ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឥដ្ឋក្រឡាប់សង្កត់លើមនុស្ស២នាក់របួសធ្ងន់នៅគល់ស្ពានព្រែកក្តាម

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តធុនធំផ្ទុកឥដ្ឋពេញទ្រុងក្រឡាប់ផ្ងាជើងសង្កត់ពីលើមនុស្ស២នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចគល់ស្ពានព្រែកក្តាមត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ (មានបិទអក្សនៅលើកញ្ចក់A593 និងលើកាប៊ីន គីម ហាន) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A-0524 មានផ្ទុកឥដ្ឋពេញទ្រុង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានគេចខ្លួនបាត់ស្រមោល ។ ចំណែកឯជនរងគ្រោះ២នាក់ ទី១-ឈ្មោះ វ៉ាន់ ចំរើន ភេទប្រុស អាយុ៥២ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិព្រែកក្ដាម២ ឃុំកោះចិន ស្រុកពញាឮ ទី២-ឈ្មោះ រិន រេន ភេទស្រី អាយុ៨០ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1T-2247 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកដឹកឥដ្ឋចុះពីលើស្ពានព្រែកក្តាមឆ្ពោះមកចុងស្ពានត្រើយខាងកើត ខណៈបើកដល់ចុងស្ពានស្រាប់តែមានរថយន្តដឹកសិស្សបើកចេញពីផ្លូវលំ ធ្វើឲ្យអ្នកបើកបរភ័យស្លន់ស្លោបួងចង្កូតគេចចេញពីរថយន្តដឹកសិស្ស រហូតបណ្តាលឲ្យក្រឡាប់ផ្ងាជើងខ្ទាតដុំឥដ្ឋសង្កត់ទៅលើជនរងគ្រោះទាំង២នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តដឹកឥដ្ឋបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកពញាឮ ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-5 as as-1 as-2 as-3 as-4


ចែករំលែក៖