ព័ត៌មានទាន់ហេតុការណ៍៖

ឈិន ម៉ានិច្ច ហង្សមាសលើកតម្កើង

ចែករំលែក៖

ភ្នំពេញ ៖ ម្ចាស់ពាន Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច ត្រូវបានផលិតកម្មរស្មីហង្សមាសលើកតម្កើងភ្លាមៗក្រោយលើកពានមិនដល់មួយ សប្តាហ៍ផង។ បទចម្រៀងថ្មីរបស់នាងត្រូវបានប្រកាសចេញកាលពីពេលថ្មីៗកន្លងទៅនេះនិងទទួលបានការគាំទ្រច្រើនពី ទស្សនិកជន ។

ឈិន ម៉ានិច្ច ត្រូវបានផលិតកម្មផ្តល់ បទចម្រៀងនិពន្ធថ្មីមួយចំនួនហើយកាលពីម្សិលមិញបទចម្រៀងជាផ្លូវការរបស់ នាងក្រោមចំណងជើងថា “នារីក្នុងសុបិនបង គឺជាអ្នកណា?” បានចេញហើយនិងទទួល បានការគាំទ្រខ្លាំង។ ក្រោយលើកពាន ឈិន ម៉ានិច្ច ទទួលបានទឹកប្រាក់ចំនួន១៥០ លានរៀលពីកម្មវិធី និងក្លាយជាតារាចម្រៀង ចុះកុងត្រាជាមួយផលិតកម្មរស្មីហង្សមាសទៀតផងក្រោយប្រកួតប្រជែងឈ្នះបេក្ខ ជនកញ្ញា ហ៊ិន លីដា, លោក នួន សុធារ័ក្ស។ ជ័យលាភី និងរង្វាន់នេះនឹងអាចជួយឲ្យ នាងមានឱកាសជួយក្រុមគ្រួសារដែលខ្វះខាតផ្នែកជីវភាពកាន់តែប្រសើរ ហើយអ្វី ដែលនាងទទួលបានដោយស្វ័យប្រវត្តិគឺ នឹងក្លាយជាតារាចម្រៀងអាជីព ។

លើសពីការរំពឹងទុកបទចម្រៀងមនោសញ្ចេតនាមួយបទគឺបទ “នារីក្នុងសុបិន បងគឺជាអ្នកណា?” របស់ ឈិន ម៉ានិច្ច កន្ត្រាក់បានការចាប់អារម្មណ៍ខ្លាំងពីមហាជនជាមួយនឹងការកោតសរសើរពីទឹកដមសំនៀងយ៉ាងពីរោះប្លែករហូតមានអ្នកគាំទ្រនាងមួយចំនួនបានប្រដូចទឹកដមសំនៀង នាងទៅនឹងសំនៀងរបស់តារាចម្រៀង លំដាប់ជួរមុខ មាស សុខសោភា។ អតីតបេក្ខជនមកពីខេត្តកំពង់ស្ពឺនិងជាក្មេងស្រីដែលតស៊ូខ្លាំងក្នុងឆាកជីវិតរូបនេះនឹងក្លាយ ជាតារាចម្រៀងអាជីពឈានមុខនៅថ្ងៃ អនាគត ខណៈដែលផលិតកម្មមានបំណង ក្នុងការលើកស្ទួយនាង។ នាងមានឱកាសចុះកិច្ចសន្យាមួយចំនួននិងទទួលបាន ឱកាសច្រៀងកម្មវិធីប្រគំតន្ត្រីភ្លាមៗកាលពីពេលថ្មីៗកន្លងទៅ។ នាងហាក់ទទួលបានការងារជាអ្នកចម្រៀងក្នុងផលិតកម្មនិងឱកាសលឿនជាងម្ចាស់ពានរដូវកាលទី១ លោក នី រតនា ។

គួរបញ្ជាក់ដែរថា ឈិន ម៉ានិច្ច ត្រូវបាន គេស្គាល់ថា ធ្លាប់បំពេញតួនាទីជាអ្នករ៉ាប់ រងក្នុងគ្រួសារតាំងពីអាយុ១០ឆ្នាំក្រោយពីឪពុកម្តាយនាងចេញទៅធ្វើការនៅប្រទេស ជិតខាង។ នាងមិនបានបញ្ចប់ការសិក្សា ថ្នាក់បាក់ឌុបទេ។ នាងបានសម្រេចចិត្ត ចូលធ្វើការងាររោងចក្រដើម្បីចិញ្ចឹមគ្រួសារដែលមានបងប្អូន៣នាក់ហើយនាងជាកូនច្បង។ ដោយសារមានទឹកដមសំនៀងពីរោះនាងចាប់យកឱកាសជាអ្នកចម្រៀងតាមវង់តន្ត្រីសម័យនៅខេត្តកំពង់ស្ពឺនិងបន្តមករកប្រាក់កម្រៃនៅរាជធានីភ្នំពេញតាម រយៈអាជីពជាអ្នកចម្រៀងតាមភោជនីយដ្ឋាននាពេលរាត្រីរហូតសម្រេចចិត្តចូល ប្រឡងចម្រៀងលំដាប់ពីភពលោកដែលលើកទី១នាងធ្លាប់បរាជ័យក្នុងការប្រឡងកម្មវិធី The Voice Cambodia រដូវកាល ទី២ម្តងរួចមកហើយ។ ការបរាជ័យរបស់នាងក្លាយជាបទពិសោធន៍និងជំរុញទឹក ចិត្តឲ្យនាងកាន់តែតស៊ូរហូតទទួលបានជោគជ័យលើវិថីសិល្បៈហើយគេរំពឹងថានាង នឹងមានឈ្មោះបោះសំឡេង ៕ វឌ្ឍនា

sew-3 sew sew-1 sew-2


ចែករំលែក៖