ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិន បានបញ្ជាឱ្យលោកឧត្តមសេនីយ៍ត្រី ក្រិញ ទៀង ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដឹកនាំកងកម្លាំងនគរបាលចុះត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋរងគ្រោះ ដោយជនមួយក្រុមពួនស្ទាក់ចាំយកដុំថ្មគប់នៅពេលយប់ ។
មន្ត្រីនគរបាលបានឱ្យដឹងថា កងកម្លាំងសមត្ថកិច្ចជំនាញបានកំណត់ទីតាំងជន សង្ស័យពួនស្ទាក់ចាំធ្វើសកម្មភាព រួចហើយ និងបន្តបានដាក់ផែនការតាមនីតិវិធី ដើម្បី ឈានចាប់ខ្លួនជនសង្ស័យ ។
គួររំលឹកផងដែរថា ប្រជាពលរដ្ឋមួយ ចំនួនដែលបើកបរម៉ូតូ និងរថយន្តតាមផ្លូវចេញពីក្រុងប៉ៃលិន ឆ្ពោះទៅព្រំដែនកម្ពុជា-ថៃ មកដល់ត្រង់ចំណុចជ្រោះមរណៈ ស្ថិត ក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅបានត្រូវជនមិនស្គាល់អត្តសញ្ញាណ យកដុំថ្មទៅអង្គុយលើកំពូលកូនភ្នំ រួចគប់ចុះមកចំអ្នកដំណើរឲ្យចុះពីរថយន្ត ឬដួល ម៉ូតូ ដើម្បីពួកគេឆ្លៀតឱកាសប្លន់យកទ្រព្យសម្បត្តិតែម្តង ។
ករណីនេះធ្វើឲ្យក្រុមអាជីវករបើកម៉ូតូ ទិញត្រី សាច់ នៅពេលយប់ព្រលប់ ប្រឈម នឹងគ្រោះថ្នាក់ទើបមានសំណូមពរដល់សមត្ថ កិច្ចឲ្យជួយអន្តរាគមន៍រឿងនេះផង ៕ សហការី