ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសធ្វើសង្គ្រាមទ្រង់ទ្រាយធំ បើអាមេរិកមានសកម្មភាពយោធាប្រឆាំងទីក្រុងព្យុងយ៉ាង

ចែករំលែក៖

កូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា នឹងសាកល្បងកាំជ្រួចមីស៊ីលជារៀងរាល់សប្តាហ៍ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះ បានប្រកាសថា នឹង ធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ប្រសិនបើអាមេរិក មានសកម្មភាពយោធាប្រឆាំងទីក្រុងព្យុងយ៉ាង ។

សារព័ត៌មាន Straits Times បានផ្សាយថា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន BBC ប្រចាំនៅទីក្រុងព្យុងយ៉ាង ជាមួយ រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោក Han Song Ryolបានប្រកាសថា កូរ៉េខាងជើង នឹងបន្តសាកល្បងកាំជ្រួចមីស៊ីលរបស់ខ្លួនជារៀងរាល់សប្តាហ៍ ។ ទន្ទឹមនឹងនោះ ក៏បានព្រមាន ពីសង្គ្រាមទ្រង់ទ្រាយធំ អាចផ្ទុះឡើង ប្រសិនបើ អាមេរិក មានសកម្មភាពយោធាណាមួយប្រឆាំងទីក្រុងព្យុងយ៉ាងផងដែរ ។

លោក Han Song Ryolបានបញ្ជាក់ថា យើងនឹងសាកល្បងមីស៊ីលជាច្រើនទៀត រាល់សប្តាហ៍ រាល់ខែ និងរាល់ឆ្នាំ ។ រាល់ពេលដែលអាមេរិកមានសកម្មភាពយោធាណាមួយប្រឆាំងកូរ៉េខាងជើង នោះ អាចជាការចាប់ផ្តើមនៃសង្គ្រាមទ្រង់ទ្រាយធំ។

ការគំរាមរបស់កូរ៉េខាងជើង ធ្វើឡើងក្រោយពេលដែលអនុប្រធានាធិបតី អាមេរិកលោក Mike Pence ធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង ហើយព្រមានដល់ទីក្រុងព្យុងយ៉ាងថា ដំណាក់កាលនៃការអត់ធ្មត់ចំពោះកូរ៉េខាងជើង គឺអស់ហើយ ។

នៅថ្ងៃទី១៦ ខែមេសា កូរ៉េខាងជើងបានបាញ់មីស៊ីលជាបន្តទៀតធ្វើឲ្យសហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយយល់ឃើញថា កូរ៉េខាងជើង អាចសាកល្បងបរមាណូលើកទី៦ជាបន្តទៀត ។ មន្ត្រីកូរ៉េខាងជើងធ្លាប់បានលើកឡើងថា មានតែអាវុធបរមាណូបុណ្ណោះ ទើបអាចការពារ ការវាយប្រហារដោយយោធាពីអាមេរិក បាន ។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence នៅព្រឹកថ្ងៃទី១៧ ខែមេសា បានព្រមានប្រាប់កូរ៉េខាងជើងថា កុំចង់សាកឲ្យសោះនឹងការប្តេជ្ញាចិត្តរបស់ លោកប្រធានាធិបតី Trump ។ ថ្វីដ្បិតតែព្យុងយ៉ាងមានកម្មវិធីមីស៊ីលអន្តរទ្វីប និងនុយក្លេអ៊ែរក៏ដោយក្តី ។ ជាសេចក្តីថ្លែងមួយនៅពេលដែលលោក Pence បានអញ្ជើញទៅដល់ក្បែរតំបន់ព្រំដែនរវាងកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ។

នៅ ឱកាសសន្និសីទសាព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានព្រមានប្រាប់កូរ៉េខាងជើងថា កុំចង់សាកអោយសោះនឹងការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី ដូណាល់ Trump ពីព្រោះនយោបាយអាមេរិកសព្វថ្ងៃវាខ្លាំងជាងមុន។ អនុប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ទៀតថា កាលពី អំឡុង ២សប្តាហ៍កន្លងទៅនេះ ពិភពលោក ក៏បានឃើញផ្ទាល់នឹងភ្នែកស្រាប់នូវឥទ្ធិពល និងការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកថ្មីជាអាទិ៍នៅក្នុងប្រតិបត្តិការណ៍នានាដែលបានធ្វើឡើងនៅស៊ីរី និងអាហ្វហ្កានីស្ថាន ។

សេចក្តីថ្លែងរបស់លោក Pence គឺចង់សំដៅទៅលើការវាយប្រហារដ៏ខ្លាំងក្លារបស់អាមេរិកប្រឆាំង នឹងមូលដ្ឋានអាកាសចរណ៍នានារបស់របបស៊ីរី និងការទម្លាក់ មេគ្រាប់បែកប្រឆាំងនឹងពួកជីហាតអ៊ីស្លាមនៅអាហ្វហ្កានីស្ថាន។

គួររំលឹកថា លោក Donald Trump ធ្លាប់បានសន្យាថា លោកនឹងដោះស្រាយបញ្ហា កូរ៉េខាងជើង ហើយលោកក៏ធ្លាប់បានជូនដំណឹងអំពីការបញ្ជូននាវាផ្ទុកយន្តហោះ Carl Vison ដែលអមដំណើរដោយនាវាបាញ់មីស៊ីល៣គ្រឿង ហើយបន្ទាប់មកទៀត លោកក៏បានរំលឹកដែរពីនាវា Armada មួយគ្រឿង ដែលមានទាំងនាវាមុជ ទឹកផង។

ជាបន្ទាន់ភ្លាមនោះថ្នាក់ដឹកនាំជាន់ខ្ពស់លេខពីររបស់កូរ៉េខាងជើងវិញ បានប្រតិកម្មតបតអាមេរិកវិញ ដោយបានអះអាងថា កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដែរ ដើម្បីវាយប្រហារតបតនឹងសង្គ្រាមគ្រប់ប្រភេទ ។

សូមបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក បានអញ្ជើញទៅដល់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ និង អញ្ជើញទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ ។ នៅទីនោះហើយ ដែល លោក Pence បានថ្លែងបញ្ជាក់ថា អាមេរិកលែងមាននយោបាយអំណត់អត់ធ្មត់ទៀតហើយនៅចំពោះមុខរបប ព្យុងយ៉ាង ហើយអាមេរិកក៏នឹងប្រឆាំងឲ្យអស់រាល់ការវាយប្រហារនានា និងតបត វិញ ប្រកបដោយប្រសិទ្ធភាពរាល់ការប្រើប្រាស់អាវុធធម្មតា ឬក៏ អាវុធនុយក្លេអ៊ែរ។ លើសពីនោះលោក Mike Pence ថែមទាំងបានអំពាវនាវសហគមន៍អន្តរជាតិ ឲ្យបង្កើនការគាបសង្កត់ទៅ លើកូរ៉េខាងជើងឲ្យកាន់តែខ្លាំងថែមទៀត ។

នៅប្រទេសជប៉ុនវិញ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអំពាវដែរ សុំឲ្យកូរ៉េខាងជើងអត់ធ្មត់ និងចៀសវៀងការករឿងបង្កហេតុនានាថ្មីៗទៀត ដោយគោរពទៅតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ព្រមទាំងបោះបង់ចោលដែរនូវកម្មវិធីមីស៊ីលនុយក្លេអ៊ែរកូរ៉េខាងជើង បន្ទាប់ពីរបបព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលមិនបានជោគជ័យមកនោះ ៕ ម៉ែវ សាធី


ចែករំលែក៖