ភ្នំពេញ៖ ពិធីការិនីស្រស់សោភា កញ្ញា ហ៊ិន ចាន់នីរ័ត្ន បានបណ្តោយឱកាសប្រមូលលុយ និងភាពល្បីល្បាញចោលព្រោះពីនាងបដិសេធមិនទទួលយកការសម្តែងភាពយន្តជាច្រើន។ ប៉ុន្តែតារាស្រីរូបនេះបញ្ជាក់ថា នាងអាចនឹងពិចារណាថតរឿងវិញប្រសិនបើតម្លៃខ្លួននៃការថតនោះឡើងដល់កម្រិតទ្វេដង ។
ហ៊ិន ចាន់នីរ័ត្ន បាត់មុខលើវិស័យភាពយន្តជាង២ឆ្នាំមកហើយ អវត្តមានពីវិស័យនេះ ត្រូវបាននាងបញ្ជាក់ថា មិនមែនមកពីខ្លួនឈប់ថត ឬផលិតកម្មឈប់ហៅឡើយ ពោលមកពីមិនមានពេលគ្រប់គ្រាន់ និងតម្លៃថត មិនត្រូវថ្លៃគ្នា។នាងថាកន្លងមកនេះមានផលិតករច្រើនបានទាក់ទង ចង់បាននាងទៅថតភាពយន្តឲ្យ ប៉ុន្តែខ្លួនមិនមានពេលគ្រប់គ្រាន់ ត្បិតអីរាល់ថ្ងៃត្រូវកាន់កម្មវិធីច្រើននៅស្ថានីយទូរទស្សន៍បាយ័ន។ តារាស្រីសម្រស់បានរូបនេះបញ្ជាក់ថា ក្នុងរយៈពេល១អាទិត្យនាងមានការងារនៅទូរទស្សន៍បាយ័នពី ៣ទៅ៤ថ្ងៃហើយ ពេលខ្លះចុះទៅខេត្តទៀត ។
នាងថាពេលខ្លះចង់ទទួលថតភាពយន្តដែរប៉ុន្តែមិនចង់ប៉ះពាល់ការងារស្នូលទើបដិសេធ។ហ៊ិនចាន់នីរ័ត្នក្តាប់បានកម្មវិធីកម្សាន្តចំនួន៤ក្នុងដៃគឺកម្មវិធី “ឆាចឆាចឆា “, “ពិភពរីករាយ”,”វិស្សមកាលតន្ត្រី”, និង”The Style”។ នាងថាមិនត្រឹមតែមិនមានពេលនោះឡើយ រឿងខ្លះដែលអាចលៃពេលទៅថតបានប៉ុន្តែនាងនឹងពិចារណាលែលករកពេលខ្លះប្រសិនបើតម្លៃខ្លួនត្រូវបានគុណទ្វេមួយជាពីរ ហើយនាងក៏ចង់មើលសាច់រឿងដែរថា តើការសម្តែងចេញទៅហើយនឹងអាចទទួលបានការគាំទ្រច្រើនឬយ៉ាងណានោះ។ នាង មិនបានបញ្ចេញតម្លៃខ្លួននាង ពីការថតភាពយន្តនោះទេព្រោះតែនាងលើកឡើងថា ជារឿងលាក់កំបាំងរបស់សិល្បករម្នាក់ៗមិនអាចបញ្ចេញបាន។
នាងនៅតែដាក់លក្ខខ័ណ្ឌលើតម្លៃខ្លួនដដែល មិនត្រឹមតែប៉ុណ្ណោះ ផលិតករដែលចង់បាននាងទៅសម្ដែង ក៏ត្រូវតែមានសាច់រឿងល្អ ធ្លាប់មានបទពិសោធន៍ដឹកនាំសម្ដែងផងដែរ ។ តារាស្រីរូបនេះក៏បដិសេធចំពោះដំណឹងនៃការមិនវិលរកការសម្តែងនេះគឺដោយសារមានការដាក់បម្រាមពីបុរសណាម្នាក់នៅទេគឺទាក់ទងនឹងពេលវេលាតែប៉ុណ្ណោះ ៕ វឌ្ឍនា