ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៉ែត

ចែករំលែក៖

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានផ្សព្វផ្សាយថា៖ «នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តីនៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំនៃ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។

លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការសន្ទនាកម្រិតសង្គម និង Global Deal Initiative ។ បច្ចុប្បន្ន នេះមានប្រទេសជាច្រើនកំពុងមានចរន្តគាំទ្រគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និង ប្រជាជនស៊ុយអ៊ែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្ស៨០មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ សម្តេចតេជោបានស្នើអោយលោកនាយរដ្ឋមន្រ្តី បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជាដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់លោកនាយករដ្ឋមន្រ្តីស៊ុយអ៊ែត គាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សាសន្តិសុ អង្គការសហប្រជាជាតិ ពិសេសទៅទៀតនោះ គឺ សម្តេចតេជោ បានអញ្ជើញ លោក

នាយករដ្ឋ មន្រ្តីស៊ុយអ៊ែត បំពេញទស្សនកិច្ចនៅក្នុងពេលវេលាដែលកម្ពុជា រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងខែឧសភាឆ្នាំ២០១៧នេះ។

ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុបដែលកំពុងវិវត្តន៍កើតឡើង ដែលមេដឹកនាំអឺរ៉ុប និងអាស៊ានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត» ៕

1 2 6 9


ចែករំលែក៖