ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីរំពឹងថាឆ្នាំ២០១៧នឹងមានសេដ្ឋកិច្ចកើនឡើងជាងឆ្នាំ២០១៦

ចែករំលែក៖

នៅក្នុងចំណាត់ថ្នាក់ប្រទេសអ្នកមានលើពិភពលោកសិង្ហបុរីឈរលំដាប់ទី៣ បន្ទាប់ពីប្រទេសកាតារនិងលុចស៊ីមបួរដែល មានពលរដ្ឋរកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ ប៉ុន្តែសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះនៅឆ្នាំ២០១៦ ដែលមានតែ១,៨ភាគរយ ប៉ុណ្ណោះ។

ពលរដ្ឋសិង្ហបុរីរកប្រាក់ចំណូលមធ្យមមានរហូតដល់ទៅ៨៥.០០០ដុល្លារក្នុង មួយឆ្នាំ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺជាប្រទេសមិនមានធនធានធម្មជាតិអ្វីនោះឡើយ ប៉ុន្តែក្លាយជាប្រទេសលំដាប់ទីមួយនៅតំបន់អាស៊ី។ សិង្ហបុរីបានឈានមុខលើ ហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំ បំផុតទី៣លើពិភពលោក ក្រោមតែទីក្រុង ញូវយ៉កនិងឡុងដុងបុណ្ណោះ។ សិង្ហបុរីត្រូវបានគេផ្តល់រហស្សនាមថាជា «ខ្លាអាស៊ី»។

នៅក្នុងប្រទេសសិង្ហបុរីរដ្ឋាភិបាលទើបបានផ្សព្វផ្សាយស្ថិតិស្តីពីស្ថានភាពសេដ្ឋ កិច្ចក្នុងឆ្នាំ២០១៦កន្លងទៅ។ ស្ថិតិបានឲ្យ ដឹងថា សិង្ហបុរីកំពុងបន្តស្គាល់កំណើន សេដ្ឋកិច្ចថយចុះដោយទទួលបានតែ១,៨ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០១៦។ បើគិតតាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ ២០០៩មកនេះជាអត្រាមួយដ៏ទាបដែលសិង្ហបុរីមិនធ្លាប់មានទេ។ មូលហេតុមកពីមានប្រទេសកាន់តែច្រើនក្នុងលោកបានចាត់វិធានការ សេដ្ឋកិច្ចអាត្មានិយម។

អត្រាកំណើនសេដ្ឋកិច្ច១,៨ភាគរយ ដែលសិង្ហបុរីទទួលបានក្នុងឆ្នាំ២០១៦ ពិត ជាដំណឹងល្អទៅវិញទេ ព្រោះថាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍មួយនេះហៀបនឹងស្គាល់សេដ្ឋកិច្ចដើរថយក្រោយនាត្រីមាសទី៤ ក្នុងឆ្នាំ ២០១៦។ តែក្រុមអ្នកវិភាគបានមើលឃើញ ថា បើប្រទេសផ្សេងក្នុងលោកនៅបន្តអនុ វត្តវិធានការសេដ្ឋកិច្ច អាត្មានិយម ហើយបើធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់នាំមុខជាថ្មីនាពេលខាងមុខនោះ សិង្ហបុរីនឹងបន្តមានកំណើនសេដ្ឋកិច្ចតិច តួចដដែល។

ចំណាប់អារម្មណ៍របស់ក្រុមអ្នកវិភាគ ដូចនេះក៏ត្រូវបានចែករំលែកដោយលោក Weiwen Ng អ្នកសេដ្ឋកិច្ចម្នាក់ធ្វើការនៅក្នុង ធនាគារ ANZ ដែរ។ លោក Weiwen បានប្រដូចនយោបាយពាណិជ្ជកម្មដែលប្រទេស នីមួយៗបានអនុវត្តដើម្បីការពារប្រយោជន៍ សេដ្ឋកិច្ចផ្ទាល់ខ្លួនទៅនឹងខ្យល់បញ្រ្ចាស់ ទិសបោកបក់លើសេដ្ឋកិច្ចសិង្ហបុរីដែល បានពឹងផ្អែកសឹងតែទាំងស្រុងលើការនាំចេញ។

ក្រៅពីប្រទេសសិង្ហបុរីកំណើនចំណាត់ការសេដ្ឋកិច្ចគិតតែប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងបណ្តា ប្រទេសលោកខាងលិចក៏ជាប្រភពក្តីបារម្ភសម្រាប់សេដ្ឋកិច្ចនៅក្នុង បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែរ។ ក្នុងឆ្នាំ២០១៥ អត្រាកំណើនសេដ្ឋ កិច្ចនៅសិង្ហបុរីក៏មានកម្រិតក្រោម២ភាគ រយដែរ ហើយបើពិនិត្យមើលជារួមទៅឃើញ ថា បើស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅ បន្តម៉្ងៃកាត់ម៉្ងៃកោរដូចសព្វថ្ងៃនោះប្រទេសសិង្ហបុរីនឹងបន្តស្គាល់អត្រាកំណើនសេដ្ឋកិច្ច ទាបជាបន្តទៀតនៅប៉ុន្មានឆ្នាំខាងមុខ៕ ម៉ែវ សាធី

This photo taken on March 4, 2009 shows a view of the container port in Singapore. Singapore's economy may contract by as much as 10 percent this year if exports continue to fall sharply, the country's influential founding father Lee Kuan Yew said in remarks published March 5. AFP PHOTO/ROSLAN RAHMAN (Photo credit should read ROSLAN RAHMAN/AFP/Getty Images)


ចែករំលែក៖