ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពី វេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៦ត្រង់ចំណុចក្បែរសាកល វិទ្យាល័យបៀលប្រាយ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុរវាងម៉ូតូ នឹងម៉ូតូបុកគ្នាពេញទំហឹង។
សមត្ថកិច្ចចរាចរបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះគេនៅពុំទាន់អាចសន្និដ្ឋានថា ភាគីណាមួយជាអ្នកខុសនោះទេ តែយោងតាមគំនូសបង្ហាញទីតាំងកើត ហេតុគ្រាន់តែដឹងថា ករណីនេះបង្កឡើង ដោយម៉ូតូម៉ាកស្មាស់ ពណ៌ក្រហម ពាក់ ស្លាកលេខ ភ្នំពេញ AS-5069 ធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ អ៊ុត រាម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ៥ សង្កាត់លេខ៤ ក្រុង ព្រះសីហនុរងរបួសធ្ងន់(បាក់ថ្គាម ផុង លលាដ៏)។ ក្នុងនោះមានអ្នករួមដំណើរ ជាមួយឈ្មោះ ឆាយ ថៃ ភេទប្រុស អាយុ ២១ឆ្នាំ(សន្លប់)មានទីលំនៅភូមិ៥ សង្កាត់ លេខ៤ ក្រុងព្រះសីហនុបានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកវេ៉វ ពណ៌ក្រហមគ្មាន ស្លាកលេខ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ គា ឆ័ន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង របួសធ្ងន់(បាក់ថ្គាម) ហើយអ្នករួមដំណើរមាន ឈ្មោះ សុខ ណាត ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសធ្ងន់ (សន្លប់)។
តាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានអះអាងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកវេ៉វ ពណ៌ក្រហមជិះ គ្នា២នាក់ក្នុងល្បឿនលឿន ពីកើតទៅលិច ផ្នែកខាងស្តាំដៃ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូមួយគ្រឿងទៀត បើកបរក្នុងដៅបញ្រ្ចាសទិសគ្នា(ពីលិចទៅកើត) ជិះគ្នា ២នាក់ ក្នុងល្បឿនលឿនដូចគ្នា បានរេចង្កូតមកខាងឆ្វេងបុកម៉ូតូម៉ាកវេ៉វ ពេញទំហឹងលាន់ដូចរន្ទះធ្វើឲ្យអ្នកបើក និងអ្នករួមដំណើរ៤នាក់ដេករដូូករណែល តែម្តង។ មួយសន្ទុះក្រោយមកជនរងគ្រោះ ទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះ២គ្រឿង មកដឹកយកទៅសង្គ្រោះ ឯម៉ូតូត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕ ឆ្លាម សមុទ្រ