ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរាប់ម៉ីននាក់មកពីបណ្តាក្រុង ស្រុក ក្នុងខេត្តស្វាយរៀងចូលរួម ក្នុងពិធីសង្ក្រាន្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៧ បងប្អូនប្រជាពលរដ្ឋ រាប់ម៉ីននាក់ បាននាំគ្នាមកពីតាម បណ្តាលក្រុងស្រុក នៃខេត្តស្វាយរៀង មកចូលក្រុងស្វាយរៀង ដើម្បីចូលរួម ក្នុងពិធីសង្ក្រាន្តស្វាយរៀង ដែលរៀបចំឡើង ដោយរដ្ឋបាល ខេត្តស្វាយរៀង សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ដើម្បីអបអរសារទ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ ។

ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ នៅតាមដងផ្លូវមួយចំនួន នៅក្រុងស្វាយរៀង គឺមានការរៀបចំដាក់តាំងលម្អដោយក្អមរបស់ខ្មែរ និងធ្វើក្លោងទ្វារ អំពីឫស្សីចេញចូល ក្រៅពីនេះក៏មាន ការលេងល្បែងប្រជាប្រិយ និងរាំលេងកំសាន្ត ដោយសេរីផងដែរ ។

នេះជាលើកទី១ហើយ ដែលខេត្តស្វាយរៀង រៀបចំឲ្យមានសង្ក្រាន្តស្វាយរៀង អ្វីដែលចាប់អារម្មណ៍ គឺមានពលរដ្ឋ ទាំងប្រុសទាំងស្រី បាននាំមកលេង ល្បែងប្រជាប្រិយ ខ្លះទៀត រាំលេងកំសាន្ត ក្នុងនោះក៏មានការបាញ់ទឹក ដាក់ពីរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ដោយសារអាកាសធាតុ ក្តៅខ្លាំងផងដែរ គឺជួយបាញ់ ដើម្បីឲ្យត្រជាក់ បានលេងកំសាន្ត ទាល់តែចប់សង្ក្រានឆ្នាំថ្មី។

ដោយឡែកនៅពេលរាត្រីវិញ ក៏មានការដើរកម្សាន្ត និងមិនខុសពីពេលថ្ងៃនោះទេ ក្នុងនោះក៏មាន ការដាក់តាំងពិរព័ណ លក់មុខទំនិញផ្សេងៗ ជាច្រើនមុខផងដែរ។

សូមបញ្ជាក់ថា លោកស្រី ដួង វណ្ណា តំណាងរាស្រ្តខេត្តស្វាយរៀង និងលោកអភិបាលខេត្ត ក៏ដូចជាអភិបាលរងព្រមទាំងមន្ត្រីរាជការក្នុងពិធីសង្ក្រាន្តស្វាយរៀង ចាប់តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ក៏បានចូលរួមលេងយ៉ាងសប្បាយ រីករាយជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន


ចែករំលែក៖