ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី ចាប់រថយន្តដឹកឈើចំនួន០,៦២២ម៉ែត្រគូប សង្ស័យចរចាមិនត្រូវតម្លៃ?

ចែករំលែក៖

ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋជាច្រើននាក់បានសម្តែងអបអរសាទយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ។ ទន្ទឹមនឹងការកោតសរសើរនោះ ពួកគាត់បានលើកឡើងថា ខ្លាចតែក្រុមនគរបាលទាំងនោះ ធ្វើការបង្រ្កាបតែចំពោះរថយន្តណាដែលមិនបានបង់លុយឲ្យគាត់ទេដឹង? ដោយសារតែបច្ចុប្បន្ននេះគេមើលឃើញថា មានទាំងរថយន្ត និងម៉ូតូជាច្រើនបានកំពុងធ្វើសកម្មភាពដឹកឈើខុសច្បាប់ និងធ្វើអាជីវកម្មស្ទើរក្លាយទៅជាអនាធិបតេយ្យទៅហើយនោះ ។ ពួកគាត់បានដាក់ការសង្ស័យទៀតថា រថយន្តនិងម៉ូតូទាំងនោះ ហេតុអ្វីបានជាពួកគាត់មើលមិនឃើញ ឬ ក៏គ្រាន់តែជាការដាស់អារម្មណ៍ឈ្មួញ ដែលមិនទាន់បង់លុយទេដឹង? បើយ៉ាងដូច្នេះមែន វាមិនខុសអ្វីពីការគោះទឹកបង្អើលត្រីឲ្យចូលលបនោះទេ?

គួររំឭកថា កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី បានអនុវត្តច្បាប់ក្នុងការបង្ក្រាបស្ទាក់ចាប់រថយន្តដឹកឈើប្រណីតមួយគ្រឿង ម៉ាកកាមរី ពណ៌ទឹកប្រាក់ ស្លាកលេខបាត់ដំបង2A-1428 ដឹកចេញពីស្រុកកូនមុំ បើកតាមផ្លូវជាតិលេខ៦៨ឆ្ពោះចូលទៅក្រុងបានលុង ។ លុះទៅដល់ភូមិ១ ក្នុងសង្កាត់ការចាញ ក្រុងបានលុង ក៏ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តស្ទាក់ចាប់បានតែម្តង ។ ក្នុងរថយន្ដនោះមានផ្ទុកឈើប្រណីតជាច្រើនដុំ ។ ចំណែកអ្នកបើកបររថយន្តវិញបានចុះរត់គេចខ្លួនបាត់ស្រមោល ដោយទុកតែរថយន្តនិងឈើ ត្រូវបានសមត្ថកិច្ចរឹបអូសបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្ត។

តាមការពិនិត្យ និងវាស់វែងរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើម្នាក់បានឲ្យដឹងថា ឈើដែលនគរបាលបញ្ជូនមកនោះ គឺជាប្រភេទឈើធ្នង់ មានចំនួន១០៥ដុំ ស្មើនិង០,៦២២ម៉ែត្រគូប ។ មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ទៀតថា នឹងកសាងសំណុំរឿងដាក់ទៅតុលាការចាត់ការតាមនីតិវិធីបន្តទៀត ហើយនឹងដាក់លិខិតជូនដំណឹងទៅម្ចាស់រថយន្ត ដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធី ។

ប្រជាពលរដ្ឋកំពុងរង់ចាំតាមដានមើល ទាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត , ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងតុលាការ តើមានចំណាត់ការបែបណាបន្តទៀត ឬ គ្រាន់តែការគោះទឹកបង្អើលត្រីឲ្យចូលលបនោះទេ? ៕ សុខ ខេមរា

PL-rotanakiri-3 PL-rotanakiri-2 PL-rotanakiri-1


ចែករំលែក៖