ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតអាមេរិកប្រកាសព័ត៌មាន៖ ស្ថានទូតអាមេរិកនិងមជ្ឈមណ្ឌល Education USA នឹងរៀបចំតាំងពិព័រណ៍ប្រចាំឆ្នាំស្តីពីការអប់រំនៅសហរដ្ឋអាមេរិក ឆ្នាំ២០១៧

ចែករំលែក៖

ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ និងការិយាល័យសំរាប់ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក (Education USA) នឹងរួមគ្នារៀបចំតាំងពិព័រណ៍ ឆ្នាំ២០១៧ស្តីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០១៧ពីម៉ោង ៣ រសៀលដល់ម៉ោង ៧ យប់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។ តំណាងចំនួន២០រូបមកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យឈានមុខក្នុងសហរដ្ឋអាមេរិកនឹងជំរាបជូនដល់សិស្សនិស្សិតកម្ពុជាស្តីអំពីកម្មវិធីសិក្សានៅថ្នាក់ឧត្តមសិក្សាលក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀននិងឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិក។ ស្ថាប័នចូលរួមដទៃទៀតនៅក្នុងពិព័រណ៍នេះនឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសំរាប់សិស្សនិស្សិតកម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៏ជាដើម។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយការិយាល័យEducationUSA ។ ការិយាល័យEducation USA គឺជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិកនិងសាកលវិទ្យាល័យបញ្ញាសាស្រ្តដែលផ្តល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃដល់សិស្សនិស្សិត ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក។ សេវាកម្មរបស់EducationUSAគឺឥតគិតថ្លៃនិងបើកចំហរដល់សាធារណជនទូទៅ។ ការិយាល័យរបស់ EducationUSAស្ថិតនៅក្នុងបណ្ណាល័យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តហើយបើកបំរើជូនសាធារណជន ៧ថ្ងៃក្នុងមួយសប្តាហ៏។

ព័ត៌មានខាងក្រោមនេះគឺសំរាប់អ្នកសារព័ត៌មានទៅចូលរួមយកព័ត៌មាននិងមិនមែនសំរាប់ ការចុះផ្សាយមុនពិធីនោះទេ។

ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកលោកWilliam Heidt និងឯកឧត្តមយក់ ង៉ុយរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានឹងទស្សនាការតាំងពិព័រណ៍នៅវេលាម៉ោងប្រហែល៣:៣០នាទី រសៀល។ អ្នកសារព័ត៌មានដែលចង់ចូលយកព័ត៌មាននៅក្នុងពិព័រណ៍នេះគួរទៅដល់កន្លែងតាំងពិព័រណ៍ក្នុងសណ្ឋាគារអាំងទែកុងទីណង់តាល់ត្រឹមម៉ោង៣ រសៀល។

ចំពោះព័ត៌មានបន្ថែមសូមចូលមើលគេហទំព័រhttp://cambodia.usembassy.gov/educationusa_fair.htmlឬទាក់ទងមកការិយាល័យEducationUSAតាមរយះលេខទូរស័ព្ទ ០១២ ៨៧៦ ៧៤៩ ៕

 


ចែករំលែក៖