ខេត្តកំពង់ចាម៖ ក្រោយពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំស្ដីពីវិធានការអនុវត្តបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេស រួចមក គេសង្កេតឃើញថា មានទីតាំងកត់ឆ្នោតកន្ទុយលេខជាច្រើនកន្លែង នៅពេញក្រុងកំពង់ចាម កំពុងបើកលេងយ៉ាងរលូន ដោយគ្មានចាត់ចំណាត់ការ ឬអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពីសំណាក់មន្ត្រីជំនាញធ្វើការចុះបង្ក្រាបឡើយ។
ជាក់ស្តែងទីតាំងឆ្នោតកន្ទុយលេខ ដែលគេស្គាល់ម្ចាស់ឈ្មោះ ចែមុំ ដែលកំពុងបើកយ៉ាងរលូន នៅតូបក្រោយសាលាមហោស្រព ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម តែម្តង។ រាល់ល្ងាចចាប់ពីម៉ោង២រសៀល ទៅដល់ម៉ោង៤កន្លះ គេតែងតែឃើញមានមនុស្សជាច្រើន មិនថា ចាស់ឬក្មេង ជិះម៉ូតូ ជិះឡានមកចាក់ឆ្នោត ដោយគ្មានញញើតសមត្ថកិច្ចឡើយ។
ប្រពលរដ្ឋនៅក្បែរនោះ បានសំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ចជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងឆ្នោតខាងលើផង ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សង្គមគ្រួសារ ហើយវាអាចកើតមានអំពើលួច ប្លន់ ឬប្រើអំពើហឹង្សារក្នុងគ្រួសារផងដែរ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅថ្មី ស្នងការខេត្តកំពង់ចាម បានចុះបង្ក្រាបចាប់អ្នកកត់ឆ្នោតម្នាក់ ដែលជាកូនកញ្ចែងមានឈ្មោះ ហ័ង ភេទប្រុស រស់នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ប៉ុន្តែចំពោះមេធំៗ មិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបឡើយ។
ករណីនេះ លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ភ្នាក់ងារសារព័ត៌មានថា លោកនឹងរកវិធានចុះបង្ក្រាប ចំពោះទីតាំងកត់ឆ្នោតទាំងនោះឲ្យខានតែបាន ទោះបីជាត្រូវបំបែកឆ្នាំងបាយខ្លួនឯងក៏ដោយ ៕