ព័ត៌មានទាន់ហេតុការណ៍៖

ចិនប្រឈមនឹងគ្រោះទឹកជំនន់ជាថ្មី ចំពេលព្យុះទី៣ កំពុងបោកបក់ទៅជិត 

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រទេសចិននាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានព្រមានពីភ្លៀងធ្លាក់ខ្លាំង និងហានិភ័យទឹកជំនន់ធ្ងន់ធ្ងរ ខណៈព្យុះទី៣ នៅក្នុងខែនេះ បានបន្តដំណើរមកជិត ឆ្នេរភាគខាងត្បូងរបស់ខ្លួន ហើយវាត្រូវបានរំពឹងថា នឹងកើនឡើងថាមពលថែមទៀត នាចុងសប្តាហ៍នេះ។

គិតត្រឹមព្រឹកថ្ងៃសុក្រ ព្យុះឈ្មោះ Noul បានស្ថិតនៅភាគឦសាននៃទីក្រុងម៉ានីល ដែលជារដ្ឋធានីនៃប្រទេសហ្វីលីពីន ហើយវារំកិលឆ្ពោះទៅទិសពាយ័ព្យ ក្នុងល្បឿនប្រហែល ២៥ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ តាមការិយាល័យឧតុនិយមរបស់ទីក្រុងហុងកុង ព្យុះត្រូពិចនេះត្រូវបានព្យាករថា នឹងធ្វើដំណើរចូលមកក្នុងគម្លាត ៨០០គីឡូម៉ែត្រពីហុងកុង នៅក្នុងថ្ងៃនេះ។

ការមកដល់របស់ព្យុះ Noul គឺបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់មួយភាគធំនៃប្រទេសចិន។ នៅភាគនិរតីប្រទេស ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សជាង ៥០នាក់ ដែលបានបាត់ខ្លួននៅឡើយ បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដីដ៏សាហាវ នៅក្រុង Chongqing កាលពីសប្តាហ៍មុន។

ប្រទេសចិន កំពុងឈានចូលដល់រដូវកាលទឹកជំនន់ខ្លាំងបំផុត ហៅថា Qixia Bashang ដែលមានរយៈពេល ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ពាក់កណ្តាលខែសីហា។ អ្នកជំនាញឧតុនិយមព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើងកាន់តែញឹកញាប់ហើយខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមួយផ្នែកធំនៃតំបន់ភាគខាងជើងប្រទេសចិន ត្រូវបានកំណត់ថា នឹងជួបប្រទះភ្លៀងធ្លាក់ច្រើនជាងធម្មតាពី២០ទៅ៥០ភាគរយ៕


ចែករំលែក៖