ព័ត៌មានទាន់ហេតុការណ៍៖

ចេន សាយចៃ ថាផលិតកម្មថោន លើកមុខមាត់តារាចម្រៀងខ្មែរសុរិន្ទខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល២ឆ្នាំហើយ ដែលតារាចម្រៀងខ្មែរសុរិន្ទ អ្នកនាង ចេន សាយចៃ បានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើល ដោយជ្រកក្រោមដំបូលផលិតកម្មថោន។ បទចម្រៀងថ្មីៗជាច្រើនត្រូវបានផលិតកម្មផ្តល់ឲ្យនាងដែលនាងចាត់ទុកថា ជាការលើកមុខមាត់ខ្លាំងសម្រាប់អ្នកចម្រៀង ក៏ដូចជាមុខមាត់ប្រជាជនខ្មែរសុរិន្ទ ។

ក្នុងឆ្នាំថ្មីនេះ នាងច្រៀង២វគ្គ គឺទីមួយគឺការច្រៀងតាមលំនាំបទចម្រៀងមរតកដើម និងវគ្គទី២ គឺបទចម្រៀងថ្មីដែលផលិតកម្មបានផ្តល់ជូន ដែលមានទាំងបទចម្រៀង ច្រៀងទោល និងបទចម្រៀងច្រៀងឆ្លើយឆ្លងជាមួយតារាចម្រៀងសុរិន្ទ លោក ខុង ឃុយ។ នាងបញ្ជាក់ថា សរុបបទចម្រៀងដែលផលិតកម្មផ្តល់ឲ្យនាងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ គឺប្រមាណ១៤បទ ។ អ្នកនាងបានកោតសរសើរចំពោះផលិតកម្មថោន ដែលបានផ្តល់ឱកាស ផ្តល់តម្លៃលើកមុខមាត់អ្នកចម្រៀងខ្មែរសុរិន្ទ ទាំងរូបនាង ទាំងលោកលោក ខុង ឃុយ។

អ្នកនាងបញ្ជាក់ថា ក្នុងចំណោមបទចម្រៀង ដែលនាងបានច្រៀង គឺនាងពេញចិត្តទាំងអស់ មិនថា តែជាបទថ្មី ឬបទមរតកដើមទេ ។ នាងថា បទចម្រៀងមរតកដើម បានធ្វើឲ្យនាងមានមោទនភាពនៅពេលដែលបានច្រៀង បើទោះបីជាពេលខ្លះនាងច្រៀងមិនបានល្អដូចពួកគាត់ក្តី ក៏នាងសប្បាយចិត្ត និងរំពឹងថា ទស្សនិកជនយោគយល់អធ្យាស្រ័យចំពោះនាង និងតារាចម្រៀងខ្មែរសុរិន្ទដទៃទៀត។ នាងថា បទចម្រៀងដែលនិពន្ធថ្មី ដោយអ្នកនិពន្ធខ្មែរ ពិតជាធ្វើឲ្យនាងកាន់តែសប្បាយចិត្ត ព្រោះតែនាងមានឱកាសច្រៀងនូវអ្វីដែលនាងចង់បាន និងប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួនក្នុងការច្រៀង ។

តារាចម្រៀងរូបនេះបញ្ជាក់ដែរថា បច្ចុប្បន្ននាងទទួលបានការលើកទឹកចិត្តច្រើនពីផលិតកម្ម និងប្រជាជនខ្មែរជាច្រើន។ នាងថាពិតជាមានអារម្មណ៍រំភើបរកអ្វីប្រៀបមិនបាន ព្រោះតែកម្មវិធីប្រគំតន្ត្រីតាមស្រុកស្រែជនបទជាច្រើន មានអ្នកគាំទ្រច្រើន ហើយបើទោះបីជាផ្លូវឆ្ងាយគាត់ក៏នៅតែតស៊ូមកទស្សនាមកគាំទ្រ។ គ្រាដែលទីផ្សារការងារនៅស្រុកខ្មែរកំពុងហក់ឡើងនេះដែរ នាងចង់បានលំនៅឋានផ្ទាល់ខ្លួនមួយដើម្បីស្នាក់នៅជៀសវាងការស្នាក់នៅសណ្ឋាគារដែលនាំឲ្យមានការចំណាយខ្ពស់។ អ្នកនាងបញ្ជាក់ថា នាងនៅតែឡើងចុះទៅមកសុរិន្ទ និងភ្នំពេញ តាមរយៈរថយន្តដោយត្រូវចំណាយពេលជាច្រើនម៉ោង ។

នាងរំពឹងដែរថា បទចម្រៀងថ្មីៗរបស់នាងនឹងទទួលបានការគាំទ្រពីប្រជាជនខ្មែរកាន់តែច្រើនឡើងថែមទៀត ហើយនាងរំពឹងដែរថា នឹងមានវត្តមានតារាចម្រៀងខ្មែរសុរិន្ទផ្សេងទៀតបង្ហាញវត្តមាននៅកម្ពុជា៕ វឌ្ឍនា

p (4) IMG_4707 IMG_4694 IMG_4691


ចែករំលែក៖