ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្ទឹងត្រែងមានភារកិច្ចជាម្ចាស់ផ្ទះបុណ្យទន្លេនាចុងខែមីនា

ចែករំលែក៖

ភ្នំពេញ៖ មានការជួបជុំគ្នាពិភាក្សាការងារស្តីពីការរៀបចំធ្វើបុណ្យទន្លេក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងលោក មុំ សារឿន អភិបាលខេត្តស្ទឹងត្រែងនាថ្ងៃទី២ ខែមករា ឆ្នាំ២០១៧កន្លងទៅនេះដើម្បីពិភាក្សាអំពីការត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ នៅចុងខែមីនា ឆ្នាំ២០១៧ ខាងមុខនៅ ក្នុងខេត្តស្ទឹងត្រែង។

លោកបណ្ឌិត ថោង ខុន បានបញ្ជាក់ថា បុណ្យទនេ្លគឺជាបុណ្យអេកូទេសចរណ៍មួយដែលប្រទេសតាមដងទន្លេមេគង្គឬតាមដងទនេ្លគង្គាក្នុងប្រទេសឥណ្ឌាតែងប្រារព្ធធ្វើឡើងដើម្បីរំលឹកគុណដល់ព្រះម៉ែគង្គា និងដើម្បីរួមគ្នាថែរក្សាបរិស្ថានជីវចម្រុះនិងផ្សព្វផ្សាយពីប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ប្រជាជនតាមដងទន្លេសំដៅរួមចំណែកទាក់ទាញទេសចរបែបធម្មជាតិ នាំចំណូលបានច្រើនដល់ប្រជាជនសហ គមន៍តាមដងទន្លេ។

កម្ពុជាបានប្រារព្ធបុណ្យទន្លេនេះ២ដង រួចមកហើយគឺនៅឆ្នាំ២០១៤ធ្វើឡើងក្នុងខេត្តក្រចេះនិងនៅឆ្នាំ២០១៥ធ្វើឡើងក្នុងខេត្តកំពង់ចាម។ ម្យ៉ាងទៀតធ្វើឡើងក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍មេគង្គក្នុងផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន និងផែនការយុទ្ធសាស្ត្រទេសចរណ៍ក្នុងមហាអនុតំបន់មេគង្គ (GMS) ពិសេសតាមស្មារតីនៃកិច្ចប្រជុំកំពូល CLV ថ្មីៗនេះស្តីអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍ដែលពោរពេញទៅដោយសក្តានុពលទេសចរណ៍ វប្បធម៌ បេតិកភណ្ឌនិងទេសចរណ៍សហ គមន៍អេកូទេសចរណ៍។

បច្ចុប្បន្នខេត្តស្ទឹងត្រែងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានយ៉ាងល្អពីតំបន់បេតិកភណ្ឌ ពិភពលោកវត្តភូ ប្រទេសឡាវ មកតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តតាមផ្លូវជាតិលេខ៩ថ្មី ដែលទេសចរភាគច្រើនកំពុងពេញនិយម។ ម្យ៉ាងទៀតតំបន់នេះក៏មានរមណីយដ្ឋាន ធម្មជាតិដ៏ស្រស់ត្រកាលទឹកធ្លាក់ល្បាក់ខោនទាំងខាងខោនផាក់ផេង ប្រទេសឡាវ និងខាងទឹកធ្លាក់ព្រះនិមិ្មតនិងសុភមិត្រក្នុងប្រទេសកម្ពុជាមានតំបន់ទេសចរណ៍ផ្សងព្រេងតាមដងទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក តំបន់ជម្រកសត្វស្លាបដ៏ធំ នៅសៀមប៉ាង ជម្រកសត្វនៃឧទ្យានជាតិវីរជ័យ ពិសេសតំបន់សត្វផ្សោតទន្លេមេគង្គ មានសហគមន៍អេកូទេសចរណ៍ព្រះរំកិលពិសេសនៅតំបន់ RAMSA ជា ដើម។ ខេត្តស្ទឹងត្រែងនៅមានសក្តានុពលទេសចរណ៍ជាច្រើនទៀតដែលអាចរៀបចំជាសហគមន៍ទេសចរណ៍ដែល ASEAN ក៏កំពុងយកចិត្តទុកដាក់ ជំរុញលើកទឹកចិត្ត និងដាក់ចេញនូវស្តង់ដារសហគមន៍ទេសចរណ៍រួមមួយរបស់ ASEAN។

ដោយឡែកបុណ្យទន្លេគឺជាឱកាសដ៏ល្អមួយដើម្បីជួយជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍទឹកដីរបស់ខ្លួន ពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងទេសចរណ៍។

ក្នុងពេលបំពេញការងារនេះនៅទឹកដីខេត្តស្ទឹងត្រែងលោករដ្ឋមន្ត្រីក៏បានចូលទៅទស្សនាច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀលនិងណងណុខឃាងព្រំដែន កម្ពុជា-ឡាវផងដែរ ដែលប្រមុខរដ្ឋាភិបាល ប្រទេសទាំងពីរគ្រោងនឹងអញ្ជើញទៅ សម្ពោធច្រកទ្វារអន្តរជាតិនៅសប្តាហ៍ខាងមុខនេះ៕ សហការី

stungtreng


ចែករំលែក៖