ជាលើកទីមួយដែលមេដឹកនាំចិនលោក ស៊ី ជីនពីង ទៅចូលរួមវេទិកាសេដ្ឋកិច្ចធ្វើឡើងនៅទីក្រុង Davos ដែលជាតំបន់ រមណីយដ្ឋានដ៏ស្រស់ស្អាតរបស់ប្រទេសស្វុីស។ វេទិកាសេដ្ឋកិច្ចនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ។ នៅ មុនថ្ងៃបើកទិវាសេដ្ឋកិច្ចពិភពប្រធានាធិបតី ចិនបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំស្វុីស អស់រយៈពេលពីរថ្ងៃ ពីព្រោះចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេសស្វុីសនៅតំបន់អាស៊ី។
អមដំណើរដោយប្រធានសហគ្រាសគ្រាក់ៗរបស់ចិនលោក ស៊ី ជីនពីង មាន បំណងច្បិចយកឱកាសដ៏សំខាន់នៅក្នុង អង្គប្រជុំនៅដាវ៉ូសនេះដើម្បីថ្លែងនូវសារថ្មីមួយរបស់លោកប្រកបដោយភាពម៉ឺងម៉ាត់សារដែលអះអាងថា ប្រទេសចិនមិនព្រួយបារម្ភអ្វីទេនៅលើបញ្ហាពាណិជ្ជកម្មសេរី។
នៅមុនពេលចូលរួមក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកនាក្រុងដាវ៉ូសប្រទេសស្វុីសលោកប្រធានាធិបតីចិន ស៊ី ជីនពីង បាន អញ្ជើញទៅកាន់ទីក្រុង Laussanne នៅទីស្នាក់ការនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ពីព្រោះប្រទេសចិននឹងត្រូវរៀបចំកីឡាអូឡាំពិកអន្តរជាតិនារដូវត្រជាក់នៅ ឆ្នាំ២០២២។ លោក ស៊ី ជីនពីង បានអញ្ជើញ ទៅកាន់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវផងដែរ ដើម្បីពង្រឹងវត្តមានរបស់ប្រទេសចិននៅលើឆាកអន្តរជាតិ។
ទន្ទឹមនេះអាជ្ញាធរស៊្វីសបានចាត់វិធានការគ្រប់សព្វដើម្បីកុំឲ្យកើតមានឧប្បត្តិហេតុ ការទូតជាថ្មីដូចកាលពីជំនាន់ឆ្នាំ១៩៩៩។ ជំនាន់នោះប្រធានាធិបតីចិនលោក Jiang Zeming ត្រូវបានក្រុមបាតុករទីបេចំនួនដ៏ច្រើនដែលរស់នៅប្រទេសស៊្វីសនាំគ្នាស្រែក ចំអកឲ្យលោកយ៉ាងសម្បើម។ ក៏ប៉ុន្តែលើកនេះក៏មានជនទីបេមួយរូបដែរ ដែលប៉ុនប៉ងចង់ដុតសម្លាប់ខ្លួនឯងដើម្បីជាសញ្ញាប្រឆាំងចិន តែត្រូវបានប៉ូលិសស្វុីសធ្វើអន្តរាគមន៍ទាន់។
រីឯបញ្ហាទឹកដីទីបេនិងសិទ្ធិមនុស្សអាជ្ញា ធរស្វុីសពុំបាននិយាយដោយផ្ទាល់ជាមួយលោកប្រធានាធិបតីចិនទេដើម្បីកុំឲ្យមានការល្អក់កករដល់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសស្វុីស។
គឺជាលើកទីមួយចាប់តាំងពី៤៦ឆ្នាំកន្លង មក ទើបមានប្រធានាធិបតីចិនមួយរូបចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្រុងដាវ៉ូសនៅថ្ងៃអង្គារទី១៧ ខែមករា នេះ។
សូមបញ្ជាក់ថា អមដំណើរលោកប្រធា នាធិបតី ស៊ី ជីនពីង មានរូបលោក Jack Ma ស្ថាបនិកនៃក្រុមហ៊ុនយក្ខ Internet Alibaba និងលោក Wang Jianlin មហាសេដ្ឋីអ្នកមានខ្លាំងជាងគេបំផុតនៅក្នុង ប្រទេសចិនដុល្លារ។
គួររំលឹកថា សហគ្រិននានារបស់ចិន ធ្លាប់ត្រូវលោក ដូណាល់ ត្រាំ ប្រធានាធិបតី អាមេរិកដែលទើបនឹងជាប់ឆ្នោតចោទ ប្រកាន់ថា ជាអ្នកលួចការងារអាមេរិកអស់រាប់លាន៕ ម៉ែវ សាធី