ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេគយខេត្តកំពតឡើងថ្មីកាន់តែពុករលួយ

ចែករំលែក៖

ប្រភពពីមន្ត្រីគយនៃសាខាគយខេត្តកំពត បានឲ្យដឹងថា លោក ហេង សំបូរ អតីតមេគយច្រកតន់ហន់ ត្រូវបានដំឡើងតំណែងជាអនុប្រធានសាខាគយខេត្តកំពតទទួលបន្ទុកក្ដាប់រួម ដែលបញ្ហានេះធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង។ ប្រភពបានឲ្យដឹងទៀតថា លោក ហេង សំបូរ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ត្រូវបានទទួលតំណែងដូចខាងលើនេះ ចំណែកលោក តែម សុទ្ធសុធី អនុប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ត្រូវតែងតាំងជាប្រធានការិយាល័យគយច្រកតន់ហន់ផងដែរ។

មន្ត្រីនិងភ្នាក់ងារគយភាគច្រើនក្នុងខេត្តកំពត បានលើកឡើងថា ពួកគាត់មិនពេញចិត្តចំពោះការតែងតាំងលោក ហេង សំបូរ អនុប្រធានសាខាគយខេត្តកំពត ទទួលបន្ទុកក្ដាប់រួមនោះទេ ព្រោះការនៅធ្វើជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ សំបូររឿងអាស្រូវច្រើនណាស់។ ជាពិសេសលោក ហេង សំបូរ បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកតន់ហន់យ៉ាងពេញបន្ទុក ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ដូច្នេះការតែងតាំងលោក ហេង សំបូរ ជាអនុប្រធានក្ដាប់រួមនៃសាខាគយខេត្តកំពត និងធ្វើឲ្យមានអំពើពុករលួយកាន់តែខ្លាំងក្លាជាងមុនជាមិនខាន។

មន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តកំពត បានឲ្យដឹងថាលោក ហេង សំបូរ អតីតប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ត្រូវបានប្រកាស់តែងតាំងនិងផ្ទេរភារកិច្ចជាអនុប្រធានក្ដាប់រួមនៃសាខាគយខេត្តកំពត កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងខណៈដែលប្រធានសាខាគយខេត្តកំពត លោក ស៊ុក គឹមហេន ត្រូវចូលនិវត្តន៍។ ការតែងតាំងលោក ហេង សំបូរ មិនបានធ្វើឲ្យមន្ត្រីនិងភ្នាក់ងារគយភាគច្រើនក្នុងខេត្តកំពតស្វាគមន៍នោះទេ ដោយសារតែលោក ហេង សំបូរ មានរឿងអាស្រូវពុករលួយយ៉ាងពេញបន្ទុកពេលនៅកាន់តំណែងជាប្រធានការិយាល័យគយ និងរដ្ឋាករច្រកតន់ហន់ ស្រុកកំពង់ត្រាច រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ៕

as


ចែករំលែក៖