ខេត្តរតនគិរី៖ អាចមានភ្លើងខៀវណាមួយពីអាជ្ញាធរខេត្ត ទើបរថយន្តដឹកឈើប្រណិតឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវដូចហែរកឋិនទាំងព្រឹកព្រលឹមអុរ ក្រោមក្រសែភ្នែកសមត្ថកិច្ចនៅទីនោះគ្រប់ស្ថាប័ន និងមិនខ្វល់ពិនិត្យមើលសូម្បីតែបន្តិច។
យ៉ាងតិចមានរថយន្តសាំយ៉ុង៦គ្រឿងនិងឡានធំឃ្លុប២គ្រឿងទៀតបានដឹកឈើឆ្លងតាមច្រកមួយនេះកាលពីវេលាម៉ោង៧និង០៤នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ជាមួយនិងការសាទរផងដែរពីសមត្ថកិច្ចបើកច្រកអោយ ឃើញថាឡានដឹកឈើនេះមានអាទិភាពជាងពលរដ្ឋដឹកអនុផលកសិកម្មឬទំនិញបង់ពន្ធស្របច្បាប់ទៅទៀត?
បញ្ហាចរាចរណ៍ឈើដូចហែរកឋិនឆ្លងទៅវៀតណាមតាមច្រកអន្តរជាតិអូរយ៉ាដាវនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីលោកអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយគ្មានលេខទូរស័ព្ទ។ ប៉ុន្តែមន្ត្រីថ្នាក់ទាបៗបានត្រឹមតែបើកភ្នែកតែមិនហ៊ានអើពើបានបង្ហើបថា៖ បើខេត្តមិនបើកភ្លើងស្មានតែខាងក្រោមហ៊ាន គ្មានអ្នកណាថ្លើមធំទេ។
ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិអូរយ៉ាដាវ នគរដ្រេហ្គន មិនអាចទាក់ទងបានទេនៅថ្ងៃដដែលនេះ ប៉ុន្តែអនុប្រធានលោកផន បានប្រាប់នគរដ្រេហ្គនថា៖ រឿងនេះខ្ញុំមិនដឹងទេ ហើយដូចជាមិនឃើញផងនោះ យកល្អបញ្ហានេះអាចទាក់ទងសួរទៅលោកប្រធានស្នាក់ការច្រកទៅគាត់គ្រប់គ្រងនិងបកស្រាយថាយ៉ាងណានោះ ។ ចំែណកខាងគយខ្ញុំមិនអោយបង់ពន្ធនាំឈើចេញទេ។ ដោយឡែកលោក អីុ ចំរើន ប្រធានស្នាក់ការច្រកអន្តរជាតិអូរយ៉ាដាវ បានប្រាប់ នគរដ្រេហ្គន តាមទូរស័ព្ទថា៖ មានឈើឯណាចេញ ម្យ៉ាងទៀតខ្ញុំនៅខេត្តមិនដឹងទេ ហើយបើមានជួយផ្ញើររូបតាមតេឡេក្រាមអោយផង។ ករណីនេះខាងអ្នកសារព័ត៍មានបានបញ្ជូនរូបភាពអោយគាត់បានឃើញតាមសំណូមពរ(អុី ចំរើន)គាត់ក៏ស្ងាត់ឈឹងមកហើបមាត់តបតែម្តង។
គេបានរាយការណ៍មកទៀតថា៖ ពេលឈើចេញម្តងៗតាមច្រកនេះ គឺសមត្ថកិច្ចនិយាយយករួចខ្លួនថាជាការដឹកអនុផលកសិកម្មសណ្តែកសៀងតែប៉ុណ្ណោះ តែអត់ឆែកពិនិត្យអ្វីទាំងអស់ ទោះការដឹកនោះលានឈើចេញយ៉ាងណាក៏ដោយ៕ សុខ ខេមរា