ព័ត៌មានទាន់ហេតុការណ៍៖

ផាត់ ពិដោរ ចាប់ផ្តើមកម្រើកទីផ្សារសម្តែង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង និងតារាចម្រៀង លោកផាត់ ពិដោរ បានបង្ហាញវត្តមានក្នុងកម្មវិធីប្រគំតន្ត្រី និងថតបទចម្រៀងមួយចំនួនរបស់ផលិតកម្មក្នុងស្រុកមួយចំនួន ។

ថ្មីនេះ លោកចាប់ផ្តើមទទួលបានការសម្តែងបទចម្រៀងថ្មីៗបន្តបន្ទាប់ សម្រាប់ផលិតកម្មថោន ដើម្បីផ្គត់ផ្គង់ទីផ្សារបទចម្រៀង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។

តារាចម្រៀង និងសម្តែង លោក ផាត់ ពិដោរ ចាប់ផ្តើមមានមុខមាត់ក្នុងការងារសិល្បៈមួយចំនួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសក្រោយពេលលោកបង្ហាញវត្តមានញឹកញាប់ក្នុងកម្មវិធីប្រគំតន្ត្រី ដែលផលិតដោយ អង្គការ៉ាក់ ដែលត្រូវបានធ្វើឡើងនៅតាមបណ្តារោងចក្រមួយចំនួន ។

តារាចម្រៀង និងសម្តែងរូបនេះបញ្ជាក់ថា ការងារសិល្បៈរបស់លោកបានរីកចម្រើនជាងមុនបន្តិច បើធៀបនឹងឆ្នាំមុន ។ រីកចម្រើន ព្រោះតែមានការងារថ្មីៗបន្តបន្ទាប់ជាហូរហែ។ លោកថា ថ្មីនេះលោកទើបនឹងបញ្ចប់ការសម្តែងក្នុងបទចម្រៀងខារ៉ាអូខេចំនួន៣បទឲ្យផលិតកម្មថោន មានដូចជាបទ «ផឹកស៊ីហាមរត់» របស់តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មថោន គឺលោក ខេម។ បទទីពីរគឺបទ «ក្រមុំថ្ពាល់ខួច» របស់លោក គូម៉ា និងបទចម្រៀងថ្មីរបស់ នាង កាតុ និងលោក រ៉ូលីន គឺបទ «ខ្ញុំមិនចេះរាំទេ» ។

លោកថា បទចម្រៀងទាំងនេះ លោកសម្តែងជាតួឯកផង និងតួរងខ្លះផង ហើយសុទ្ធតែជាបទចម្រៀងល្បី និងគួរជាទីចាប់អារម្មណ៍សម្រាប់អ្នកស្តាប់។ លោកថាបទចម្រៀងទាំងនេះ ត្រូវបានថតនៅតំបន់ស្រុកស្រែចម្ការ ពិសេសក្នុងតំបន់ភ្នំបាសិតឲ្យត្រូវទៅនឹងអត្ថន័យនៃបទចម្រៀង និងស្របទៅតាមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។ តារាប្រុសវ័យ២៣ឆ្នាំរូបនេះលើកឡើងដែរថា ក្រៅពីបទចម្រៀងទាំងនេះ លោកក៏បានចូលរួមថតបទចម្រៀងជាច្រើនទៀតផងដែរ ។

លោករំពឹងដែរថា បទចម្រៀងថ្មីដែលលោកចូលរួមសម្តែងនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

ក្រោយពីបញ្ចប់ការងារសម្តែង និងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីមួយចំនួនមកឆ្នាំថ្មីនេះលោក ក៏ទទួលបានឱកាសការងារសិល្បៈថ្មីបន្តបន្ទាប់ពីអ្នកផលិតកម្មវិធីមួយចំនួនផងដែរ។ អ្វីដែលលោកធ្វើនៅពេលនេះគឺការខិតខំប្រឹងប្រែងទាំងការច្រៀង និងសម្តែងដើម្បីទទួលបានការគាំកាន់តែច្រើនពីទស្សនិកជន៕ វឌ្ឍនា

ae (1) ae (2) ae (3) ae (4) ae (5) ae (6) ae (7) ae (8) ae (9) IMG_5493 IMG_5494


ចែករំលែក៖