ខេត្តស្វាយរៀង ៖ ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋ្ បាននាំគ្នាជិះម៉ូតូទៅធ្វើជាកម្មករ បេះផ្លែម្ទេស នៅប្រទេសវៀតណាម ដោយចេញតាមច្រករបៀងតាណេង ឆ្លងកាត់មុខសាលាក្រុងបាវិត ឬវៀតណាម ហៅថាច្រកកៃម៉េ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចឈរជើងការពារ នៅច្រករបៀងតាណេង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗ មានប្រជាពលរដ្ឋ ជាច្រើនរយនាក់ បានធ្វើដំណើរ ចេញតាមច្រកមួយនេះ ទៅធ្វើកម្មករបេះផ្លែម្ទេស ឲ្យថៅកែវៀតណាម ជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ដែលមានចម្ការម្ទេស រាប់រយរាប់ពាន់ហិកតា ។
ប្រភពខាងលើ បានបន្តទៀតថា នៅខែមេសា ឆ្នាំ២០១៧ ជារៀងរាល់ថ្ងៃ ម៉ោង៤ទៀបភ្លឺដល់៦ព្រឹក មានបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងស្រី មានប្រុស ក្មេង-ចាស់ ជិះម៉ូតូឌុបរាប់រយគ្រឿង ចេញទៅធ្វើការកម្មករ បេះម្ទេស ដោយមានកាន់ធុងស្ពេតត្រូ យកទៅជាមួយ ហើយល្ងាចម៉ោង៥ ទៅម៉ោង៦ទើបត្រឡប់មកវិញ ។
ប្រជាពលរដ្ឋម្នាក់ ជាអ្នកទៅបេះម្ទេស នៅវៀតណាម បានឲ្យដឹងថា ពួកគាត់ទំនេរ ពីការងារធ្វើស្រែចម្ការ និងអ្នកខ្លះទៀត ទំនេរពីការងាររោងចក្រ បាននាំគ្នា ទៅធ្វើកម្មករបេះម្ទេស ឲ្យវៀតណាម ។
ពលរដ្ឋខាងលើ បានបន្ថែមថា ពួកគាត់ទៅបេះផ្លែម្ទេស ឲ្យថៅកែវៀតណាមនោះ គឺអាចរកកំរៃបានគួរសមដែរ ដោយម្ចាស់ចម្ការ ឬថៅកែផ្តល់ការងារ បេះផ្លែម្ទេសក្នុងចម្ការ គឺគិតឲ្យ ១គីឡូ៥០០០ដុង ស្មើនិង៨០០រៀល ហើយក្នុងមួយថ្ងៃ ពួកគាត់អាចបេះផ្លែម្ទេស បានចាប់ពី ៥០ ទៅ៧០គីឡូ និងមានក្រុមគ្រួសារ ច្រើនចាប់ ៣ទៅ៤នាក់ ពួកគាត់អាចរកប្រាក់ បានក្នុងមួយថ្ងៃចំនួន ២០ម៉ឺនរៀល ។ ដូច្នេះហើយទើបពួកគាត់ នាំគ្នាជិះម៉ូតូពីឆ្ងាយ មកធ្វើកម្មករបេះផ្លែម្ទេស ឲ្យថៅកែវៀតណាម ។ គាត់បានបន្តថា “ការងារបេះផ្លែម្ទេស វាមិនយូអង្វែងនោះទេ គឺមានរយៈពេលតែកន្លះខែ ទៅមួយខែ គឺអស់ហើយ បើនៅផ្ទះមិនដឹងរកអ្វីនោះទេ ហើយការមកបេះម្ទេស ឲ្យជនជាតិវៀតណាមនេះ មានបងប្អូនប្រជាពលរដ្ឋ មកពីបណ្តាលស្រុកនានា នៅក្នុងខេត្តស្វាយរៀង មានទៅពីស្រុករមាសហែក ស្រុកស្វាយទាប ស្រុករំដួល ស្រុកចន្ទ្រា និងក្រុងបាវិតផង ៕ យឹម សុថាន