ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹកនិងឧតុនិយមបានអញ្ជើញជាអធិបតីក្នុងពិធីក្រសួងធនធានទឹកប្រកាសបើកសន្និសីទអន្តរជាតិលើកទី១៣និងកិច្ចប្រជុំគណៈកម្មាធិការនៃបណ្តាញអន្តរជាតិស្តីពី ទឹកនិងប្រព័ន្ធអេកូឡូសុីក្នុងស្រែ (The 13th International Symposium and Steering Committee Meeting of International Network for Water and Eco System in Paddy Fields) នៅសណ្ឋាគារកាំបូឌីយ៉ា ណា រាជធានីភ្នំពេញ ។
សូមបញ្ជាក់ជូនថា គណៈកម្មាធិការនៃ បណ្តាញអន្តរជាតិស្តីពីទឹកនិងប្រព័ន្ធអេកូឡូសុីក្នុងស្រែ (INWEPF) មានប្រទេសជាសមាជិកចំនួន១៧រួមមាន កម្ពុជា បង់ក្លា ដេស ចិន អេហ្សុីប ឥណ្ឌា ឥណ្ឌូនេសុី ជប៉ុន កូរ៉េខាងត្បូង ឡាវ ម៉ាឡេសុី មីយ៉ាន់ ម៉ា នេប៉ាល់ ប៉ាគីស្ថាន ហ្វុីលីពីន ស្រីលង្កា ថៃ និងវៀតណាម ។
ថ្លែងនៅក្នុងពិធីបើកសន្និសីទនិងកិច្ចប្រជុំខាងលើនេះលោករដ្ឋមន្ត្រីបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាក្នុងនាម ជាម្ចាស់ផ្ទះសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពីបណ្តាប្រទេសជាសមាជិកគណៈកម្មាធិការ INWEPF ព្រម ទាំងតំណាងអង្គការជាតិ-អន្តរជាតិនិងវិទ្យាស្ថានសិក្សាស្រាវជ្រាវនានា ។
លោករដ្ឋមន្ត្រីបានបន្តថាការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមនិងការព្រួយបារម្ភជាសកល ។ គ្រោះទឹកជំនន់និងគ្រោះ រាំងស្ងួតដែលកើតឡើងដោយសារការប្រែប្រួលអាកាសធាតុបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ មនុស្ស ពិសេសប្រជាកសិករ ។ លោករដ្ឋ មន្ត្រីបន្តថា កម្ពុជាមានសក្តានុពលទឹក ទាំងទឹកលើដីនិងទឹកក្រោមដី ។ សម្រាប់ ទឹកលើដីកម្ពុជាទទួលរបបទឹកទន្លេមេគង្គមួយផ្នែកនិងមួយផ្នែកទៀតជាសក្តានុពលទឹកនៅក្នុងប្រទេសដែលបានមកពីបឹង ទន្លេសាបនិងបណ្តាស្ទឹងទន្លេសំខាន់ៗ ដទៃទៀត ។
ក្នុងពេលបច្ចុប្បន្នសេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជាបានពឹងផ្អែកមួយផ្នែកធំទៅលើវិស័យកសិកម្មហើយ ដំណាំស្រូវបានដើរតួនាទីស្នូលទាំងក្នុងផ្នែកកំណើនសេដ្ឋកិច្ចនិងសន្តិសុខស្បៀង។ ស្ថិតនៅក្នុងស្ថានភាពនេះរាជរដ្ឋាភិបាល ដោយមានការឧបត្ថម្ភគាំទ្រពីប្រទេសផ្តល់ជំនួយនិងដៃគូអភិវឌ្ឍន៍នានា បានយកចិត្តទុកដាក់ខ្ពស់លើការសាងសង់និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ។ ការពង្រីកសក្តានុពលប្រព័ន្ធធារាសាស្ត្រតូច មធ្យម ធំ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសដើម្បីជួយដល់កសិករ ។
តាមរយៈនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគិតត្រឹមដំណាច់ឆ្នាំ២០១៥ កន្លងទៅ សក្តានុពលនៃប្រព័ន្ធធារាសាស្ត្រនៅកម្ពុជាបានគ្របដណ្តប់ លើផ្ទៃដីបង្កបង្កើនផលជាង៥០ភាគរយ ហើយបច្ចុប្បន្ន រាជរដ្ឋាភិបាលបាននិងកំពុងបន្តយកចិត្តទុកដាក់សាងសង់និងអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលទឹកឱ្យគ្របដណ្តប់លើផ្ទៃដីបង្កបង្កើនផលទូទាំងប្រទេសផង និងក៏ជាការឆ្លើយតបទៅនឹង បរិបទនៃការប្រែប្រួលអាកាសធាតុផង ។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដូចជា ចិន, JICA, KOICA, ADB, AFD, IMF, AUSAID, WB និងប្រទេសឥណ្ឌាដែល បានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសនិងថវិកាដល់ការអភិវឌ្ឍនិងគ្រប់គ្រងទឹកនៅកម្ពុជា ។ លោករដ្ឋមន្ត្រីបន្តថា ដៃគូអភិវឌ្ឍន៍ ទាំងអស់នឹងនៅតែបន្តសហការនិងឧបត្ថម្ភគាំទ្រដល់ក្រសួងធនធានទឹកនិងឧតុនិយម បន្ថែមទៀត ។
លោករដ្ឋមន្ត្រីក៏បានថ្លៃងអំណរគុណផងដែរដល់ភាគីជប៉ុននិងលេខាធិការដ្ឋាន អាស៊ានដែលបានឧបត្ថម្ភថវិកាដល់ក្រសួងធនធានទឹកនិងឧតុនិយមដើម្បីរៀបចំសន្និសីទដ៏មានសារសំខាន់នេះ ។
លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថាតាមរយៈបទបង្ហាញរបស់វាគ្មិននានា អង្គសន្និសីទនឹងទទួលបាននូវបទ ពិសោធន៍ បញ្ហាប្រឈមនានាដែលបាន និងកំពុងកើតមានឡើងនិងវិធីសាស្ត្រ មធ្យោបាយ នៅក្នុងការទប់ទល់ ។ ដូចនេះ ដើម្បីឱ្យអង្គសន្និសីទអន្តរជាតិនេះទទួលបានផ្លែផ្កា អត្ថន័យនិងខ្លឹមសារកាន់តែសុី ជម្រៅបន្ថែមទៀតការប្រឈមបទពិសោ ធន៍ឬក៏វិធីសាស្ត្រនៅក្នុងការទប់ទល់នានា គួរតែត្រូវបានយកទៅអនុវត្តឱ្យចេញជា លទ្ធផលជាក់ស្តែង ៕ ហេង សូរិយា