ភ្នំពេញ៖ កីឡាករចំបាប់ទម្ងន់ធ្ងន់របស់កម្ពុជាម្នាក់គ្រោងចេញដំណើរទៅចូលរួមប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក អាស៊ីនៅទីក្រុងញូវដេលីប្រទេសឥណ្ឌា នាដើមខែក្រោយ ។ នេះបើតាមការបញ្ជាក់ របស់លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាប្រាប់ឲ្យដឹងកាលពីពេលថ្មីៗកន្លងមកនេះ។ សហព័ន្ធកីឡាចំបាប់កម្ពុជាទទួលបានការអនុញ្ញាតពី ក្រសួងអប់រំយុវជននិងកីឡារួចហើយក្នុងការបញ្ជូនកីឡាករចំបាប់ទម្ងន់ធ្ងន់ឈ្មោះហេង វុទ្ធី ទៅចូលរួមប្រកួតជើងឯកចំបាប់ អាស៊ីនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាថៃ្ងទី១១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
លោកអគ្គលេខាធិការបានឲ្យដឹងថា ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ី ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនេះ គឺប្រកួតក្នុងរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី១០ដល់ថៃ្ងទី១៤ខែឧសភាឆ្នាំ២០១៧ មានប្រទេស ក្នុងតំបន់អាស៊ីប្រមាណ៣០ប្រទេសក្នុងនោះប្រទេសកម្ពុជាក៏បានត្រៀមបញ្ជូន កីឡាករម្នាក់ឈ្មោះ ហេង វុទ្ធី ប្រកួតវិញ្ញាសា ចំបាប់សេរីទម្ងន់៨៦គីឡូក្រាម។ លោក បានបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់បញ្ជូនកីឡាករទម្ងន់ធ្ងន់ ហេង វុទ្ធី ទៅចូលរួម ប្រកួតចំបាប់ជ្រើសរើសជើងឯកអាស៊ី លើកនេះ ព្រោះហេង វុទ្ធីនៅក្មេង ហើយ ជាកីឡាករប្រភេទទម្ងន់ធ្ងន់ និងម្យ៉ាងសហព័ន្ធកីឡាចំបាប់ចង់អភិវឌ្ឍសមត្ថភាព កីឡាកររូបនេះឲ្យកាន់តែខ្លាំងថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម និងការ ប្រកួតនានានៅក្នុងតំបន់ ។
លោកអគ្គលេខាធិការបញ្ជាក់ទៀតថា រឿងកីឡាករហេង វុទ្ធី នាំយកមេដាយមក កម្ពុជាវិញ គឺសង្ឈឹមតិចណាស់ ដ្បិតនៅក្នុង ការប្រកួតកម្រិតអាស៊ីនេះមានកីឡាករ ជប៉ុន កូរ៉េ និងប្រទេសមួយចំនួនទៀតនៅអាស៊ីសុទ្ធតែខ្លាំង តែបើមិនផ្តល់ឱកាសឲ្យគេចូលរួមទេនោះគឺមិនអាចអភិវឌ្ឍសមត្ថភាពគេបានឡើយ ។
កីឡាករ ហេងវុទ្ធី និង គ្រូបង្វឹកជនជាតិ កូរ៉េ រួមនឹង លោក ធិន វិចិត្រ អគ្គលេខាធិការ និងលោក ខេ ស៊ីបានេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក៍ទៅចូលរួមក្នុង សន្និបាតសហព័ន្ធកីឡាចំបាប់អាស៊ីដែរហើយការចេញចំណើរទៅចូលរួមកិច្ចប្រជុំនេះគឺនៅចន្លោះពីថ្ងៃទី៧ ដល់ថៃ្ងទី១០ ខែឧសភាឆ្នាំ២០១៧ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ កីឡាករ ទម្ងន់ធ្ងន់ ហេង វុទ្ធី បាននិយាយថា សម្រាប់ការប្រកួតនៅឥណ្ឌានេះខ្លួនបានត្រៀមរួចរាល់ហើយ គឺហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ព្រោះ រំពឹងថាអាចទទួលបានលទ្ធផលល្អប្រសើរត្រឡប់មកជូនប្រទេសជាតិវិញ។ កីឡាករ រូបនេះបានបញ្ជាក់ថា ការប្រកួតធំបែបនេះខ្លួនមិនធ្លាប់បានចូលរួមពីមុនមកនោះទេ ប៉ុន្តែ ទោះជាយ៉ាងណាកីឡាករទម្ងន់ធ្ងន់នេះរំពឹង៥០%អាចដណ្តើមបានមេដាយពីការប្រកួតនោះ ។
គួររំលឹកថា កីឡាករហេង វុទ្ធី ធ្លាប់ ដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿងពីការប្រកួតកីឡាចំបាប់ជើងឯកយុវជន អាស៊ាននៅប្រទេសថៃ កាលពីខែមេសាឆ្នាំ២០១៧កន្លងទៅថ្មីនេះ ៕ សារីម