ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិនរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០១៧ មានរៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក សួន រចនា រដ្ឋលេខាធិការ និងជាតំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
លោក ឌិន គឹម អតីតប្រធានមន្ទីរ បានធ្វើរបាយការណ៍ឱ្យដឹងថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ដោយមានការគាំទ្រគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមានការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្នុងមន្ទីរ បានបន្សល់នូវស្នាដៃ និងសមិទ្ធផលជាច្រើន ដោយមន្ទីរមានធនធានមនុស្ស សំភារៈសំរាប់បំពេញការងារលើវិស័យសាធារណការគ្រប់គ្រាន់។
លោកបន្តថា៖ ខេត្តប៉ៃលិនមានផ្លូវជាតិលេខ ៥៧ ប្រវែង៣៧,៣៤គីឡូម៉ែត្រ ផ្លូវជាតិលេខ៥៩ ប្រវែង១៦,៤គីឡូម៉ែត្រ ផ្លូវកៅស៊ូសាងសង់ដោយមន្ទីរសរុបប្រវែង ២៧,៧១គីឡូម៉ែត្រ ផ្លូវបេតុងសរុបប្រវែង៣,៣៨គីឡូម៉ែត្រ ផ្លូវMacadam សរុបប្រវែង៤៩៥គីឡូម៉ែត្រ ផ្លូវល្បាយថ្មភ្នំ សរុបប្រវែង ១៧៥,២១គីឡូម៉ែត្រ ស្ពានថ្មសរុបប្រវែង១១៤៩.៧៤ម៉ែត្រ លូប្រអប់កាត់ផ្លូវសរុបប្រវែង១៥០ម៉ែត្រ និងលូមូលកាត់ផ្លូវសរុបប្រវែង១៣៥៦០ម៉ែត្រ។
បើតាមប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខ១៤៦ ចុះថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១៦ បានសម្រេចតែងតាំង លោក អ៊ាត សារ៉ាត ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនជំនួសលោក ឌឹន គឹម ដែលបានចូលនិវត្តន៍ និងដីការស្តីពីការតែងតាំងនិងប្រគល់ភារកិច្ច មន្ត្រីរាជការរបស់អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន សម្រេចតែងតាំងលោក ហេង ដារ៉ា ជាអនុប្រធានមន្ទីរ លោក ខ្វាន់ ដារ៉ា ជាប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូនខេត្តលោកស្រី អយ សុភា ជាអនុប្រធានការិយាល័យផែនការគណនេយ្យ កញ្ញា ធន កែវចិន្តា អនុប្រធានការិយាល័យសាធារណៈការ លោក គួន មករា ជាអនុប្រធានការិយាល័យដឹកជញ្ជូន និងប្រគល់ភារកិច្ចជូនលោក អោក សុខធីម ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក និងលោកស្រី តឹម សាមឿន ជាអនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិក។
បន្ទាប់ពីលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរថ្មីបានធ្វើការប្តេជ្ញាចិត្តខិតខំបំពេញភារៈកិច្ចជូនជាតិប្រជាជនរួចមក ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនមានប្រសាសន៍កោតសរសើពីសមិទ្ធផលនិងស្នាដៃជាច្រើនដែលលោក ឌឹន គឹម អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានខិតខំប្រឹងប្រែងតាំងពីខេត្តប៉ៃលិនគ្មានអ្វីសោះ ហើយបានពុះពារគ្រប់ឧបស័គ្គដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើនរហូតបានរីកចំរើនមកដល់សព្វថ្ងៃនេះ។
លោកបន្តថា៖ ការប្រកាសតែងតាំងមុខតំណែងពេលនេះគឺស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង និងដាក់អោយដំណើការនូវប្រព័ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបវិមជ្ឃការ និងសហវិមជ្ឃិការនៅថ្នាក់ក្រោមជាតិ ។ ដូច្នេះមន្ត្រីដែលបានទទួលមុខតំណែងថ្មីត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចអោយទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការបណ្តើរសិក្សាបណ្តើរ ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ ជាពិសេសត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយពលរដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកខ្លួនជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋ និងត្រូវមានចរិតសុភាពរាបសារស្លូតបូត ស័ក្តិសមជាមន្ត្រីរាជការស៊ីវិលបំរើសេវាសាធារណការ និងរដ្ឋបាលសាធារណៈ។
លោកសួន រចនា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបានជំរុញអោយមន្ត្រីដែលបានតែងតាំងថ្មីត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយបានមុតមាំជានិច្ច។
លោកបន្តថាៈថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ត្រូវខិតខំអនុវត្តការងារជំនាញរបស់ខ្លួនអោយបានម៉ឺងម៉ាត់ ដូចជាការកសាង ថែទាំ ជួសជុលផ្លូវអោយបានល្អជាប្រចាំ និងអនុវត្តតាមគោលការរបស់ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការកសាងផ្លូវអោយមានគុណភាពនិងធ្វើយុទ្ធនាការលប់សំបុកមាន់ជាប្រចាំ ៕ ស សារ៉េត