ព័ត៌មានទាន់ហេតុការណ៍៖

​ប្រជាពលរដ្ឋ​ខណ្ឌសែនសុខព្រួយ​បារម្ភ​ចំពោះ​បទល្មើស​លួច ឆក់ និង​ប្លន់បន្ត​កើត​មាន​ច្រើន​ជាហូរហែ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋខណ្ឌសែនសុខបង្ហាញការព្រួយបារម្ភចំពោះបទល្មើសលួច ឆក់ និងប្លន់បន្តកើតមានច្រើនជាហូរហែ ដែលបានធ្វើសកម្មភាពយ៉ាងកក្រើកទូទាំងខណ្ឌ ជាពិសេសក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លាតែម្តង ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធចាប់ជនសង្ស័យទាំងនោះមិនបាន។

ក្តីព្រួយបារម្ភនេះ ដោយសារក្នុងរយៈពេលចុងក្រោយនេះ មានករណីក្រុមជនល្មើស បានធ្វើសកម្មភាពយ៉ាងកក្រើកមិនញញើតសមត្ថកិច្ចសោះ ចំពោះករណីចោរឆក់ និងកាច់កម៉ូតូវិញ កើតឡើងក្នុងមួយថ្ងៃ២ដងក៏មាន ជនសង្ស័យបន្តធ្វើសកម្មភាពជាប់ៗគ្នាទៀតផង ហើយជនល្មើសអាចគេចខ្លួនដោយសុវត្ថិភាព ។

fe (3)

បទល្មើសលួច ឆក់ និងប្លន់បន្តកើតមានច្រើនជាហូរហែ ដែលបានធ្វើសកម្មភាពយ៉ាងកក្រើកទូទាំងខណ្ឌ ជាពិសេសក្នុងសង្កាត់ភ្នំពេញថ្មី និងសង្កាត់ទឹកថ្លាតែម្តង

ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-8447 ត្រូវបានជនសង្ស័យធ្វើសកម្មភាពកាច់សោ.ក យកទៅបាត់ទាំងកណ្តាលថ្ងៃត្រង់ នៅចំណុច ភូមិក្រុងថ្មី (ធុងកៅស៊ូ) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីជនរងគ្រោះឈ្មោះ ជុំ សារ៉េត ភេទប្រុស ស្នាក់នៅទីតាំងកើតហេតុខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅមុខផ្ទះដោយចាក់សោ.កត្រឹមត្រូវ បន្តិចក្រោយមក គាត់បានឃើញបុរសម្នាក់បានដើរសំដៅទៅមុខផ្ទះរបស់គាត់ ពេលនោះគាត់បានស្រែកសួរថា រកអី? មកៗ ហូបបាយជាគ្នា?(ហៅយកគួរសម) ភ្លាមនោះ ស្រាប់តែជនសង្ស័យបានយកឧបករណ៍បុកផ្តាច់សោ.ក ម៉ូតូរបស់គាត់ រួចឡើងជិះគេចខ្លួនយ៉ាងលឿន ទោះបីគាត់ខំស្រែកឲ្យមានការផ្អើលឆោឡោដល់អ្នកភូមិជួយដេញចាប់ យ៉ាងណាក៏ដោយ ក៏តាមចាប់មិនបាន ពីព្រោះជនសង្ស័យបើកម៉ូតូលឿនដូចហោះ គ្មានខ្លាចញញើតអ្វីឡើយ ។

fe (2)

ជនរងគ្រោះឈ្មោះ ជុំ សារ៉េត ភេទប្រុស ស្នាក់នៅទីតាំងកើតហេតុខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានទុកម៉ូតូនៅមុខផ្ទះដោយចាក់សោ.កត្រឹមត្រូវ

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ មានករណីចោរឆក់ ទូរស័ព្ទ iphone 6 មួយគ្រឿង ពីនារីរងគ្រោះម្នាក់បានសម្រេចផងដែរ ស្ថិតនៅលើកំណាត់ផ្លូវលេខ១០០៧ ក្រុម៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពឲ្យដឹងថា ជនសង្ស័យ ជិះម៉ូតូ ម៉ាក ហុងដា ឆ្នាំ ២០១២ ពាក់ស្លាកលេខ កំពង់ចាម ៤៤៨៤ ។

