ព័ត៌មានទាន់ហេតុការណ៍៖

ទេព កញ្ញា រៀបចំពិធីខួបកំណើត គម្រប់អាយុ១៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសាច់សខ្ចីថ្ពល់ខួចកញ្ញា លឿង គីមហុងហៅ កញ្ញា ទេព កញ្ញា បានរៀបចំពិធីខួប កំណើតទ្រង់ទ្រាយមធ្យមមួយគម្រប់អាយុ១៩ឆ្នាំកាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧នៅ ភោជនីយដ្ឋានវីហ្វ្រេន។

កម្មវិធីនេះត្រូវបានធ្វើឡើងក្រោយពីការងារសិល្បៈរបស់តារាស្រីវ័យក្មេងរូបនេះហក់ឡើងងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

សម្រាប់ពិធីខួបកំណើតគម្រប១៩ឆ្នាំនេះគឺទេព កញ្ញា បានអញ្ជើញភ្ញៀវកិត្តិយប្រមាណជាង១០០នាក់ដែលមួយភាគធំជាអ្នកសិល្បៈរួមអាជីព។

នាងបញ្ជាក់ថា នេះគឺជាការជួបជុំមិត្តរួមអាជីពជិតដិតមួយចំនួនប៉ុណ្ណោះមិនគ្រប់គ្នាទេព្រោះតែឆ្នាំមុននាងបានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋានវីហ្វ្រេននេះម្តងហើយដែរ។

បំណងប្រាថ្នាសម្រាប់នាងនៅថ្ងៃខួបកំណើតនេះគឺចង់ទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។
ងាកមកការងារសិល្បៈវិញ ទេព កញ្ញា ទទួលបានការសម្តែង ប្រមាណ៨រឿងរួចមកហើយ ហើយភាគច្រើនក្នុងតំណែងជាតួឯក។

ដោយមានការជួយណែនាំពីម្តាយមីង គឺអ្នកនាងព្រំ រដ្ឋា បូករួមទាំងសមត្ថភាព ទេពកោលសល្យ និងរូបសម្រស់ដែលជាដើមទុនសំខាន់សម្រាប់ប្រកួតប្រជែងជាមួយនឹងសិល្បករដទៃគឺនាងមានគ្រប់គ្រាន់។ ជាក្មួយស្រីបង្កើតរបស់តារាសម្តែង ព្រំ រដ្ឋា តារាសម្តែងរូបនេះ ទទួលបានឱកាសការងារច្រើនទាំងការសម្តែង និងបង្ហាញម៉ូត ។

ខ្សែភាពយន្តដែលធ្វើឲ្យ ទេពកញ្ញា លេចមុខមាត់ខ្លាំងមានដូចជារឿងភាគរបស់ទូរទស្សន៍MY TVរឿង “វិថីនារី” ខ្សែភាពយន្តខ្នាតធំដែលសហការផលិតរវាងខ្មែរ និងបរទេសគឺរឿង”សង្គ្រាមបងប្អូន” រឿង”ស្នេហ៍បញ្ច្រាសទិស”របស់ផលិតកម្មចក្រវាឡពេជ្រជាដើម។

តារាស្រីដែលមានទឹកដីកំណើតពីខេត្តតាកែវរូបនេះបញ្ជាក់ថា បច្ចុប្បន្ននាងទទួលបានតំណែងជាតួឯកស្រី៣រឿងព្រមគ្នាគឺមានដូចជារឿង”ស្រទន់មន្តស្នេហ៍” រឿង”ម្ចាស់គ្រងបេះដូង” និងរឿង”ផ្ការីកក្នុងចិត្ត”ជាដើម។

អតីតបេក្ខនារី ប្រឡង”សម្រស់ ម៉ូដែលខ្មែរ២០១៣”របស្ថានីយទូរទស្សន៍រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣រូបនេះបានបញ្ជាក់ថាខ្សែភាពយន្តនេះសុទ្ធតែស្ថិតក្រោមការផលិតយ៉ាងសម្រិតសម្រាំង ដើម្បីប្រាកដថាជាខ្សែភាពយន្តដែលមានគុណភាពប្រកួតប្រជែង ហើយនាងរំពឹងដែរថា ខ្សែភាពយន្តនេះនឹងធ្វើឲ្យនាងវាយលុកទីផ្សារកាន់តែខ្លាំងសម្រាប់ដើមឆ្នាំ២០១៧នេះ។

តារាសម្តែងស្រីវ័យ១៨ឆ្នាំរូបនេះលើកឡើងដែរថា នាងនឹងបន្តព្យាយាមសម្រាប់ឆ្នាំបន្ទាប់ទៀតដើម្បីបន្តក្តាប់យកឱកាសការងារកាន់តែធំជាងមុន៕ វឌ្ឍនា

2 3 4 5 6 7 8 9 90 1


ចែករំលែក៖