវឹង។ ពេលខ្លះអ្នកកើតទុក្ខ ក៏សេពស្រវឹងដើម្បីបន្លប់ និងបំភ្លេចទុក្ខផងដែរ ដូច្នេះយើងពិតជាពិបាកនឹងបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹងទាំងស្រុងនោះណាស់ ។
ដោយផ្តើមចេញពីពាក្យស្លោក “ស្រ្តីជាមាតានៃពិភពលោក” ធ្វើឲ្យយើងគ្រប់គ្នាបានយល់យ៉ាងច្បាស់ថា ស្រ្តីគឺជាបុគ្គលសំខាន់ និងជាមេដឹកនាំមួយ នៃគ្រប់សកម្មភាពសង្គមដែលរួមមានកម្ពុជាផងដែរ ។ ត្រង់នេះបង្ហាញថា យើងគ្រប់គ្នាមានតួនាទីការពារពួកគេ ពីផលប៉ះពាល់ទាំងផ្លូវកាយ និងផ្លូវចិត្ត តែវាជារឿងគួរឲ្យសោកស្តាយ ដែលរហូតមកដល់បច្ចុប្បន្ននេះ យើងនៅតែឃើញមានស្រ្តី និងកុមារីកម្ពុជាជាច្រើន ត្រូវរងគ្រោះដោយសារហិង្សាដែលពាក់ព័ន្ធនឹងការសេពគ្រឿងញៀនតែម្តង ។
បើទោះបីបុគ្គលអ្នកប្រព្រឹត្តអំពើហិង្សាអ្នកដទៃ មាន ឬគ្មានជាតិស្រវឹង ក៏ពួកគេនៅតែត្រូវទទួលទោសដោយគ្មានករណីលើកលែងណាមួយនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាដែរ។ ការយកគ្រឿងស្រវឹងជាលេសមិនអាចជួយពួកគេបានទេ។ ម៉្យាងវិញទៀតយើងក៏បានដឹងតាមរៈភស្តុតាងវិទ្យាសាស្រ្ត របស់អង្គការសុខភាពពិភពលោកដែរថា ការសេពគ្រឿងស្រវឹងធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងមុខងារ ខួរក្បាលរបស់បុគ្គលអ្នកសេព ។ ដោយសារគ្រឿងស្រវឹង ពួកគេអាចឡើងជាតិអាស៊ីតក្នុងឈាម ដែលធ្វើឲ្យចុក និងហើមសន្លាក់ដៃជើង។ ដោយសារជាតិស្រវឹង ពួកគេវង្វេងស្មារតី និងបាត់បង់ភាពម្ចាស់ការលើខ្លួនឯង ហើយមានភាពយឺតយ៉ាវនៅក្នុងសកម្មភាព និងការធ្វើសុភវិនិច្ឆ័យចំពោះស្ថានការណ៍នានាដែលកើតឡើងជុំវិញខ្លួន។
ជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា “ការសេពគ្រឿងស្រវឹងគឺជាកត្តាលីករជំរុញឲ្យមានការប្រព្រឹត្តអំពើហិង្សា តាមការស្រាវជ្រាវរបស់ក្រសួងកិច្ចការនារី បានបង្ហាញថា អំពើហិង្សាក្នុងគ្រួសារកើនឡើងវាស្របពេលគ្នា នៃការសេពគ្រឿងស្រវឹងញឹកញាប់របស់ជនបង្ក ហេតុនេះយើងក៏អាចសន្និដ្ឋានថាដើម្បីកាត់បន្ថយ ឬទប់ស្កាត់អំពើហិង្សាលើស្រ្តី ឬបុគ្គល ទូទៅចាំបាច់ត្រូវកាតប់បន្ថយការសេពគ្រឿងស្រវឹង”។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានស្នើដល់ស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចជំនាញ ពិនិត្យនិងមានវិធានការទប់ស្កាត់រាល់ខ្លឹមសាររូបភាពនៃការផ្សព្វផ្សាយ ដែលមានលក្ខណៈជំរុញលើកទឹកចិត្តនៃការប្រើប្រាស់គ្រឿងស្រវឹងកាន់តែខ្លាំងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដើម្បីផ្តល់នូវភាពសុខសាន្តទាំងផ្លូវកាយ ផ្លូវចិត្តជូនប្រជាពលរដ្ឋ ជាពិសេសស្រ្តី និងកុមារ ។
នៅឱកាសនោះដែរ លោកមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំ គ្រឿងស្រវឹងបានបណ្ដាលឲ្យមនុស្សស្លាប់ប្រមាណ ៣,៣ លាននាក់នៅលើពិភពលោក ដែលចំនួននេះស្មើនឹង ៥,៩%នៃអត្រាមរណៈសរុបទូទាំងពិភពលោក។ គ្រឿងស្រវឹងជាកត្តាហានិភ័យចម្បងមួយ ក្នុងចំណោមកត្តាហានិភ័យចម្បងបួន ដែលបណ្ដាលឲ្យអ្នកប្រើប្រាស់កើតជំងឺមិនឆ្លងប្រមាណជាង ២០០ប្រភេទ ជាអាទិ៍រួមមាន មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ដាច់សរសៃខួរក្បាល។ ជាងនេះទៅទៀតគ្រឿងស្រវឹង ក៏ជាកត្តាហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និង បញ្ហាអសន្តិសុខផ្សេងៗ ។
គួរបញ្ជាក់ថា គ្រឿងស្រវឹងជាមូលហេតុទីដែលនធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជិត ៤០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅក្នុងឆ្នាំ២០១៥ ។ គោលបំណងគោលបំណង នៃសិក្ខាសាលាស្តីពីស្រ្តីនិងគ្រឿងស្រវឹង៖ ចែករំលែកចំណេះដឹង ស្ដីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង លើសង្គមនិងបុគ្គលជាពិសេសស្រ្តី។ ស្វែងរកនូវវិធានការមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ជាពិសេសក្នុងចំណោមស្រ្តីនិងយុវជន និងស្វែងរកការគាំទ្រឲ្យមានការអនុម័តច្បាប់លិខិតបទដ្ឋានគតិយុត្តិ ស្ដីពី ការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ៕