អាជ្ញាធរឥណ្ឌូនេស៊ីបានប្រកាសថា រហូតមកដល់ពេលនេះជនរងគ្រោះបាត់បង់ជីវិតដោយការរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ បានកើនដល់៥២នាក់ហើយ ។ ការរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ កើតឡើងនៅជិតទីក្រុង Banda Aceh ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ ។ អាជ្ញាធរមិនបានចេញព្រមានពីរលកយក្សស៊ូណាមិនោះឡើយ ។
អគារច្រើនខ្នងបានបាក់រលំ នៅឯភាគខាងជើងខេត្ត Aceh ។ ជនរងគ្រោះច្រើននាក់ត្រូវគេរាយការណ៍ថា បានរងរបួស និងអ្នកខ្លះទៀតជាប់គាំងនៅក្នុងគំនរបាក់បែក ។ អ្នកទទួលខុសត្រូវក្នុងតំបន់ បានដកស្រង់ព័ត៌មានពីមន្ទីរពេទ្យបញ្ជាក់ថា រហូតមកដល់ពេលនេះ មនុស្សច្រើននាក់បានបាត់បង់ជីវិត និងច្រើននាក់ផ្សេងទៀតបាននិងកំពុងជាប់គាំងក្នុងគំនរបាក់បែក ។
ក្រុមផែនដីិវិទ្យាអាមេរិក USGS បានដាក់កម្រិតរំញ័ររហូតដល់៦.៥រ៉ិចទ័រ និងចេញសេចក្តីប្រកាសព្រមានកម្រិតពណ៌លឿង ដែលជាកម្រិតមួយអាចមានមនុស្សស្លាប់ និងរងការខូចខាតកម្រិតធ្ងន់ ។
USGS បញ្ជាក់ថា ការរញ្ជួយដីខាងលើនេះមានជម្រៅ១៧គីឡូម៉ែត្រ នៃឈូងសមុទ្រ Aceh ភាគឦសាន ។ ទីតាំងនេះ កាលពីឆ្នាំ២០០៤ ធ្លាប់រងការរញ្ជួយដីកម្រិត៩.២រ៉ិចទ័រម្តងហើយ ធ្វើឲ្យសហគមន៍ទាំងមូលខូចខាតយ៉ាងដំណំ ៕