ព័ត៌មានទាន់ហេតុការណ៍៖

សោកនាដកម្មដ៏រន្ធត់ឆក់យកអាយុជីវិតកុមារីចំនួន៧នាក់ក្នុងចំណោម១០នាក់ដែលនាំគ្នាជិះកូនទូកឈើចុះបេះផ្លែឈូក

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ សោកនាដកម្មដ៏រន្ធត់ឆក់យកអាយុជីវិតកុមារីចំនួន៧នាក់ ក្នុងចំណោម១០នាក់ដែលនាំគ្នាជិះកូនទូកឈើចុះបេះផ្លែឈូក នៅក្នុងដៃបឹងព្រែកទប់ ដែលមានទីតាំងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់៣ បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅចំណុចកើតហេតុខាងលើ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា កុមារីរងគ្រោះបាត់បង់ជីវិតមានឈ្មោះ៖

១-មឿង ស្រីគា ភេទស្រី អាយុ ១០ឆ្នាំ។

២-មឿង ស្រីគីម អាយុ ១១ឆ្នាំ។

៣-មឿង បូស្រីកា អាយុ ១២ឆ្នាំ ។

៤-ម៉េង ស្រីណុច អាយុ៦ឆ្នាំ ។

៥- ហៅ ស្រីឃ្មឹប អាយុ១០ឆ្នាំ។

៦- ជា សុខនឿន អាយុ ៧ឆ្នាំ ។

៧- ជ្រាន់ សុីអ៊ុី អាយុ ១៣ឆ្នាំ ទាំង៧នាក់ខាងលើមានទីលំនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមការរៀបរាប់របស់កុមារា ឈ្មោះ ថន ចាន់នី អាយុ១០ឆ្នាំ ដែលរួចផុតពីស្លាប់ក្នុងករណីលង់ទឹកខាងលើបានឲ្យដឹងថា មុនកើតហេតុ ក្រុមកុមារីបានបបួលគ្នីគ្នាចំនួន១០នាក់ទៅបេះផ្លែឈូកនៅក្នុងដៃបឹងព្រែកទប់ខាងលើនោះ ។ ពេលមកដល់ចំណុចកើតហេតុ ពួកគេនាំគ្នាចុះជិះកូនទូកឈើ ដែលចតចោលនៅកន្លែងកើតហេតុ លុះនាំគ្នាអុំទូកទៅដល់ចំណុចកណ្តាល ដោយសារតែទូកតូចពេកទ្រទៅនឹងទម្ងន់ជិះមិនបាន ក៏បណ្តាលឲ្យលិចតែម្តង។

ដោយឡែកកុមារាថន ចាន់នី ក៏ខំប្រឹងហែលមកគោកវិញហើយក៏ប្រញិបប្រញាប់រត់ទៅហៅជនបរទេស ដែលកំពុងដើរហាត់ប្រាណក្បែរនោះឲ្យមកជួយស្រង់កុមារីផ្សេងទៀត ប៉ុន្តែជាអកុសល ជនបរទេសមកដល់ និងអ្នកជិតខាងផ្សេងទៀតមកដល់ចុះជួយសង្គ្រោះរាវរកឃើញកុមារីទាំង៧នាក់បានបាត់បង់ជីវិតអស់ទៅហើយ។

ដោយសារតែក្រុមគ្រួសារ មិនអស់ចិត្តក៏បាននាំយកកុមារីទាំង៧នាក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានពិនិត្យឃើញថា កុមារីទាំង៧នាក់បានដាច់ខ្យល់ស្លាប់អស់ទៅហើយ មិនអាចជួយសង្គ្រោះបានទេ។

ក្រោយកើតហេតុសាកសពកុមារីទាំង៧នាក់ត្រូវបានក្រុមគ្រូពេទ្យប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី ៕ ឆ្លាម សមុទ្រ

unnamed (1) unnamed (2) unnamed

a
sss
ae d


ចែករំលែក៖