ប៉ោយប៉ែតៈ នគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុគ្គលិកលក់បាល់តាមប្រព័ន្ធអ៊ីនធើណេត ម្នាក់ និងដកហូតសម្ភារៈវត្ថុតាង កាលពីវេលម៉ោង២និង៣៥នាទីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៧ នៅក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ព្រហ្ម ពិសិទ្ធ អធិការងផែនព្រហ្មទណ្ឌបានប្រាប់ថា បុគ្គលិកដែលលក់បាល់តាមប្រព័ន្ធអ៊ីនធើណេតនោះមានឈ្មោះ សុខ ដាលីន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងឧបករណ៍ដែលបម្រើឲ្យក្នុងការលក់ល្បែងបាល់តាមប្រព័ន្ធអ៊ីនធើណេតចំនួន១០ឈុត ទូរទស្សន៍មួយគ្រឿងផងដែរ ។
លោកបញ្ជាក់ថា ការចុះបង្ក្រាបបនល្បែងខាងលើនេះ ក្រោមការចង្អុលបង្ហាញពី លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងបញ្ជាផ្ទាល់ដោយលោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែត ទើបឈានទៅអនុវត្ត និងដកហូតវត្ថុតាងខាងលើនេះ រួមទាំងបុគ្គលិកម្នាក់ ។ ក្រោយពីការដកហូតវត្ថុតាងដែលបម្រើឲ្យល្បែងស៊ីសងខុសច្បាប់ រួមទាំងបុគ្គលិកបម្រើការងារ មកអធិការក្រុងប៉ោយប៉ែត ដើម្បីសាកសួរធ្វើកំណតហេតុ រកម្ចាស់ទីតាំងពិតប្រាកដថា តើជារបស់អ្នកណា?
លោកបន្តថា បុគ្គលិកដែលបម្រើការលក់ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធើណេតខាងលើនេះ រួមទាំងវត្តុតាង ក្រោយពីការសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតមានការត្រេកអរជាខ្លាំង ចំពោះនគរបាលក្រុងប៉ោយប៉ែតបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិ ឃុំរបស់គាត់ ។ ល្បែងទាំងនេះហើយដែលធ្វើឲ្យមានអសន្តិសុខក្នុងភូមិ និងកើតមានដល់អំពើហិងង្សារក្នុងគ្រួសារ ។
ពួកគាត់បញ្ជាក់ថា មានល្បែងស៊ីសងមួយចំនួនធំៗនៅក្រុងប៉ោយប៉ែត ហើយល្បែងទាំងនោះ គីមានសមត្ថកិច្ចជាអ្នកនៅពីក្រោយខ្នងរហូតដល់ទៅថ្នាក់មេបញ្ជាការរងផងដែរ បើសិនជានគរបាលបង្ក្រាបទីតាំងទាំងនោះទៀត គីជាការល្អប្រសើរបំផុត នៅភូមិឃុំ មានសុវត្ថិភាព ទោះយ៉ាងណា ពលរដ្ឋសង្ឃឹមជាខ្លាំងនៅល្បែងធំៗ ដែលមានអ្នកនៅពីក្រោយខ្នង គីជាសមត្ថកិច្ច ដូចជាសង្វៀនជល់មាន់ ដែលយកទីតាំងកាស៊ីណូហ្កូដិនក្រោមធ្វើជាខ្នងបង្អែកជាយូរឆ្នាំមិនដែលបង្ក្រាបឡើយ ៕ វណ្ណា