ខេត្តរតនៈគិរី៖ ក្រមុំនៅខេត្តរតនៈគិរីម្នាក់ទំនងជាលង់ស្នេហ៏តាមហ្វេសបុកជាមួយនឹងកំលោះជាងដែកនៅខេត្តកំពង់ស្ពឺរហូតក្រមុំនៅខេត្តរតនៈគិរីម្នាក់នេះបង្ខំចិត្តចុះចោលផ្ទះមករស់នៅជាមួយនឹងកំលោះនៅឯខេត្តកំពង់ស្ពឺអស់រយៈពេលជាច្រើនខែ ហើយត្រូវបានអាណាព្យាបាលខាងស្រីជ្រួលច្របល់ ប្តឹងសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនខាងប្រុសបញ្ជូនទៅសួរនាំនៅឯខេត្តរតនៈគិរី។
លោក ឃឹម ចាន់ពិសី ប្រធានការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរីបានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទនៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ថា ពិតជាមានករណីកូនក្រមុំអ្នកខេត្តរតនៈគិរីចេញពីផ្ទះទៅជួបកំលោះនៅឯខេត្តកំពង់ស្ពឺនោះពិតមែន ហើយពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបញ្ជូនមកខេត្តរតនៈគិរី តែមិនទាន់មកដល់នៅឡើយទេនៅរសៀលថ្ងៃទី៤ ខែមករា នេះ។ លោកមិនបានលម្អិតពីករណីកូនក្រមុំអ្នកស្រុកចុះចោលផ្ទះទៅលង់ស្នេហ៏ជាមួយកំលោះនៅឯខេត្តកំពង់ស្ពឺនេះទេ តែលោកបញ្ជាក់ថា ការឃាត់ខ្លួនកំលោះខេត្តកំពង់ស្ពឺជាមួយកូនក្រមុំអ្នកខេត្តរតនៈគិរីបញ្ជូនមកខេត្តរតនៈគិរីនេះ សមត្ថិច្ចលោកបានសហការណ៍ជាមួយនឹងនគរបាលការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការខេត្តកំពង់ស្ពឺក្រោយពីបានទទួលពាក្យបណ្តឹងអាណាព្យាបាលនារីដែលចេញពីផ្ទះទៅខេត្តកំពង់ស្ពឺប៉ុណ្ណោះ ។
លោកបន្ថែមថា ករណីនេះនៅពេលបញ្ជូនជនសង្ស័យមកដល់ ហើយសួរនាំយ៉ាងណានោះរឿងហេតុនឹងប្រាប់នៅពេលក្រោយ តែពេលនេះមិនអាចទាន់ប្រាប់បានទេ។
ដោយឡែកតាមមន្រ្តីនគរបាលការរិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការខេត្តកំពង់ស្ពឺឲ្យដឹងថា ការពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺបានសហការណ៏ជាមួយនគរបាលខេត្តរតនៈគិរីឃាត់ខ្លួនយុវជនម្នាក់នៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្ម ផល ដាណៃ អាយុ១៧ឆ្នាំ មានមុខរបរជាជាងផ្សាដែក មានទីលំនៅភូមិរោងគោ ឃុំយុទ្ធសាមគ្គី ដែលការឃាត់ខ្លួនជនសង្ស័យនេះនៅគ្រាដែលមានវត្តមាននាងក្រមុំខេត្តរតនៈគិរីឈ្មោះ តាំង សុផាន់ម៉ៃ អាយុ១៦ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់លេខ១ ក្រុងបានលុង ខេត្តរតនៈគិរីនៅជាមួយនឹងកំលោះខេត្តកំពង់ស្ពឺនោះដែរ។
មន្រ្តីដដែលបានបន្តថា នាងក្រមុំខេត្តរតនៈគិរីបានអះអាងថានាងសុខចិត្តស្លាប់បើមិនបានយុវជន ផល ដាណៃ ធ្វើជាគូរអនាគតនោះទេ។
នាង តាំង សុផាន់ម៉ៃ បានឲ្យដឹងដែថា នាងបានស្រឡាញ់គ្នាជាមួយ ផល ដាណៃ អស់រយៈពេល៥-៦ខែមកហើយ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦មកម្ល៉េះ ហើយបានរស់នៅជាមួយគ្នាដូចជីវិតតែមួយទៅហើយ។
ទាក់ទិននឹងករណីក្រមុំខេត្តរតនៈគិរីប្តូរផ្តាច់នឹងកំលោះខេត្តកំពង់ស្ពឺ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចខេត្តកំពង់ស្ពឺ មិនបានលម្អិតរឿងហេតុទេ តែសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺគ្រាន់តែសហកាជាមួយនគរបាលខេត្តរតនៈគិរី ហើយក្រោយពីឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលខេត្តរតនៈគិរីតែប៉ុណ្ណោះ។
បើទោះបីជាមិនមានប្រភពព័ត៌មានលម្អិតពីដំណើរដើមទងនាំឲ្យក្រមុំខេត្តរតនៈគិរីសុខចិត្តចុះចេញពីផ្ទះក្បត់ប្រពៃណី មិនបានសងគុណឪពុកម្តាយយ៉ាងណាក្តី ត្រូវបានគេសន្និដ្ឋានថា ការជួបគ្នារវាងកំលោះខេត្តកំពង់ស្ពឺ និងក្រមុំខេត្តរតនៈគិរីនេះផ្តើមស្នេហ៏ក្តៅគគុកឡើងអាចតាមរយៈហ្វេសបុក។
បើតាមអ្នកច្បាប់១រូបបានលើកឡើងថា កំលោះជាងដែកអាចត្រូវជាប់ចោទពីបទលួងលោមក្មេងស្រីមិនទាន់គ្រប់អាយុរៀបអាពាហ៏ពិពាហ៏ តែយ៉ាងណាក៏ដោយ អង្កក្លាយជាបាយទៅហើយ ដូច្នេះអាណាព្យាបាលទាំងសងខាងគួរត្រៀមគោ ក្របី ជ្រូក មាន់ ទាធ្វើម្ហូបផ្សំផ្គុំពួកគេទាំង២ជាប្តីប្រពន្ធទៅហោង។ ប្រសិនបើតាមការអះអាងពីក្រមុំខេត្តរតនៈគិរី អាចនឹងមានរឿងអាក្រក់កើតឡើងបើអាណាព្យាបាលបំបែកបំបាក់ពួកគេ៕ លីហាង