បន្ទាយមានជ័យ ៖ នៅក្នុងជំនួបសាកសួរសុខទុក្ខ ប្រជា ពលរដ្ឋប្រមាណ៣០០គ្រួសារ នៅស្រុកបាលិល័យ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយកតដ្ឋមន្រ្តី បានផ្តាំផ្ញើ ឲ្យប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សូមកុំភ្លេច ត្រៀមខ្លួនដើម្បីទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ , សង្កាត់ឲ្យបាន គ្រប់ៗគ្នា ដើម្បីបំពេញ តួនាទី ភារកិច្ចរបស់បងប្អូន ព្រោះនៅសល់តែ រយៈពេល០២ខែទៀតប៉ុណ្ណោះ ដែលការបោះឆ្នោតនឹងចាប់ផ្តើម។ លោកអូស្មាន ហាស្សាន់ បានអំពាវនាវបែបនេះ ខណៈលោក ចុះសួរសុខទុក្ខបងប្អូនសាសនិក ឥស្លាម កាលពី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ សន្តិភាពទាំងមូលកើតឡើង ដោយសារតែការលះបង់ឈាមស្រស់របស់ប្រមុខរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងប្រមុខដឹកនាំគណៈបក្សប្រជាជនកម្ពុជា។ ហើយសន្តិភាពនៅតែបន្តកើតមានក៏ដោយសារតែការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់បងប្អូនក្នុងការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ ហេតុនេះ សូមឲ្យការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ បងប្អូន មេត្តាបន្តនៅជាមួយជម្រើសដ៏ល្អរបស់បងប្អូន ដើម្បីយើងបន្តរស់នៅលើនាវាសន្តិភាពជាមួយគ្នា និង ការអភិវឌ្ឍ ប្រទេសជាតិរួមគ្នា។
ក្នុងនាមលោកតំណាងឲ្យប្រជាពលរដ្ឋមួយរូបដែរនោះ លោក ក៏សូមចូលរូម អបអរសាទរ និង កោតសរសើរពី ការដឹកនាំ និងការផ្តល់នូវភាពកក់ក្តៅរបស់ប្រមុខរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ ទន្ទឹមនិងនេះដែរ លោកគ្រូ អ្នកគ្រូខ្មែេឥស្លាម ក៏បានសម្តែងការត្រេកអរ ចំពោះដំណោះស្រាយរបស់រដ្ឋាភិបាល ដែលបានរំដោះទុក្ខលំបាករបស់ពួកគាត់ដែល បង្រៀនទាំងគ្មានប្រាក់បៀវត្សរាប់ទស្សវត្សន៍កន្លងទៅ ហើយ នៅក្នុងសម័យតេជោ ពួកគាត់មានសំណាងល្អគ្រប់បែបយ៉ាង ទង្វើ និងបំណងល្អបែបនេះ បងប្អូនសាសនិកឥស្លាមនៅសហគមន៏មិនអាចបំភ្លេចបានឡើយ៕ សំរិត