ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវជនសង្ស័យ២នាក់ ជិះម៉ូតូមកក្បែរ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច បណ្តាលអោយស្ត្រីរងគ្រោះដួលម៉ូតូ និងរងរបួសដៃខាងស្តាំ ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិទៀត ។
ហេតុការណ៍ឆក់កាបូបនេះ កើតឡើងនៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចអតីតរង្វង់មូលទួលគោក តាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមានឈ្មោះ អ៊ុំ បូរី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរជាមន្ត្រីនៅក្រសួងការងារ មានទីលំនៅនៅម្តុំផ្សារទួលសង្កែ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូឌ្រីមសង់សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1GG-9472 បានចាកចេញពីក្រសួងការងារ ត្រឡប់ទៅផ្ទះវិញ តាមផ្លូវ២៨៩ ពីត្បូងទៅជើង មកដល់កន្លែងហេតុ ក៏មានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ ម៉ាក Nex ពណ៌ក្រហម មិនចាំស្លាកលេខ បានអែប និងឆក់កាបូបស្ពាយបានសម្រេច និង បណ្តាលអោយដួលរងរបួសដៃស្តាំតែម្តង ។
នៅក្នុងកាបូបស្ពាយនោះមានអត្តសញ្ញាណបណ្ណ បណ្ណធនាគារ ឯកសារបង់ថ្លៃសាលាកូនរៀន លិខិតឆ្លងដែន កាតបម្រើការងារជាមន្ត្រីក្រសួងការងារ លុយខ្មែរ និងដុល្លារប្រហែល៤០ដុល្លារ ទូរស័ព្ទចំនួន២គ្រឿង មានអាយហ្វូន៥ និង ទូរស័ព្ទសាំសុង ។
តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា ស្ត្រីជិះម៉ូតូម្នាក់ឯងបើកបរពីត្បូងទៅជើង តាមផ្លូវ២៨៩ មកដល់អតីតរង្វង់មូលទួលគោក ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមកក្បែរហើយធ្វើសកម្មភាពឆក់កាបូបស្ពាយបណ្តាលអោយស្ត្រីរងគ្រោះដួលម៉ូតូនៅតាមផ្លូវ បានបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវស្មានតែមានគ្រោះថ្នាក់ចរាចរម៉ូតូប៉ះម៉ូតូឬកៀគ្នា ។
ក្រោយពេលកើតហេតុនរគបាលប៉ុស្តិ៍បឹងកក់២ បាននាំស្ត្រីរងគ្រោះទៅព្យាបាល និងដាក់ពាក្យប្តឹងផងដែរ ៕ ស ដារ៉ា