ភ្នំពេញ៖ ដើម្បីរឹតបន្តឹងការងារគ្រប់គ្រងរដ្ឋបាល ក្នុងក្នុងផ្សារច្បារអំពៅ អោយបានប្រសើរឡើងថែមទៀតនោះ ជាថ្មីម្តងទៀតលោកអភិបាលខណ្ឌច្បារអំពៅបានព្រមានចំៗទៅលើអ្នកគ្រប់គ្រងផ្សារច្បារអំពៅ ទាំងផ្សារលើ និងបន្លែអោយយកចិត្តទុកដាក់លើការងារប្រមូលភាស៊ីនៅក្នុងផ្សារ ជាពិសេសតម្លៃនៃការយកលុយផ្ញើកង់ម៉ូតូ និងរថយន្ត មិនត្រូវយកលុយលើសសៀវភៅបន្ទុកឡើយ ។
ប្រសាសន៍ណែនាំក្នុងន័យស្ថាបនាដើម្បីពង្រឹងការងារគ្រប់គ្រងនៅក្នុងផ្សារច្បារអំពៅទាំង២អោយមានប្រសិទ្ធនេះ បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌលើកទី៣៣ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៧ ក្រោមវត្តមានលោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៉ីផាន អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីមន្ត្រីជំនាញទទួលបន្ទុកអនុវត្តផែនការសកម្មភាពការងារគ្រប់ការិយាល័យ រួមទាំងចៅសង្កាត់ទាំង៨ ។
បន្ទាប់ពីសមាជិកក្រុមប្រឹក្សាលើកឡើងពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈ បញ្ហាសំរាម បញ្ហាអ្នកផ្ញើកង់ម៉ូតូនៅក្នុងផ្សារច្បារអំពៅយកលុយលើសសៀវភៅបន្ទុក និងសំណង់មួយអត់ច្បាប់ រួចមក លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាល ខណ្ឌ បញ្ជាក់ដូច្នេះថា លោកទទួលស្គាល់ថាផែនការសកម្មភាពដែលក្រុមការងារអនុវត្តកន្លងមកពិតជានៅមានចំនុចខ្វះខាតបន្សល់ទុកនូវបញ្ហាប្រឈម ដែលត្រូវរួមគ្នាដោះស្រាយបន្តទៀត ដូចជាការងារទារភាស៊ីនៅក្នុងផ្សានិងយកលុយផ្ញើកង់ម៉ូតូ លើសសៀវភៅបន្ទុក ចាប់ពីខែក្រោយនេះទៅ បើសិនមិនអនុវត្តតាមសៀវភៅបន្ទុកទេ ក្រុមការងារទទួលត្រូវធ្វើរបាយការជាក់ល័ក្ខទៅសាលារាជធានីភ្នំពេញ ដើម្បី សុំគោលការណ៍លុបកិច្ចសន្យាចោលមិនអោយអ្នកឯងធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្តគៀបសង្កត់បងប្អូនប្រជាពលរដ្ឋនោះទេ បញ្ហាយកលុយភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែង ល្អី ត្រូវតែបញ្ឈប់ បើនៅតែមានសកម្មភាពបែបនេះទៀត មិនបានជាដាច់ខាតគណៈកម្មការផ្សារត្រូវពិនិត្យឡើងវិញ ដោយឡែកបញ្ហាសំណង់អត់ច្បាប់ហេតុអ្វីបានជានៅតែកើតមានដដែល រាល់សំណង់ទាំងអស់មិនមែនសាង សង់១ថ្ងៃហើយនោះទេ ហេតុ អីបានជាអស់លោកចៅសង្កាត់មិនដឹង ឬមួយដឹងដែរតែលាក់លៀមមិនរាយការណ៍ នេះហើយជាបញ្ហា ។
លោកអភិបាលខណ្ឌបានបន្តថា ចំពោះបញ្ហាសណ្តាប់សាធារណៈត្រូវរួមគ្នាធ្វើបន្តទៀត ព្រោះបច្ចុប្បន្ននេះផ្លូវជាតិលេខ១កំពុងដំណើរការដ្ឋានសាងសង់ហើយផ្លូវកាត់ទទឹងមួយចំនួនត្រូវបានបិទ តែសូមអស់លោកចៅសង្កាត់ពាក់ព័ន្ធត្រូវគិតគូរពីបញ្ហាសណ្តាប់នេះផង កុំអង្គុយតែនៅហាងកាហ្វេ ។ ដោយឡែកបញ្ហាសំរាមពិនិត្យឃើញថាមានភាពល្អប្រសើរតែក៍នៅមានចំនុចមួយចំនួនធ្វើអោយប្រជាពលរដ្ឋរិះគន់ផងដែរ ដោយសារក្រុមហ៊ុនប្រមូលសំរាមកំណត់យក ថ្ងៃសេស ថ្ងៃគូ បែងចែក ទៅតាមសង្កាត់ទាំង៤ ទើបចុះមកប្រមូលម្តង ។ និយាយរួមបញ្ហាប្រឈមដែលនៅសេសសល់ទាំងប៉ុន្មាន យើងត្រូវរួមគ្នារកវិធីដោះស្រាយដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងសូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផងដែរ ៕ សណ្តោស