តាមរបាយណ៍ត្រួសៗស្តីពីសកម្មភាពបទល្មើស លួច ឆក់ ប្លន់ នៅដើមឆ្នាំ២០១៧ កើនឡើងប្រមាណជាង១៥លើក ក្នុងនោះសមត្ថកិច្ចបង្ក្រាបចោរឆក់បានតែ២លើកប៉ុណ្ណោះ ។

ប្រជាពលរដ្ឋលើកឡើងថា កម្លាំងនគរបាល ឃើញមានដាក់ពង្រាយនៅតាមផ្លូវមួយចំនួនដែរ ប៉ុន្តែហេតុអ្វីជនល្មើសធ្វើសកម្មភាព លួច ប្លន់ និងឆក់កាបូបជាដើម សមត្ថកិច្ចចាប់ជនបង្កមកផ្ដន្ទាទោសមិនបានទៅវិញ កម្លាំងទាំងនោះហាក់ខ្សោយជាងក្រុមចោរឆក់ ចោរប្លន់។

fe

ពួកគាត់បន្តថា បទល្មើស លួច ឆក់ ប្លន់កក្រើកក្នុងខណ្ឌជាប់ៗគ្នាបែបនេះ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទះសម្បែងនៅខណ្ឌសែនសុខទាំងមូល ប៉ុន្តែមកដល់ពេលនេះ សមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចាប់ជនល្មើសយកមកផ្ដន្ទាទោសបាននៅឡើយទេ៖ «អាជ្ញាធរគួរពង្រឹងនូវសន្តិសុខបន្ថែមទៀត ពីព្រោះបទល្មើសដែលកើតឡើង គឺឃើញស្ដែងៗ ហើយចាប់ជនបង្កមិនបាននេះ គឺមានការសោកស្ដាយមែនទែន ។ ករណីប្លន់ ឆក់កាបូប និងចោរកាច់កម៉ូតូនាខណ្ឌសែនសុខ បានបន្តកើតមានជាច្រើនករណីនៅចុងឆមាសទី១ ឆ្នាំ២០១៧ នេះ ។ ហើយសមត្ថកិច្ចចាប់ជនល្មើសមកផ្ដន្ទាទោសមិនទាន់បានទេ ពិសេស ករណីចោរប្លន់ និង កាច់ក ម៉ូតូ»។

បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែនសុខ ត្រូវប្រុងប្រយ័ត្នសម្ភារៈនៅជាប់ខ្លួនឲ្យបានខ្ពស់ ព្រោះបើមិនដូច្នេះទេ នឹងត្រូវបាត់បង់ ដោយក្រុមចោរឆក់កាបូប ជាដើម។ ពួកគាត់ថា សព្វថ្ងៃក្រុមចោរឆក់កាបូបហ៊ានធ្វើសកម្មភាពបើកទ្វាររថយន្តយកសម្ភារៈ និងឆក់កាបូបតាមដងផ្លូវ ហើយកើតមានច្រើនករណីមកហើយ ។

ទោះយ៉ាងណា ក្រុមប្រជាពលរដ្ឋចោទថា បទល្មើសចោរលួចកាច់កម៉ូតូ ឆក់ ពិសេសករណីប្លន់ម៉ូតូ និងឆក់កាបូប កក្រើកជាប់ៗគ្នា នៅខណ្ឌសែនសុខអាចបណ្ដាលមកពីបទល្មើសល្បែងភ្នាល់កើតមានអនាធិបតេយ្យ ហើយអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌ នេះគ្មានវិធានការបង្ក្រាបទេ ។ បទល្មើសល្បែងស៊ីសងទាំងនោះ មានដូចជា ទីតាំងជល់មាន់ ចាក់កន្ទុយលេខ និងល្បែងភ្នាល់បាល់ ជាដើម បានកើតមានរីកដូចផ្សិត និងមានបុគ្គលជាកម្លាំងសមត្ថកិច្ចមួយចំនួនក្នុងមូលដ្ឋានខណ្ឌមួយនេះ ជាអ្នកកាងការពារទីតាំងល្បែងស៊ីសងទាំងនោះ ជាថ្នូរទទួលបានសំណូកលុយកាក់ប្រចាំថ្ងៃ និងប្រចាំខែ ជាដើម ទើបកម្លាំងសមត្ថកិច្ចគ្មានវិធានការបង្ក្រាបមកដល់ពេលនេះ៕ តុង សីហា

 


ចែករំលែក៖