ខេត្តឧត្តមានជ័យ៖ សកម្មភាពបទល្មើសឈើគ្រញូង នៅស្រុកអន្លង់វែង កំពុងឡើងយ៉ាងគក្រើក ដោយមិនមានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាម្នាក់ ចេញមុខចុះបង្ក្រាបនោះឡើយ ខណៈដែលថៅកែជនជាតិម្នាក់ ឈ្មោះ ចែម៉ៃ នៅតែបន្តប្រមូលទិញឈើគ្រញូង និងដឹកជញ្ជូនជាចំហរទាំងថ្ងៃ ដោយមិនខ្លាចញញើតសមត្ថកិច្ច ឬមន្ត្រីជំនាញឡើយ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថៅកែវៀតណាមឈ្មោះ ចែមៃ រូបនេះ បាននឹងកំពុងគៀងគរពលករខ្មែរដែលលួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ដើម្បីកាប់ឈើគ្រញូងយកលក់ឲ្យគេ។
បើតាមប្រភពពីសមត្ថកិច្ចម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ឈ្មោះ ចែម៉ៃ បានបន្តសកម្មភាពធ្វើបានយ៉ាងរលូន ក៏ដោយសារចែម៉ៃ បានសែនព្រេនដល់សមត្ថកិច្ច និងស្ថាប័នពាក់ពន្ធទាំងអស់ នៅក្នុងស្រុកអន្លង់វែង។
ប្រភពដដែលថា មន្ត្រីនរគរបាលខេត្តម្នាក់ និងមន្ត្រីសាលាខេត្តម្នាក់ទៀត ដែលមានឥទ្ធិពលចាំជួយសម្របសម្រួល និងរត់ការរាល់ឧបសគ្គ ក្នុងការងាររកស៊ីរបស់ ចែម៉ៃ នេះផងដែរ។
ជុំវិញបញ្ហានេះ លោក ឃុន ប៊ុនហេង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកត្រពាំប្រាសាទ និងស្រុកអន្លង់វែង បានឲ្យដឹងតាមទូរស័ព្ទ នៅព្រឹក ថ្ងៃទី២៧ វិច្ឆិកា ថា ការដឹកជញ្ជូនឈើគ្រញូងរបស់ឈ្មោះ ចែម៉ៃ ថ្មីៗលោកមិនបានដឹងទេ តែកន្លងមកលោកធ្លាប់បញ្ជាឲ្យមន្ត្រីរបស់លោកបង្ក្រាបម្តងហើយ ៕ ប៉ែននួន