ព័ត៌មានទាន់ហេតុការណ៍៖

អេសស៊ីជីនៅកម្ពុជារកចំណូលបាន៨៨លានដុល្លារក្នុងឆមាសទី២ ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ មករា ឆ្នាំ២០១៦នេះ ក្រុមហ៊ុនអេសស៊ីជី(SCG) ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេមួយនៅតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍ លទ្ធផលប្រតិបត្តិការបូកសរុបសម្រាប់ឆ្នាំ២០១៦ ដោយក្នុងនោះ នៅប្រទេសកម្ពុជាក្រុមហ៊ុន រកប្រាក់ចំណូលពីការលក់បាន៣៥៦ពាន់លានរៀល  (ឬ៨៨លានដុល្លារអាមេរិក) ដោយគិតតែឆមាសទីពីរប៉ុណ្ណោះ ។

យោងតាមសេចក្តីប្រកាសចុងក្រោយនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ានបានកើនឡើង២៤ភាគរយ បើធៀបនឹងឆ្នាំមុន ។ ក្រុមហ៊ុនអេសស៊ីជីជឿជាក់ថានៅក្នុងឆ្នាំ២០១៧ សេដ្ឋកិច្ចរបស់ប្រទេសថៃបានបង្ហាញ និន្នាការស្ទុះងើបឡើងវិញ ខណៈទីផ្សារអាស៊ាននៅតែបន្តរីកចម្រើនឡើង ។ ក្រុមហ៊ុនក៏ប្តេជ្ញាបន្តអភិវឌ្ឍ និងច្នៃប្រឌិតបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មនិងបង្កើនភាពប្រកួតប្រជែង ក៏ដូចជានិរន្តរភាពដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលអាចកើតមាននាពេលអនាគត។

លោកRoongrote Rangsiyopash ប្រធាននិងអគ្គនាយកក្រុមហ៊ុនអេសស៊ីជីបានមានប្រសាសន៍ថា“នៅក្នុងតំបន់អាស៊ានយើងបន្តអនុវត្តយុទ្ធសាស្រ្តផ្សេងៗខណៈពង្រឹងម៉ាកយីហោអេសស៊ីជី។ក្រុមហ៊ុនអេសស៊ីជីជឿជាក់ថាទីផ្សារអាស៊ានមានសក្តានុពលខ្ពស់និងមានកំណើនខ្ពស់ដោយសាររដ្ឋាភិបាលមានគោលនយោបាយវិនិយោគល្អៗហើយការប្រើប្រាស់ក្នុងស្រុកនិងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានមានលក្ខណៈល្អប្រសើរ។”លោកបានមានប្រសាសន៍បន្ថែមទៀតថា“សម្រាប់គម្រោងវិនិយោគក្នុងតំបន់អាស៊ានរបស់ក្រុមហ៊ុនអេសស៊ីជីគ្រប់យ៉ាងមានដំណើរការស្របតាមផែនការ។ហើយក្រុមហ៊ុនក៏បានត្រៀមខ្លួនរួចជាស្រេចចំពោះបញ្ហាប្រឈមនាពេលអនាគតដែលអាចកើតឡើងនៅក្នុងឆ្នាំនេះដូចជាចំណាយលើវត្ថុធាតុដើមសារធាតុគីមីនិងតម្លៃថាមពលកើនឡើងជាដើម។”

គិតត្រឹមថ្ងៃទី៣១ធ្នូឆ្នាំ២០១៦ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុនអេសស៊ីជីគឺស្មើនឹងទឹកប្រាក់៦១.៣២៨ពាន់លានរៀល (ឬ១៥.០៦៧លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុននៅក្នុងតំបន់អាស៊ានមានចំនួនទឹកប្រាក់១៤.៣២៤ពាន់លានរៀល (ឬ៣.៥១៩លានដុល្លារអាមេរិក) ស្មើនឹង២៣ភាគរយនៃទ្រព្យសកម្មប្រមូលផ្តុំសរុបរបស់ក្រុមហ៊ុន។នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនអេសស៊ីជីកាន់កាប់ទ្រព្យសកម្មសរុបស្មើនឹងចំនួនទឹកប្រាក់១.២៨១ពាន់លានរៀល (ឬ៣១៥លានដុល្លារអាមេរិក) ដែលជាការកើនឡើង២ភាគរយធៀបនឹងឆ្នាំមុន។របាយការណ៍សម្រាប់ត្រីមាសទី៤ឆ្នាំ២០១៦របស់ក្រុមហ៊ុនក៏បានបង្ហាញថាប្រាក់ចំណូលពីការលក់នៅកម្ពុជាគឺមានចំនួនទឹកប្រាក់១៦០ពាន់លានរៀល (ឬ៤០លានដុល្លារអាមេរិក) ដែលជាការកើនឡើង៦ភាគរយបើធៀបនឹងឆ្នាំមុនដែលទទួលបានពីអាជីវកម្មស៊ីម៉ង់ត៍។សម្រាប់ឆមាសទី២ឆ្នាំ២០១៦ប្រាក់ចំណូលពីការលក់សរុបនៅកម្ពុជាមានចំនួនទឹកប្រាក់៣៥៦ពាន់លានរៀល (ឬ៨៨លានដុល្លារអាមេរិក) ។

គួរបញ្ជាក់ដែរថាចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុនCPAC Concrete បានប្តូរម៉ាកយីហោរបស់ខ្លួនមកជាម៉ាកយីហោអេសស៊ីជីស្របតាមយុទ្ធសាស្រ្ត“ម៉ាកយីហោតែមួយ”សម្រាប់ទីផ្សារអាស៊ាននិងដើម្បីបន្តផ្តល់ផលិតផលនិងសេវាកម្មប្រកបដោយគុណភាពក្រោមម៉ាកយីហោអេសស៊ីជី។ហើយបច្ចុប្បន្ននេះក្រុមហ៊ុនអេសស៊ីជីកំពុងផ្តល់ជូននូវជម្រើសផលិតផលគ្រប់មុខរបស់ខ្លួនទៅដល់អតិថិជននៅកម្ពុជារួមមានផលិតផលស៊ីម៉ង់ត៍ក្បឿងក្តារបន្ទះនិងឈើសប្បនិម្មិតបេតុងលាយស្រេចនិងបំពង់ទីបជ័រ។តម្រូវការសម្រាប់ផលិតផលស៊ីម៉ង់ត៍និងសម្ភារៈសំណង់នៅក្នុងប្រទេសកម្ពុជាបន្តកើនឡើងដោយការរីកលូតលាស់និងកំណើនរបស់វិស័យសំណង់៕ វឌ្ឍនា

Photo 3 Photo 1 Photo 2


ចែករំលែក៖