ភ្នំពេញ៖ កីឡាករជម្រើសជាតិស្គីទឹកកករបស់អូស្រ្តាលី គឺកូនខ្មែរសញ្ជាតិអូស្រ្តាលីធ្លាប់ដណ្តើបានមេដាយមាស និងមេដាយប្រាក់កាលពីអំឡុង២០១៤ និងឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនៅប្រទេសអូស្រ្តាលី ត្រូវបានសហព័ន្ធកីឡាស្គីទឹកកកម្ពុជា អញ្ជើញមកសំដែងចែករំលែកបទពិសោធន៍ជូនដល់កីឡាករកីឡាការិនីស្គីទឹកកកកម្ពុជា នាថៃ្ង ទី២៣-២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីលានស្គីទឹកកកផ្សារទំនើបអីអនម៉ល់ ។
កញ្ញា ឡុងសុភារី អគ្គលេខាធិការសហព័ន្ធកីឡាស្គីទឹកកកកម្ពុជា បានឲ្យដឹងថា កីឡាករជម្រើសជាតិស្គីទឹកកកអូស្រ្តាលីកូនខ្មែរសញ្ជាតិអូស្រ្តាលីត្រូវសហព័ន្ធអញ្ជើញមកកម្ពុជា ដើម្បីធ្វើការសំដែង និងចែករំលែកបទពិសោធន៍ដល់កីឡាករ កីឡាការិនីស្គីទឹកកកកម្ពុជា និងមហាជន ដើម្បីអប់អរថៃ្ងបុណ្យណូអ៊ែលចាប់ពីថ្ងៃទី២៣-២៤ និង២៥ ខែធ្នូ ឆ្នាំ២០១៦ ។
កញ្ញា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឈ្មោះ James Min មានវ័យ១៦ឆ្នាំ ធ្លាប់ដណ្តើមបានមេដាយមាស និងមេដាយប្រាក់ ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ក្នុងការប្រកួត 2014 Australian National Championships – 1st Place Junior Men Champion .2015 Jegvirag Cup – Hungry 2nd Place (International Competition) និងការប្រកួត2015: Junior World Championships – Tallin ESTONIA – 31st Place (International Competition)។
កញ្ញា បានបន្តទៀតថា ក្នុងដំណើរទស្សនៈកិច្ចរបស់កីឡាករJames Minមកកម្ពុជាលើក និងផ្តល់បទពិសោធន៍ដល់កីឡាករជម្រើសជាតិស្គីទឹកកកកម្ពុជា និងកីឡាករកីឡាការិនីថ្នាលកម្ពុជាអំពីបច្ចេកទេសក្នុងការហ្វឹកហាត់ ធ្វើយ៉ាងណាឲ្យដណ្តើមបានមេដាយពីការប្រកួតនានា។ ជាមួយគ្នានេះដែរ James Minដែលគ្រោងនិងមកកម្ពុជាតាមរយៈការអញ្ជើររបស់សហព័ន្ធស្គីទឹកកកកម្ពុជានៅថៃ្ង ទី២៣ .២៤ និង២៥ ខាងមុខនេះ ក៏បានអំពាវនាវតាមរយៈវីដូអូឃ្លីប ពីប្រទេសអូស្រា្តលីឲ្យមហាជនចូលទសន្សនា នូវការសម្តែងរបស់ខ្លួននិងចូលរួមគាំទ្ររូបគេឲ្យច្រើន។ កីឡាករJames Minបានបញ្ជាក់ថា “ខ្ញុំនឹងបញ្ចេញទេព្យកោសល្យឲ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញដល់មហាជន និងពលរដ្ឋខ្មែរនៅកម្ពុជាបានឃើញពីបច្ចេកទេសសម្តែងរបស់ខ្ញុំ”។
សូមបញ្ជាក់ថា James Minមានវ័យ១៦ឆ្នាំជាកូនខ្មែរសញ្ជាតិអូស្រ្តាលី ឱពុកម្តាយរបស់គេគឺជាជនជាតិខ្មែរសុទ្ធ ហើយJames Min បានចូលប្រឡូកជាកីឡាករស្គីទឹកកកនៅប្រទេសអូស្រា្តលីតាំងឆ្នាំ២០១០ ៕ សារីម