ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរបន្តស៊ើបអង្កេតករណីជនជាតិវៀតណាមធ្វើទារុណកម្មលើកុមារខ្មែរ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី កំពុងបន្តស៊ើបអង្កេតស្រាវជ្រាវបន្ថែមទៀតលើករណីជនជាតិវៀតណាមធ្វើទារុណកម្មខ្មែរអាយុ២ឆ្នាំ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីសមភាគីវៀតណាមប្រគល់ឯកសារវីដេអូឃ្លីបចំនួន៤៩ឃ្លីបបន្ថែមទៀត ទាក់ទិននឹងការធ្វើទារុណកម្មនេះ ។ រីឯសមត្ថកិច្ចក្រសួងមហាផ្ទៃដែលបានព្យាយាមទាក់ទងភាគីវៀតណាមដើម្បីនាំខ្លួនជនសង្ស័យមកកម្ពុជានោះ មិនទាន់បានលទ្ធផលនៅឡើយទេ ។

មន្ត្រីនៃស្នងការដ្ឋានប៉ូលិសខេត្តមណ្ឌលគិរី បានចុះស៊ើបអង្កេតនៅទីតាំងជនជាតិវៀតណាម ធ្វើទារុណកម្មលើកុមារអាយុ ២ឆ្នាំ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៣ ខែធ្នូ ហើយបានរកឃើញសម្លៀកបំពាក់ និងខ្សែចងមាត់ដែលជនល្មើសប្រើប្រាស់ធ្វើទារុណកម្មលើកុមារ ប៉ុន្តែរកមិនឃើញជើងទម្រថតវីដេអូក្នុងការធ្វើទារុណកម្មនេះទេ។

លោកស្នងការរងប៉ូលិសខេត្តមណ្ឌលគិរី លោក សូរ សុវណ្ណ បញ្ជាក់ថា ប៉ូលិសជំនាញសន្និដ្ឋានថា ជនល្មើសប្រើឧបករណ៍ថតវីដេអូតែម្នាក់ឯងទាក់ទិនការធ្វើទារុណកម្មលើកុមារ បន្ទាប់ពីប៉ូលិសជំនាញវៀតណាម បានប្រគល់ឯកសារវីដេអូចំនួន ៤៩ឃ្លិប ទាក់ទិនការធ្វើទារុណកម្មនេះ។

មលោក សូរ សុវណ្ណ ឲ្យដឹងថា វីដេអូទាំង ៤៩ឃ្លិបដែលប៉ូលិសវៀតណាម ប្រគល់ឲ្យសុទ្ធសឹងតែជារូបភាពបង្ហាញពីរបៀបធ្វើទារុណកម្មមកលើកុមារកម្ពុជា ដូចជាប្រើឧបករណ៍ឆក់ ឬយកដើមប្រទាលរុកគូថ និងមួលកជាដើម។ វីដេអូនេះថតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា នៅការដ្ឋានក្រុមហ៊ុនចម្ការកាកាវ ក្នុងឃុំស្រែអំពូម មិនទាក់ទិនការធ្វើទារុណកម្មករណីផ្សេងអ្វីឡើយ ។ លោកស្នងការរងថ្លែថា៖ «ក្មេងហ្នឹងទាំងអស់ខ្លះញ៉ុកគូថ ខ្លះឆក់ ខ្លះមួលក ប៉ុន្តែមើលក្នុងរូបភាពគេថា វាមានជើង (ជើងម៉ាស៊ីនថត)។ ឥឡូវខ្ញុំកំពុងមកផ្ទះវា។ ថ្នាក់លើយើងយកចិត្តទុកដាក់ណាស់ យើងចង់ឲ្យបញ្ជូនមកកាត់ទោសនៅស្រុកយើង ប៉ុន្តែគេថា ចាំសុំយោបល់ថ្នាក់លើគេ សំខាន់បំផុតឲ្យថ្នាក់លើប្រទេសទាំងពីរទាក់ទងគ្នា»។

កាលពីថ្ងៃទី៩ ខែធ្នូ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី លោក យ៉ា ណារិន សម្រេចឃុំខ្លួនជនជាតិហុល្លង់ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) អាយុ ៥៣ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនចម្ការកាកាវ និងចម្ការអំពៅ មានសញ្ជាតិខ្មែរនៅពន្ធនាគារខេត្តជាបណ្ដោះអាសន្នដើម្បីស៊ើបអង្កេតពីបទមិនប្ដឹងបរិហារការធ្វើបាបអនីតិជនតាមមាត្រា៥៣០ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកប៉ូលិសប្រទេសវៀតណាម ក៏បានអះអាងប្រាប់ក្រុមការងារប៉ូលិសកម្ពុជា ដែលជួបដោះស្រាយបញ្ហានេះកាលពីថ្ងៃទី១០ ខែធ្នូ ថា នឹងធ្វើរបាយការណ៍ជូនថ្នាក់ជាតិសម្រេចទាក់ទិនសំណើសុំបត្យាប័នបញ្ជូនជនល្មើសឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) មកអាជ្ញាធរកម្ពុជា។

កាលពីថ្ងៃទី៧ ខែធ្នូ សមត្ថកិច្ចខេត្តមណ្ឌលគិរី បានរកឃើញវត្ថុតាងប្រដាប់ឆក់លិង្គសិប្បនិមិត្ត និងឧបករណ៍ជក់គ្រឿងញៀននៅបន្ទប់ស្នាក់នៅរបស់ជនល្មើសក្នុងក្រុមហ៊ុនចម្ការកាកាវ នៅឃុំស្រែអំពូម ក្នុងខេត្តមណ្ឌលគិរី ។

ក្រុមគ្រួសារកុមាររងគ្រោះត្រូវបានប្រមុខរាជរដ្ឋាភិបាលឧបត្ថម្ភគាំទ្រយ៉ាងយកចិត្តទុកដាក់ជាមួយនឹងសប្បុរសជនជាច្រើនទៀត ។ បច្ចុប្បន ក្រុមគ្រួសារនេះបានទៅរស់នៅតំបន់អភិវឌ្ឍន៍កែវផុស ក្រោមការទំនុកបម្រុងរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី ។ កុមាររងគ្រោះបានទទួលការពិនិត្យសុខភាព យ៉ាងយកចិត្តទុកដាក់ ហើយឃើញថាមិនមានបញ្ហាអ្វីធ្ងន់ ទើបពួកគេបញ្ជូនឲ្យទៅរស់នៅ តំបន់កែវផុសនោះ ៕

untitled-1 ee tr tt


ចែករំលែក៖