ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានធ្វើការ អំពាវនាវឲ្យម្តាយគ្រប់រូប និង ស្ដ្រីគ្រប់រូបកុំឲ្យចាញ់ឧបាយកល ពីជនខិខូច និងអប់រំកូនឲ្យចៀសផុតពីគ្រឿង ញៀន និងចូលរួម គោរពច្បាប់ចរាចរណ៍ ឲ្យបានទាំអស់គ្នា លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋ មន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការអំពាវនាវបែបនេះ ខណៈ លោកស្រី បានដឹកនាំបងប្អូនស្រ្តីៗ នៅក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ១៥០នាក់ ប្រារព្ធទិវាអន្តរ ជាតិនារី ៨មិនា នៅរសៀល ថ្ងៃទី០៧ មីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ។
លោកស្រី សុភ័ក្រ ផាវី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន បញ្ជាក់ថា៖ ទិវាអន្តរជាតិនារី ៨មិនា ឆ្នាំ២០១៧នេះ ពិតជាមានអត្ថន័យណាស់ ដោយកម្ពុជា បានជ្រើសរើស ប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព ក្នុងគោលបំណងរំលឹកពី ការតស៊ូរបស់នារីទូទាំង ពិភពលោក ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើគ្នា រវាងបុរស និងស្ត្រី ហើយក៏មានស្នាដៃ និងសមិទ្ធផលនានាដូចគ្នាទៅនឹងបុរសដែរ។ ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ស្ត្រីមានសិទ្ធិគ្រប់គ្រាន់ មានតួនាទីធំៗ នៅតាមអង្គភាពសំខាន់ៗ គ្រប់អង្គភាពរបស់រាជរដ្ឋាភិបាល។
លោកស្រីបន្តថា ៖ បច្ចុប្បនេះបងប្អូន ស្ដ្រីយើង កំពុងចូលរួម បំផុស និងកៀរគរប្រជាពលរដ្ឋឲ្យរួមគ្នាដើម្បីឈានទៅសម្រេចបាន នូវសកម្មភាពពិតប្រាកដ រវាងបុរស និងស្ត្រី។ ហើយស្ដ្រីជាថ្នាក់ដឹកនាំ ត្រូវ ធ្វើ ការប្តេជ្ញាចិត្ត ដ៏ខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ស្ត្រី អំពីភាពក្រីក្រ អំពីការអប់រំសុខភាព អំពើហឹង្សា នារីក្នុងរចនាសម្ព័ន្ធនយោបាយ និងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្តី សម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចំរើនរបស់នារី សិទ្ធិរបស់នារី នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានអញ្ជើញតំណាងនារី ចូលរួមរាល់កម្មវិធីនានា ក្នុងន័យឲ្យស្រ្តីមានតួនាទីស្មើគ្នា និងអនុញ្ញាតឲ្យនារីដោះស្រាយកិច្ចការផ្សេៗ តាមមូលដ្ឋាន បានប្រាស្រ័យជាមួយប្រជាពលរដ្ឋគ្រប់រូបភាព។
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ពិធីរំលឹកខួបលើកទី១០៦ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៧ នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ ស្ត្រីដើម្បីសុខសន្តិភាពនិងវឌ្ឍនភាព ជាប្រធានបទយ៉ាងល្អប្រពៃ ស្របតាមការដឹកនាំរបស់ រាជរដ្ឋភិបាល បច្ចុប្បន្នកំពុងមានការអភិវឌ្ឍ ដែលស្ត្រីគ្រប់រូបបានឃើញ ស្រាប់ និងបានឮគ្រប់ៗគ្នា។
លោកស្រីបន្តថា ៖ ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ ដែលបន្ទាប់ពីបានរំដោះចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត មក ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ ឲ្យមានការប្រារព្ធពិធីរំលឹកខួប នៃការទទួលស្គាល់សិទ្ធិស្ត្រីនេះឡើង នៅតាមស្ថាប័នគ្រប់លំ ដាប់ថ្នាក់នៅទូទាំងប្រទេស រួមជាមួយនឹងការយកចិត្តទុកដាក់ ផ្តល់តម្លៃយ៉ាងខ្ពស់ ពីរាជរដ្ឋាភិបាល ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបង្កលក្ខណៈឲ្យមានការតែងតាំង ដំឡើងឋានៈ តួនាទីស្ត្រី ជាបន្តបន្ទាប់ និងបង្កើនអាយុចូលនិវត្តរបស់មន្ត្រីរាជការ និយោជិតនារី ដែលជាវិធានការបន្ទាន់ ដើម្បីលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងសង្គមកម្ពុជា។
លោកស្រី បានបញ្ជាក់ថា ៖ ក្នុងនាមយើងជាស្ដ្រី ក្នុងជួរថ្នាក់ដឹកនាំ និងក្នុងនាមយើងជាម្តាយ ត្រូវមានការណែនាំដល់កូនចៅ ពីផលប៉ះពាល់របស់គ្រឿង ញៀន ក្នុងនោះ ការមិនគោរពច្បាប់ផងដែរ ដើម្បីកូនចៅ របស់យើង បានគេចផុតពីការប្រើប្រាស់គ្រឿងញៀន ហើយ ឈប់ចាញ់បោកពួកក្រុម ជួញដូរគ្រឿងញៀន កសាងខ្លួនឲ្យបានទាន់ពេលវេលា ដើម្បីអនាគតក្រុមគ្រួសារយើង ៕ សំរិត