ព័ត៌មានទាន់ហេតុការណ៍៖

ចោរ៣នាក់ប្រដាប់ដោយកាំភ្លើងមួយដើមចូលប្លន់ផ្ទះអ្នកស្រុកយកមាសអស់ជិត១តម្លឹង

ចែករំលែក៖

ខេត្តព្រៃវែង៖ ក្រុមចោរប្លន់ប្រដាប់អាវុធមានគ្នា៣នាក់បានធ្វើសកម្មភាពចូលភ្ជង់សម្លុតប្តីប្រពន្ធនៅស្រុកកំពង់ដោយចាប់ប្តីចង រួចប្រតាយប្រតប់ឆក់យកខ្សែក ខ្សៃដៃ ក្រវិល ពីប្រពន្ធអស់ជិត១តម្លឹងរួចគេចខ្លួនបាត់អស់ ។ ករណីប្លន់នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃស្នួល ឃុំតោខូត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ នេត មិត្ត អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ឡុង សាវ៉េន អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរង គ្រោះជាប្តីបានឲ្យដឹងថា ក្រុមចោរចំនួន ៣នាក់បានចូលមកដល់ក្នុងបន្ទប់រួចសម្លុតរូបគាត់ដោយឲ្យផ្កាប់មុខហើយចងដៃមកក្រោយ។ ខណៈនោះចោរម្នាក់បានភ្ជង់គាត់ ជាប់និង២នាក់ទៀតទៅចាប់ដៃប្រពន្ធរបស់ គាត់ហើយប្រតាយប្រតប់ឆក់យកខ្សែក មាសអស់១កំណាត់ទម្ងន់៤ជី ខ្សែដៃមាស ១ខ្សែ ទម្ងន់៥ជី ក្រវិលមាសម្ខាងទម្ងន់២ជី ៥ហ៊ុនសរុបចំនួន៩ជី២ហ៊ុន៥លី។ លោក បន្តថា ក្រុមចោរមិនមានផ្ទុះអាវុធទេហើយ ក្រុមចោរហាក់មានការផ្អើលៗពេលកំពុងធ្វើសកម្មភាពបន្ទាប់មកក្រុមចោរក៏បានរត់គេចបាត់ស្រមោល ។

អធិការនគរបាលស្រុកមេសាងលោក នៅ ហាច បានឲ្យដឹងថា ករណីប្លន់កាលពី យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ មិនមែន ជាទឹកដីរបស់លោកទេប៉ុន្តែជាប់ព្រំប្រទល់។ លោកបន្តថា ករណីនេះជនសង្ស័យមាន គ្នា៣នាក់ប្រដាប់ដោយកាំភ្លើងអាកាមួយ ដើម ហើយពេលនេះសមត្ថកិច្ចកំពុងសហការចុះពិនិត្យនៅកន្លែងកើតហេតុនិងស្រាវជ្រាវ ។

ដោយឡែកអធិការនគរបាលស្រុកកំពង់ ត្របែកលោក សឿន សំអឿន បានឆ្លើយតប ថា ករណីនេះហាក់ស្រពេចស្រពិល។ ប៉ុន្តែ លោកមិនបានពន្យល់លម្អិតជុំវិញករណីប្លន់ ទេ ដោយលោកបញ្ជាក់បែបខ្លីថា នគរបាល កំពុងពិនិត្យបន្ថែមនៅកន្លែងកើតហេតុ ។

លោកឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នង ការខេត្តព្រៃវែងបានឲ្យដឹងថា ករណីនេះ មិនមានផ្ទុះអាវុធ ឬប្រើហិង្សាអ្វីធ្ងន់ធ្ងរនោះ ទេក្រុមចោរបានធ្វើសកម្មភាពប្រហែល៣នាទីប៉ុណ្ណោះរួចក៏រត់បាត់ភ្លាម។ ចំណែកអាវុធដែលក្រុមជនសង្ស័យយកមកធ្វើ សកម្មភាពនោះគឺមិនទាន់ស្គាល់ម៉ាកទេ ព្រោះពេលយប់ ។

លោកស្នងការបន្តថា ចំពោះមុខសញ្ញា យើងនៅមិនទាន់កំណត់បាននោះទេហើយ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុតដើម្បីវែកមុខជនដៃដល់យកមកផ្ដន្ទាទោសតាមនីតិវិធី ៕ ហេង នរិន្ទ្រ

1


ចែករំលែក៖