ភ្នំពេញ៖ ស្រ្តីម្នាក់បានរត់រកនគរបាលចោមចៅ ឲ្យជួយអន្តរាគមន៍ ដោយបានចោទប្រកាន់ប្ដីថា សប្បាយភ្លើត ភ្លើនទាក់ទងជាមួយស្រីខាងក្រៅ ហើយមកវាយធ្វើបាបរូបគាត់ញឹកញាប់ ចាប់តាំងពីនាងទើបតែសម្រាលកូនបានរយៈ ពេល១០ថ្ងៃ និងបានចោទថា មានប្រុសសហាយថែមទៀត ដែលរហូតមកទល់ពេលនេះ មានរយៈពេល ៣ខែហើយ ដោយទ្រាំលែងបាន គាត់ក៏បានប្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៍ កាលពីវេលា ម៉ោង១និង១៥នាទីរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
សមត្ថកិច្ចឲ្យដឹងថា បុរសជាប្ដីឈ្មោះ ហៀង គឹមផុង អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ និង ស្រ្តីជាប្រពន្ធមិនបានប្រាប់ឈ្មោះឡើយ ។
ស្រ្តីជាប្រពន្ធបានរៀបរាប់ប្រាប់នគរបាលថា នាងត្រូវបានប្ដីធ្វើបាបខ្លាំងណាស់ ដោយប្តីបានបើកហាងផឹកស៊ី នៅម្ដុំវត្តជន្លុងម្លូរ ហើយបានមានស្នេហាលួចលាក់ ជាមួយស្រីបម្រើនៅក្នុងហាងនោះថែមទៀតផង ហើយ នាងមិនបានទៅមើលហាងនោះឡើយ ព្រោះជាប់រវល់កូនតូចទៅណាមិនរួច ទើបមិនដឹងបានដឹង។ ប៉ុន្តែ មានថ្ងៃមួយនាងបានទៅលេងហាង ស្រាប់តែបានឃើញប្ដីកំពុងឱបគ្នា នៅក្នុងបន្ទប់មួយជាមួយស្រីបម្រើ ម្នាក់នោះ ហើយពេលនាងសួរនាំប្ដីបានប្រកែក និងប្រាប់ថា គ្រាន់តែប្រឡែងគ្នាលេងប៉ុណ្ណោះ។ ខណៈនោះ បុរសជាប្ដីបានយកទូរស័ព្ទពីដៃនាងលុបលេខដែលមាននៅក្នុងនោះចោល នៅសល់តែ៣លេខប៉ុណ្ណោះ ព្រោះមិនចង់ឲ្យនាងខលសួរអ្នកដទៃពីរឿងគាត់ឡើយ ។
ស្រ្តីខាងលើបានបន្តថា ក្រោយមកនាង ក៏បានត្រឡប់ទៅផ្ទះវិញ ហើយនាងបានយកលេខមួយ ក្នុងចំណោម ៣លេខដែលសល់ពីការលុបចោលនោះខលទៅ ហើយបានចូលលេខភ្ញៀវម្នាក់ ដែលឧស្សាហ៍ចូលទៅស៊ី ផឹកនៅក្នុងហាងនោះញឹកញាប់ ។ ពេលដែលនាងខលចូលទៅ ម្ចាស់ទូរស័ព្ទនោះមិនបានដឹងថា នាងជាប្រពន្ធ ដើមនោះឡើយ គាត់ក៏បានប្រាប់នាងថា ថៅកែហាងនោះធ្លាប់ទៅច្រៀងខារ៉ាអូរខេជាមួយប្រពន្ធគាត់ និងស្រឡាញ់ប្រពន្ធគាត់ខ្លាំងណាស់ ។
បន្ទាប់ពីបានដឹងរឿង នាងបានសួរប្ដី តែត្រូវប្ដីប្រកែកទៀត តែនាងក៏មិន មាត់កអ្វីដែរ ក្រោយមកដោយសារតែប្ដីមិនសូវគិតគូនាង នាងត្រូវការឆ្ពុង ក៏បានខលទៅអ្នកស្គាល់គ្នាឲ្យជួយ ទិញថ្នាំឆ្ពុង ឲ្យ ហើយក្រោយពេលបានថ្នាំឆ្ពុង នាងបានដោះសម្លៀកបំពាក់ឆ្ពុង ស្រាប់តែប្ដីទៅដល់ចោទ ប្រកាន់នាងថា កំពុងដេកចាំប្រុស និងបានទាត់ធាក់នាងឥតមេត្តា ។
ដោយសារតែមានអំពើហិង្សាបែបនេះ ទើបនាងរត់រកនគរបាលឲ្យជួយ ហើយនគរបាលបានហៅ អ្នកទាំងពីរទៅសាកសួរ និងអប់រំឈប់ឲ្យមាន អំពើហិង្សាតទៅទៀត៕ សុខាសែនជ័យ