ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអីតឯកអគ្គរដ្ឋទូតជប៉ុនជួបសំដែងការគួសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក Takahashi Fumiaki បានអញ្ជើញមកលេងប្រទេសកម្ពុជាជាច្រើនលើកកន្លងមកហើយ ព្រមទាំងបានជួយទាក់ទាញអ្នកវិនិយោគទុនជប៉ុនមកកម្ពុជាផងដែរ។ លោក Takahashi អញ្ជើញមកកម្ពុជាពេលនេះគឺបាននាំលោក Yamada Sohiko ដែលជាស្ថាបត្យករ និងអ្នករៀបចំគម្រោង និងក៏ជាសមាជិកនៃសមាគមជប៉ុនកម្ពុជា ដើម្បីលើកយកគម្រោងមួយដែលមានប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលមានផលទាក់ទាញភ្ញៀវទេសចរណ៍ផង និងសំរាប់ការសិក្សាស្រាវជ្រាវត្រីទឹកសាបគ្រប់ប្រភេទនៅតាមបណ្តោយបឹងទន្លេសាប និងទន្លេមេគង្គផង គឺគម្រោងស្ថាបនាអាងពិពណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) នៅប្រទេសកម្ពុជា។ អាង Aquarium នេះគឺមិនត្រឹមតែទាក់ទាញទេសចរណ៍ទេ គឺនឹងផ្តល់ឱកាសអោយប្រជាជាតិទាំងក្នុងតំបន់ និងអន្តរជាតិអាចមកសិក្សាស្រាវជ្រាវពូជត្រី ការភ្ញាស់ និងថែរក្សាពូជត្រីទឹកសាបនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ គម្រោងនេះក៏អាចផ្តល់ពូជត្រី និងវិធីសាស្រ្តល្អៗក្នុងការចិញ្ចឹមត្រីដល់បងប្អូនប្រជាពលរដ្ឋដែលមានផ្ទះរស់នៅតាមច្រាំងទន្លេអាចចិញ្ចឹមត្រីសម្រាប់ទទួលទានបានយ៉ាងងាយស្រួលទៀតផង។ យើងរំពឹងថា អាងពិពណ៍ត្រី Aquarium ទឹកសាបនៅកម្ពុ ជាអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍បានយ៉ាងច្រើន បន្ទាប់ពីប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះគម្រោងនេះ ហើយ សម្តេចតេជោ បានណែនាំអោយបង្កើតជាគណៈកម្មការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ជាប្រធាន និងមាន ឯកឧត្តម សុខ ចិន្តាសោភា ជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាពរដ្ឋលេខាធិការមួយចំនួនទៀតមកពីអាជ្ញា ធរ និងក្រសួងពាក់ព័ន្ឋដូចជាសាលារាជធានីភ្នំពេញ ក្រសួងកសិកម្ម ក្រសួងបរិស្ថាន គណៈកម្មការទន្លេមេគង្គដែលនឹងត្រូវចូលរួមពិភាក្សាលើគម្រោងនេះ។ គំរោងអាងពិពណ៍ (Aquarium) គឺអាចនឹង ចំណាយថវិកាសាងសង់ប្រមាណ ១០០ លានដុល្លារ ដែលជាជំនួយពីមិត្តជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំអោយរៀបចំគណកម្មការអន្តរក្រសួងអោយបានឆាប់ ហើយ សិក្សាអំពីទីតាំង និងផលប៉ះពាល់នានាអោយបានច្បាស់លាស់ ដើម្បីជំរុញគម្រោងខាងលើនេះ អោយចេញជារូបរាងប្រកបដោយជោគជ័យដែលជាមរតកសម្រាប់កម្ពុជា និងប្រជាជាតិអាស៊ានទាំង មូលដើម្បីបានឃើញពីពូជត្រីគ្រប់ប្រភេទនៅតាមដងទន្លេសាប និងទន្លេមេគង្គ៕

1 2 3 4


ចែករំលែក៖